
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមភាពយន្តកម្ពុជា ដឹកនាំដោយ លោក ឆាយ បូរ៉ា ប្រធានសមាគម ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការជំរុញ និងលើកកម្ពស់ «ទេសចរណ៍ភាពយន្ត (Film Tourism)» នៅកម្ពុជា។ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍ និងវិស័យភាពយន្ត ដោយប្រែក្លាយភាពយន្តទៅជាឧបករណ៍ផ្សព្វផ្សាយទេសចរណ៍ និងអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី បេតិកភណ្ឌ និងសម្រស់ធម្មជាតិរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ ព្រមទាំងទាក់ទាញផលិតករភាពយន្តបរទេសឱ្យមកជ្រើសរើសកម្ពុជាជាទីតាំងថតភាពយន្ត និងជំរុញភ្ញៀវទេសចរឱ្យមកស្គាល់ និងទទួលយកបទពិសោធន៍នៅកម្ពុជាដោយផ្ទាល់។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមភាពយន្តកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ភាពយន្ត គឺជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅដល់បេះដូងទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោក និងបំផុសឱ្យពួកគេចង់មកស្គាល់កម្ពុជាដោយផ្ទាល់»។ជាមួយគ្នានេះ លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសមិទ្ធផលសំខាន់ៗដែលសមាគមសម្រេចបាននាពេលកន្លងមក បញ្ហាប្រឈម សំណូមពរ ព្រមទាំងទិសដៅការងារសម្រាប់ពេលខាងមុខ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងទេសចរណ៍ភាពយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែង។គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ក្រសួងទេសចរណ៍ នឹងរៀបចំ សិក្ខាសាលាស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធ ពិភាក្សា និងរួមគ្នាកំណត់យន្តការ និងទិសដៅអាទិភាពក្នុងការប្រើប្រាស់វិស័យភាពយន្តជាចលករថ្មីមួយ សម្រាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា៕

(កំពង់ធំ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៨ ២០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. កម្មវិធី TVET និងឯកសារតម្រង់ទិសការងារសំខាន់ៗ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានប្រមាណជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅបរិវេណសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៨ពាន់កន្លែងនេះគឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមគូសបញ្ជាក់ថា ការងារគ្រប់ប្រភេទសុទ្ធតែមានតម្លៃ ដែលជាក់ស្តែងការងារក្នុងស្រុកនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប៉ុន្តែការងារចំណាកស្រុកនៅប្រទេសថៃប្រឈមហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅមិនជួបជុំក្រុមគ្រួសារ។ទន្ទឹមនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ លើសពីនេះ បងប្អូន ឬសិស្សទើបប្រឡងបាក់ឌុបរួចក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើន តាមរយៈកម្មវិធី TVET ១,៥លាន ដែលរួមមានទាំងចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ព្រមទាំងស្កែន QR កូដរបស់ក្រសួងសម្រាប់ទទួលបានព័ត៌មានពាក់ព័ន្ធការងារ ឬឯកសារតម្រង់ទិសការងារ ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។សូមបញ្ជាក់ថា ឱកាសការងារទាំងនោះ រួមមានការជ្រើសរើសបុគ្គលិកដោយ រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ,ក្រុមហ៊ុនបៀនហៀក អ៉ិនវេសវេន ខូអិលធីឌី , ក្រុមហ៊ុនស៊ី.អ .ស៊ី.ខេ ២ កំពង់ធំអភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុនហ្គោល ហ្វ័យសុន ខេមបូឌា,ក្រុមហ៊ុនស៊ី.ស៊ី.វី ខូអិលធីឌី,និង ក្រុមហ៊ុន មង្គល អេចអរ សម្រាប់ការជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅប្រទេសជប៉ុន៕

(ភ្នំពេញ)៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,២៩៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕



















































#6, Street 272, 120409, Phnom Penh, Cambodia.
(+855) 89 383 888
info@swiftnewsdaily.com | info.swiftnews@gmail.com 
