រដ្ឋសភា បើក​សម័យប្រជុំ​លើកចុងក្រោយ មុននឹង​ផុត​អាណ​តិ្ត​

(​ភ្នំពេញ​)៖ រដ្ឋសភា បាន​បើក​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨ នេះ បន្ទាប់ពី​វ៉ា​កង ឈប់​ស​ម្រា​អស់​រយៈពេល ៣​ខែ​។ ជាធម្មតា រដ្ឋសភា បើក​កិច្ចប្រជុំ ៣ ខែ ហើយ​សម្រាក​រយៈពេល ៣​ខែ​។​

​កិច្ចប្រជុំ​រដ្ឋសភា លើក​ទី​១០ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨ មាន​របៀបវារៈ ៤ រួមមាន​៖
១-​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១០ នីតិកាល​ទី​៥
២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល​ទី​៥
៣-​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ចំនួន ២ រូប​
៤-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​

​សូម​រម្លឹកថា រដ្ឋសភា នីតិកាល​ទី​៥ បាន​កើតឡើង​តាមរយៈ​ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៣​។ លទ្ធផល​បោះឆ្នោត ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦៨ អាសនៈ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៥ អាសនៈ​។

​ក៏ប៉ុន្តែ​បន្ទាប់ពី​គ​.​ជ​.​ប ប្រកាស​លទ្ធផល ហើយ​រដ្ឋសភា នីតិកាល​ទី​៥ បានចាប់ផ្តើម​ដំណើរការ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​កាលណោះ មានតែ​អ្នកតំណាងរាស្ត្រ ៦៨ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​បាតុកម្ម តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត និង​មិន​ព្រម​ចូល​រដ្ឋសភា​ឡើយ​។​

​រហូតដល់​មានការ​ចរចា ឈានដល់​កិច្ចព្រមព្រៀង​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ទើប​អ្នកតំណាងរាស្ត្រ ៥៥ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា យល់ព្រម​ចូលប្រជុំ​រដ្ឋសភា​។ គណបក្ស​សង្គ្រោះ​ជាតិ កាលណោះ ទាមទារ​បាន​សមាជិក​គ​.​ជ​.​ប ៤ រូប ព្រមទាំង​តំណែង​នៅ​រដ្ឋសភា ដោយមាន​អនុប្រធាន​ទី​១ ប្រធាន​គណៈកម្មការ​រ​ដ្ឋ​សភា ៥ និង​អនុប្រធាន​គណៈកម្មការ ៥ នៅ​រដ្ឋសភា​។ រីឯ​នៅ​ព្រឹទ្ធសភា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ទាមទារ​តំណែង​មួយចំនួន​នៅ​គណៈកម្មការ​ជំនាញ​រប​ស់​ព្រឹទ្ធសភា នីតិកាល​ទី​៣ កន្លងមក​ផងដែរ​។​

​ក្រោយពី​មាន​ការមិនចុះសម្រុង​នឹង​គ្នា​ខាង​នយោបាយ ដោយសារតែ​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ចាប់ដៃ​ជាមួយ​សម្តេច​ហ៊ុនសែន និង​គណបក្ស​ប្រជាជន​កម្ពុជា តែ​បែរជា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លេង​ជាន់​ជើង​រហូត ដោយ​បរិហារ បង្ខូច ខុស​ការពិត​លើ​រាជរដ្ឋាភិបាល ពិសេស​សម្តេច​តេ​ជោ​ហ៊ុនសែន ជា​ញឹកញាប់ ទាំង​ក្នុង និង​ទាំង​ក្រៅប្រទេស ទើប​តំណាង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ពិសេស​លោក​កឹម​សុខា ជា​អនុប្រធាន​ទី​១ រដ្ឋសភា ត្រូវ​របូត​ទៅវិញ នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៥​។​

​ចុងបញ្ចប់ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។ ការសម្រេច​នេះ ក្រោយពី​លោក​កឹម​សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពីបទ​ក្បត់ជាតិ ដោយសារតែ​លោក បាន​សារភាពថា លោក​បាន​ឃុបឃិត​ជាមួយ​អាមេរិក ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​ស៊ែ​ប​ប៊ី និង​យូ​ហ្គោ​ស្លា​វី ជាដើម​។​

​ក្រោយមក រដ្ឋសភា នីតិកាល​ទី​៥ នៅ​ចុង​អាណត្តិ​នេះ បាន​កើន​ចំនួន​គណបក្ស ដោយសារតែ​អ្នកតំណាងរាស្ត្រ ៥៥ រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​បាត់បង់​អាសនៈ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល រំលាយចោល​។​

​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៧ រដ្ឋសភា នីតិកាល​ទី​៥ មាន ៤ គណបក្ស រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា កើន​ដល់ ៧៩ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤១ អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ២ អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ចំនួន ១ អាសនៈ​។​

​រដ្ឋសភា នីតិកាល​ទី​៥ នឹង​ផុត​អាណត្តិ នៅពេល​រដ្ឋសភា​ថ្មី ចូលកាន់​តំណែង​។ ពោលគឺ​រដ្ឋសភា​ថ្មី នឹងត្រូវ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ក្រោយ​គ​.​ជ​.​ប ប្រកាស​លទ្ធផល រដ្ឋសភា​ថ្មី នឹង​បើក​កិច្ចប្រជុំ​ដោយមាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ថ្មី នា​អំឡុង​ចុងខែ​កញ្ញា ឆ្នាំ​២០១៨៕ (SN-​ពិសិដ្ឋ​)​

 

អត្ថបទដែលជាប់ទាក់ទង