ឯកឧត្តម សាយ​ សំអាល់ ត្រូវបានតែងតាំងជំនួស ឯកឧត្តម ប៉ុល សារឿន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ​ សំអាល់ ត្រូវបានតែងតាំងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ជំនួសលោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន វិញ។

យោងតាមលិខិតចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សគ្រប់វិស័យ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើននេះ ក៏មានបញ្ហាប្រឈមមួយចំនួនកើតមានឡើង ដែលត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ ពិសេស បញ្ហាបរិស្ថានអនាម័យ សំណង់អគារនានា និងការគ្រប់គ្រងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ។ល។

ក្នុងន័យនោះដើម្បីលើ​កកម្ពស់ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងដឹកនាំនិងពង្រឹងការអភិវឌ្ឍន៍ខេត្តព្រះសីហនុប្រកបដោយចីរភាព និងថែរក្សាការពារបាននូវបរិស្ថាន និងធនធានធម្មជាតិ សម្តេចក្រឡាហោម ស ខេង បានស្នើសុំយោបល់ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំតែងតាំងឯកឧត្តមសាយ សំអាល់ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុចំណែកលោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន មកកាន់តួនាទីថ្មីជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង