អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ៖ «សូមកុំទុកពួកខ្ញុំថាជាអ្នកអង្គុយចាំចាប់កំហុស ត្រូវទុកពួកខ្ញុំជាអ្នកកែលំអរ»

(ភ្នំពេញ)៖ «សូមកុំទុកពួកខ្ញុំថាជាអ្នកអង្គុយចាំតែចាប់កំហុស ត្រូវទុកពួកខ្ញុំជាអ្នកកែលំអរ» នេះជាការលើកឡើងរបស់លោក លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ថ្លែងក្នុងជំនួប អ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ក្នុងកម្មវិធី «ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម! – Financial Roadmap For Biz Owner!» ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ស្វែងរកសក្តានុពលសម្រាប់ម្ចាស់ក្រុមហ៊ុនចាប់ផ្តើមពង្រីកអាជីវកម្មខ្លួនប្រកបដោយជោគជ័យដល់ចំណុចកំពូល។

អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជារូបនេះបានបន្តថា លោកចង់ឲ្យក្រុមហ៊ុនទាំងអស់ទាំងខ្នាតតូច និងខ្នាតធំ ដើម្បីភាពស្របច្បាប់របស់ខ្លួនក្នុងមុខជំនួញនៅកម្ពុជា ត្រូវចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា។ «ផ្សារមូលបត្រ គឺជាចក្រមួយដែលបង្ហាញក្រុមហ៊ុនអ្នកទាំងអស់គ្នាចូលទីផ្សារមូលបត្រ ហើយពេលដែរសមហរនកម្មអាស៊ានបើកទូលាយ បរទេសគេនឹងមករកស៊ីនៅកម្ពុជា ហើយគេចង់ចាប់ដៃគូជាមួយ គេនឹងសួរថា តើក្រុមហ៊ុនយើងបានចុះបញ្ជីក្នុងទីផ្សារមូលបត្រឬនៅ?»។

«នៅគ្រប់ប្រទេសទាំងអស់ការចុះបញ្ជីរត្រូវតម្រង់ជួរគ្នា ខុសពីប្រទេសយើងដែលហៅចូល មិនចង់ចូល….នេះជាចំណុចដែលត្រូវពិនិត្យ។ បើរៀបចំអភិបាលកិច្ចសារជីវកម្មល្អ យើងអាចប្រែក្លាយខ្លួនពីក្រុម៊ុនគ្រួសារ ទៅជាសារជីវកម្មបាន»។

ជាមួយគ្នានេះលោកបញ្ជាក់ថា «គ្មានក្រុមហ៊ុនរកទទួលទានណាដែលមិនត្រូវការដើមទុកបន្ថែមទេ។… បើអ្នកទាំងអស់គ្នាចូលក្នុងផ្សារមូលបត្រកម្ពុជា នោះផ្សារនឹងនាំអ្នកទាំងអស់គ្នាឲ្យទៅមុខ នឹងក៏អាចក្លាយខ្លួនពីអ្នករក ទៅជាអ្នកឲ្យគេរកវិញ ហើយខ្លួនឯងជាអ្នកអង្គុយយកវិញម្តង តែត្រូវចំណាយពេល ហើយក៏ត្រូវចាប់ផ្តើមពីឥឡូវដែរ»។

លោក ស៊ូ សុជាតិ បន្តថា ទិសដៅរបស់អាជ្ញាធរមិនចង់បានអ្វីទេ ក្រៅពីកិច្ចការពារវិនិយោគគិន កិច្ចការពារអ្នកកានស៊ែរ។ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជារូបនេះក៏បានស្នើឲ្យអ្នកវិនិយោគគិនទាំងអស់ កុំខ្លាចរអានឹងគណៈកម្មការមូលបត្រកម្ពុជា ថ្វីត្បិតតែគណៈកម្មការនេះអនុវត្តច្បាប់ តែមិនមែនចេះតែចាប់នោះទេ។ គ្មានអាជ្ញាធរណាមួយនៃប្រទេសណាមួយ ចង់ឃើញក្រុមហ៊ុនរកស៊ីខាតនោះទេ បើក្រុមហ៊ុនរកស៊ីចំណេញ នោះនឹងបង់ពន្ធចូលរដ្ឋច្រើន ហើយពេលនោះរដ្ឋនឹងមាន រដ្ឋមានក៏ដោយសារក្រុមហ៊ុនរកស៊ីមានដែរ។

អគ្គនាយកក្រុមហ៊ុន SUCCESS CO លោក ស៊ីម តារា បានបញ្ជាក់ថា ក្រុមហ៊ុន SUCCESSCO នឹងចូលរួមចំណែកជួយបំផុសគំនិត និងបង្វឹកដល់សហគ្រិនកម្ពុជាឲ្យយល់ដឹងកាន់តែទូលំទូលាយអំពីទីផ្សារមូលបត្រកម្ពុជា, ការរៀបចំក្រុមហ៊ុនឲ្យមានស្តង់ដារ ដែលអាចចុះបញ្ជីនៅថ្ងៃមុខបាន ក៏ដូចជាការៀបចំផែនទីហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តគៀរគរដើមទុនពីសាធារណៈដើម្បីចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅមួយកម្រិតទៀត។

លោក ស៊ីម តារា បានបញ្ជាក់ដូច្នេះថា «ឥឡូវនេះ! ផ្សារមូលបត្រកម្ពុជាកំពុងតែមានសកម្មភាពអ៊ូអរ និងមានការចាប់អារម្មណ៍កើនឡើង ខ្ញុំជឿជាក់យ៉ាងមុតមាំថា ២-៣ ឆ្នាំទៀត នឹងមានក្រុមហ៊ុនតូច ធំតម្រង់ជួរទៅចុះបញ្ជីនៅ CSX ជាក់ជាមិនខាន។ អ្វីៗចាប់ផ្តើមពីជំនឿ… តើលោកអ្នកត្រៀមខ្លួនហើយឬនៅ?»។

ចំណែកអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ ក៏បានលើកឡើងដូច្នេះថា «យើងបានបង្កើតទីផ្សារ ដើម្បីទទួលរង់ចាំពួកគាត់ សម្រាប់ក្រុមហ៊ុន ប្រភេទសហគ្រាសខ្នាតតូច និងមធ្យម និងលក្ខខណ្ឌតម្រូវ ដើម្បីចូលក្នុងទីផ្សារនេះ(មូលបត្រកម្ពុជា) នឹងមានភាពធូស្រាល និងសមស្រប»៕ (Swift News)

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង