រដ្ឋសភា ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ០២ រូប ដែល​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

(ភ្នំពេញ)៖ ​ដូច​ការគ្រោងទុក រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨ បាន​ប្រជុំ បោះឆ្នោត​តែងតាំង​សមាជិក​ព្រឹទ្ធសភា ០២ រូប ដែល​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះ​គឺ​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក សួន មាន​។​

​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានសម្រេច​ជ្រើស​រើសយក​បេក្ខជន​ចំនួន ០២ រូប គឺ​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក សួន មាន ក្នុងចំណោម​បេក្ខជន​ចំនួន ១២ រូប ដែល​បានដាក់​ពាក្យ​ឈរឈ្មោះ ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

​សូម​រម្លឹកថា ព្រឹទ្ធសភា នីតិកាល​ទី​៤ មាន​សមាជិក​សរុប​ចំនួន ៦២ រូប​។ ក្នុងនោះ សមាជិក​ព្រឹទ្ធសភា ៥៨ រូប ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​រួចហើយ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​សមាជិក​ព្រឹទ្ធសភា​ទាំង ៥៨ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ រីឯ ០២ រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ គឺ​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុំ សូ​ម៉ា​នី​ន​។​

​ដោយឡែក សមាជិក​ព្រឹទ្ធសភា ០២​រូប ចុងក្រោយ​នេះ ត្រូវបាន​រដ្ឋសភា ប្រជុំ​បោះឆ្នោត សម្រេច នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨​។ នោះ​គឺ​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក សួន មាន។

ព្រឹទ្ធសភាថ្មី បានកំណត់ថ្ងៃប្រជុំលើកដំបូង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់​​របស់​ព្រះករុណា ព្រះមហាក្សត្រ។ នៅពេលរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ សមាជិកព្រឹទ្ធសភាទាំង ៦២ រូប នឹងចូលរួម​ពិធី​ស្បថ​សច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំង មុខព្រះភ័ក្តិព្រះករុណា ព្រះមហាក្សត្រ​​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង