ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដើមគ និងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក គ្មានអគ្គិសនីប្រើទេ

(​ភ្នំពេញ​)៖ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដើមគ និងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរាយការណ៍មកថា ក្នុងលំនៅដ្ឋានរបស់គាត់ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ នៅក្នុងវេលាដ៏ក្តៅហួតហែងនេះទេ។

ប្រជាពលរដ្ឋ បានសម្តែងការក្តៅក្រហាយចំពោះការព្រងើយកន្តើយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលនៅតែមិនមានលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។

​អគ្គិសនី​កម្ពុជាធ្លាប់បានសារភាពថា ​ខ្លួនមិនមានថាមពលគ្រប់គ្រាន់ចែកចាយឲ្យប្រជាពលរដ្ឋប្រើីប្រាស់ឡើយ ដោយលើកហេតុផលថា គ្មានទឹកក្នុងស្ថានីយវារីអគ្គិសនី ដូច្នេះ​ការ​កាត់​ចរន្ត​អគ្គិសនី គឺជារឿងចាំបាច់ គឺ​ពេលព្រឹកចាប់ពី​ម៉ោង៧​ព្រឹក ដល់​ម៉ោង១៨ល្ងាច។

ចំពោះជម្រើសកាត់ភ្លើងមិនឲ្យប្រើប្រាស់ពីសំណាក់អាជ្ញាធរអគ្គិសនីកម្ពុជានេះ ប្រជាពលរដ្ឋបានរិះគន់ថា វាជារឿងដដែលៗ ដែលអាជ្ញាធរមួយនេះ មិនមានលទ្ធភាពផ្គត់ផ្គង់ថាមពលឲ្យប្រជាពលរដ្ឋប្រើប្រាស់ តែបែរជាអង្វរឲ្យប្រជាពលរដ្ឋជួយសន្សំចៃ កុំប្រើភ្លើងនៅក្នុងវេលាដ៏ក្តៅហួតហែង៕

អត្ថបទដែលជាប់ទាក់ទង