​ជនសង្ស័យ​​៦នាក់ត្រូវបាន​ប៉ូលិសអាល្លឺម៉ង់​ចាប់ខ្លួនទាក់ទិននឹងផែនការវាយប្រហារនៅក្រុងបែរឡាំង

(អាល្លឺម៉ង់)៖ ប៉ូលិសអាល្លឺម៉ង់បាននិយាយថា ពួកគេបានឃាត់ខ្លួនមនុស្សជាច្រើននាក់នៅក្នុងទីក្រុងបែរឡាំងដោយសង្ស័យថាបានរៀបចំផែនការវាយប្រហារទៅលើការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងកាលពីថ្ងៃអាទិត្យ។

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលមានអាយុចន្លោះពី១៨ទៅ២១ឆ្នាំ បន្ទាប់ពីធ្វើការស្រាវជ្រាវនៅក្នុងស្រុកចំនួន២ក្នុងទីក្រុងបែរឡាំង។

​ជាមួយគ្នានោះ កាសែតមួយរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថា បុរសសង្ស័យម្នាក់ក្នុងជនសង្ស័យទាំងអស់នោះបានរៀបចំគម្រោងការវាយប្រហារដោយកាំបិតទៅលើអ្នកចូលរួមទស្សនា និងអត្តពលិកនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងកាលពីថ្ងៃអាទិត្យ។

កាសែតនោះបានបន្តទៀតថា ជនសង្ស័យដ៏សំខាន់នោះមានឈ្មោះថា ​Anis Amri ជាជនជាតិទុយនីស៊ីនិងមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអ៊ិស្លាមដែលបានសម្លាប់មនុស្សចំនួន១២នាក់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុងបែរឡាំងកាលពីខែធ្នូ ឆ្នាំ២០១៦ ដែលនៅពេលនោះបានជំរុញឲ្យសមាជិកសភាអាល្លឺម៉ង់អំពាវនាវឲ្យមានវិធានការរឹតបន្តឹងសន្តិសុខខ្លាំងជាងមុន​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង