សម្តេចតេជោ ហ៊ុន សែន ព្រមាន ក្រុម LDP

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ បានព្រមានក្រុមគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) ឲ្យចេះប្រើពាក្យសម្តីថ្លៃថ្នូរ និងមានសុជីវធម៌ នៅពេលពួកគេទំនាក់ទំនងជាមួយអ្នកដទៃ។

តាមរយៈការផ្សាយបន្តផ្ទាល់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេចតេជោកាលពីម្សិលម៉ិញនេះ សម្តេចបានព្រមានធ្ងន់ៗទៅកាន់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បប្រជាធិបតេយ្យ និងក្រុមរបស់លោកពាក់ព័ន្ធនឹងរឿងវិវាទដីធ្លី នៅខេត្តកំពត។

សម្តេចតេជោបានលើកឡើងថា «សូមបងប្អូនចូលមកនិយាយ មានភាពថ្លៃថ្នូរ និងមានសុជីវធម៏។ តើមកពឹងខ្ញុំ មកប្រដៅខ្ញុំ ឬមកជេរខ្ញុំ?»។

តាមការលើកឡើងរបស់សម្តេចតេជោនេះ ទំនងជាខឹងនឹងកូនចៅរបស់លោក ខឹម វាសនា ដែលបានចូលសរសេរក្នុងហ្វេសប៊ុកសម្តេច ដោយគ្មានសីលធម៌ និងមានន័យបែបបង្គាប់បញ្ជា ឬមានការណែនាំជាដើម។

សម្តេចបានលើកឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលម៉ិញ។

សូមបញ្ជាក់ថា សកម្មជន LDP ចំនួន១៣រូប ត្រូវបានតុលាការខេត្តកំពតសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ព្រោះតែចូលឈូសឆាយដីព្រៃដោយខុសច្បាប់ នៅក្នុងភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ទាក់ទងនឹងករណីនេះសម្តេចបានឆ្លើយតបជាមួយនឹងការព្រមានដូច្នេះថា «រឿងនៅខេត្តកំពត បានស្ថិតក្នុងដៃតុលាការរួចទៅហើយ។ សុំរកមេធាវីតតាំងក្តី តាមផ្លូវតុលាការ។… សូមកុំហួសហេតុពេក ល្មមៗ បានហើយ»៕

IMG_1034

អត្ថបទដែលជាប់ទាក់ទង