ព្រះមហាក្សត្រ វាយតម្លៃ​ជា​វិជ្ជមាន​ពី​រាជរដ្ឋាភិបាល ប្រាប់​អង្គប្រជុំ​ពេញអង្គ​រដ្ឋសភា​

(​ភ្នំពេញ​)៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ ជូន​អង្គប្រជុំ​ពេញអង្គ​រដ្ឋសភា ខណៈដែល​រដ្ឋសភា​បើក​បវេសនកាល សម័យប្រជុំ​រដ្ឋសភា លើក​ទី​១០ នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៩ ខែមេសា ឆ្នាំ​២០១៨​។ ក្នុង​រាជសារ ព្រះករុណា ព្រះមហាក្សត្រ បាន​វាយតម្លៃ​ជា​វិជ្ជមាន​ពី​រាជរដ្ឋាភិបាល ប្រាប់​អង្គប្រជុំ​ពេញអង្គ​រដ្ឋសភា​។​

​ព្រះករុណា ព្រះមហាក្សត្រ បានលើកឡើង​ក្នុង​ព្រះរាជសារ​ថា រដ្ឋសភា ក្នុងនាម​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត បាន​បំពេញ​តួនាទី​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​បាន​អនុវត្ត​តួនាទី​របស់ខ្លួន​ក្នុង​មុខងារ​នីតិកម្ម ធ្វើជា​អ្នកតំណាង និង​តាមដាន​ការអនុវត្តច្បាប់​សម្រេច​ការ​ងារ​បាន​យ៉ាង​ល្អប្រសើរ​។​

​ព្រះអង្គ បន្តថា ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថាប័នរដ្ឋ​កំពូលៗ មាន​ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ​រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ​នានា និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល រដ្ឋសភា​បាន​បំពេញការងារ​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុ​ងការ​តាក់តែង និង​អនុម័ត​ច្បាប់​ឲ្យ​សមស្រប​ទៅនឹង​ស្ថានភាព​របស់​សង្គមជាតិ​យើង​។​

​ព្រះករុណា ព្រះមហាក្សត្រ បន្ថែមថា “​ខ្ញុំព្រះករុណា មាន​សង្ឃឹមថា រដ្ឋសភាជាតិ​ដ៏​ឧ​ត្តុ​ង្គឧ​ត្ត​ម ដែលជា​តំណាង​ប្រជាពលរដ្ឋ នឹង​បន្ត​ខិតខំ​ប្រឹងប្រែង សហការ​ជាមួយ​ស្ថាប័ន​ជាតិ​កំពូលៗ​នានា​ថែមទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទិសដៅ​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ជំហានៗ ធានាបាន​នូវ​សង្គម​កម្ពុ​ជាមួយ ដែល​រឹងមាំ មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម មានការ​អភិវឌ្ឍប្រកបដោយ​ចីរភាព និង​សមធម៌​”​។​

​ជាមួយក្នានេះ ព្រះមហាក្សត្រ បន្ថែមថា “​នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ខ្ញុំ​ករុណា ខ្ញុំ​សង្កេតឃើញថា ប្រទេស​កម្ពុជា បានទទួល​ជោគជ័យ ក្នុងការ​សម្រេចបាន​កំណើន​ផលិតផល​ក្នុងស្រុក តាមរយៈ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​រៀលរាល់​ឆ្នាំ​”​។​

​ព្រះមហាក្សត្រ បន្តថា “​រាជ​ដ្ឋា​ភិ​បាល បាន​បន្ត​ជំរុញ​ការអនុវត្ត​ផែនកា​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល សំដៅ​លើកស្ទួយ​អនាម័យ សុខភាព សុខុមាលភាព​របស់​ប្រជាជន​បាន​កាន់តែ​ល្អប្រសើរ ជាពិសេស​ប្រជាជន​ក្រីក្រ ស្ត្រី និង កុមារ​។ លើសពីនេះ ក៏បាន​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ការ​គាំពារ​សង្គម សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ កា​ការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​គោលនយោបាយ​ជាតិ សម្រាប់​មនុស្ស​ចាស់​”​។​

​ព្រះករុណា ព្រះមហាក្សត្រ បន្ថែមទៀតថា “​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ ក៏បាន​ប្រឹងប្រែង​អភិវឌ្ឍ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន​គ្រប់​ប្រភេទ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ឲ្យ​ក្លាយទៅជា​ប្រព័ន្ធ​ភ័ស្តុភា​កម្ម​មួយ​ដ៏​រស់​រវើក​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​លើកស្ទួយ​ជីវភាព សុខុមាលភាព​របស់​ប្រជាជន​”​។​

​ព្រះករុណា បាន​គូសបញ្ជាក់ថា “​ខ្ញុំព្រះករុណា ខ្ញុំ​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល ដែល​តែងតែបាន​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​រួបរួម ពួតដៃគ្នា រវាង​ប្រជាជាតិ​កម្ពុជា​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេស លើ​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការ​នយោបាយ ដើម្បី​កសាង និង​ការពារជាតិ សមិទ្ធផល​សង្គម និង​ការធានា​ឲ្យ​មាន​ឯកភាព​ជាតិ​បូរ​ណភាព​ទឹក​ដី អ​ធិប​តេ​យ្យ​ភាព​ជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​”​។​

​ព្រះមហាក្សត្រ ក៏បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម​អនុប្រធាន​នៃ​រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន​គណៈកម្មការ​ទាំ​ង​១០ និង​សមាជិក សមាជិកា នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការបម្រើ​សង្គមជាតិ​យើង។​

​ព្រះអង្គ​ក៏បាន​កោត​ស​សើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​បាន​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស ប្រកបដោយ​បញ្ញាញាណ​។​

​នៅ​ទីបញ្ចប់​នេះ ព្រះករុណា ព្រះមហាក្សត្រ សូម​ប្រសិទ្ធពរ​បវរ​សួស្តី​ជ័យ​មង្គល​មហាប្រសើរ ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នេះ សូម​មាន​សក្តានុពល​ខ្លាំងក្លា បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន បាន​ប្រកបដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​ឆ្លៀត​ក្នុងឱកាស​ចូលឆ្នាំថ្មី នាពេល​ខាងមុខនេះ ខ្ញុំ​សូម​ជូនពរ​បវ​រមហាប្រសើរ សូម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អនុប្រធាន និង​សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ​រដ្ឋសភា ព្រមទាំង​ប្អូន​ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង