ក្រុមហ៊ុន SUCCESS CO កំពុងជួបជុំអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ស្វែងរកសក្តានុពល

(ភ្នំពេញ)៖ ក្នុងកម្មវិធីជួបជុំអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ស្វែងរកសក្តានុពលដែលលោកអ្នកអាចធ្វើទៅបាន ក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់លោកអ្នកឲ្យជោគជ័យដល់ចំណុចកំពូល នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ពីម៉ោង ៦:00ល្ងាច ដល់ ៩:00យប់ នៅសណ្ឋាគារ The Great Duke (former InterCon Hotel)។

អគ្គនាយកក្រុមហ៊ុន SUCCESS CO លោក ស៊ីម តារាបានបញ្ជាក់ថា កម្មវិធីជួបជុំអ្នកដឹកនាំ និង ម្ចាស់អាជីវកម្ម ក្រោមប្រធានបទ «ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម! – Financial Roadmap For Biz Owner!» គឺផ្តល់អ្វីៗដល់អ្នកចូលរួមរៀនក៏ដូចជាទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើនពីកម្មវិធីដែលរួមមាន៖

១. កត្តា៥យ៉ាងដែលស្ថាបនិកអាជីវកម្មភាគច្រើនបានមើលរំលង!
២. ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម!
៣. តើលោកអ្នកអាចទទួលបានប្រភពដើមទុនពីសាធារណៈ ដើម្បីចាប់ផ្តើម និង ពង្រីកអាជីវកម្មបន្ថែមតាមរបៀបណា?
៤. ដំណើរឆ្ពោះទៅ IPO ឬការចុះបញ្ជីនៅទីផ្សារមូលបត្រ វាជាជម្រើសរបស់អ្នក!
៥. ទំនាក់ទំនងដៃគូអាជីវកម្ម!
៦. ការពិសាអាហារ Buffet រួមគ្នា!

អគ្គនាយកក្រុមហ៊ុន SUCCESS CO រូបនេះបានបញ្ជាក់ដូច្នេះដែរថា «ដូចខ្ញុំបានសន្យាក្នុងជំនួបកាលពីចុងឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះថា ក្រុមហ៊ុន SUCCESSCO នឹងចូលរួមចំណែកជួយបំផុសគំនិត និងបង្វឹកដល់សហគ្រិនកម្ពុជាឲ្យយល់ដឹងកាន់តែទូលំទូលាយអំពីទីផ្សារមូលបត្រ, ការរៀបចំក្រុមហ៊ុនឲ្យមានស្តង់ដារ ដែលអាចចុះបញ្ជីនៅថ្ងៃមុខបាន ក៏ដូចជាការៀបចំផែនទីហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តគៀរគរដើមទុនពីសាធារណៈដើម្បីចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅមួយកម្រិតទៀត។

«ឥឡូវនេះ! ផ្សារមូលបត្រកម្ពុជាកំពុងតែមានសកម្មភាពអ៊ូអរ និងមានការចាប់អារម្មណ៍កើនឡើង ខ្ញុំជឿជាក់យ៉ាងមុតមាំថា ២-៣ ឆ្នាំទៀត នឹងមានក្រុមហ៊ុនតូចធំតម្រង់ជួរទៅចុះបញ្ជីនៅ CSX ជាក់ជាមិនខាន។ អ្វីៗចាប់ផ្តើមពីជំនឿ… តើលោកអ្នកត្រៀមខ្លួនហើយឬនៅ?»។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រាជធានីភ្នំពេញ អគ្គនាយកក្រុមហ៊ុន SUCCESS CO លោក ស៊ីម តារា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន SUCCESS CO ជាមួយនឹង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលមានលោក ហុង សុខហួរ ជាអគ្គនាយកក្រុមហ៊ុន។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ លោក ស៊ីម តារា បានលើកឡើងថា «ទីផ្សារ និងយុទ្ធសាស្រ្ត ប្រៀបបានទៅនឹងជ្រុងទាំង២នៃកាក់មួយ នៅក្នុងអាជីវកម្ម។ …. ពិសេសយុទ្ធសាស្ត្រគៀរគរដើមទុនដើម្បីចូលក្នុងទីផ្សារមូលបត្រកម្ពុជា»។

ចំណែកអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ ក៏បានលើកឡើងក្នុងឱកាសនោះដូច្នេះថា «យើងបានបង្កើតទីផ្សារ ដើម្បីទទួលរង់ចាំពួកគាត់ សម្រាប់ក្រុមហ៊ុន ប្រភេទសហគ្រាសខ្នាតតូច និងមធ្យម និងលក្ខខណ្ឌតម្រូវ ដើម្បីចូលក្នុងទីផ្សារនេះ(មូលបត្រកម្ពុជា) នឹងមានភាពធូស្រាល និងសមស្រប»៕ (SN-សុវណ្ណ)

អត្ថបទដែលជាប់ទាក់ទង