សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ វិល​រក​ឆ្នាំង​ចាស់​?

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ មានការ​ផ្សព្វផ្សាយ​នូវ​ថតរូប​ពីរ​សន្លឹក ដែល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ថតរូប​រួមគ្នា​ជាមួយ​អតីត​ព្រះ​ជ​យារ​បស់​ព្រះអង្គ គឺ​អ្នក​ម្នាង អេង ម៉ា​រី​។ ក្នុង​រូបថត​ទាំងនេះ ក៏មាន​ទាំង​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា លោក Panyarak Poolthup និង​លោក Nuttavuth PHOTISARO អតីត​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា រួមទាំង​បុត្រី​ព្រះអង្គ គឺ​អ្នក​ម្នាង នរោត្តម រតនាទេវី ផងដែរ​។

​មកដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ មិនទាន់មាន​ដំណឹង​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ វិល​ត្រឡប់មក​ភ្នំពេញ​វិញ នៅឡើយ​ទេ ក្រោយពេល​ព្រះអង្គ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ភ្លាមៗ ក្រោយពេល​ព្រះអង្គ ជួប​គ្រោះថ្នាក់​ចរាចរណ៍ រងរបួស​ធ្ងន់ និង​ស្លាប់​អ្នក​ម្នាង អ៊ុក ផល្លា នៅ​ផ្លូវជាតិ​លេខ​៤ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសូត្រ នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​១៩៤៤​។ ព្រះអង្គ ជា​ព្រះអនុជ​របស់​សម្តេចព្រះ​រៀម នរោត្តម បុប្ផា​ទេវី និង​ជា​បុត្រា​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​អ្នក​ម្នាង កា​ញុ​ល​។

​នៅ​ឆ្នាំ​១៩​៦៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រៀប​អភិសេក​នឹង​អ្នក​ម្នាង អេង ម៉ា​រី មាន​បុត្រា ២​អង្គ និង​បុត្រី ១​អង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ( ប្រសូត្រ​ឆ្នាំ​១៩៧០) ព្រះអង្គម្ចាស់ នរោត្តម សីហ​ឫទ្ធិ ( ប្រសូត្រ​ឆ្នាំ​១៩៧២ ) និង​អ្នក​ម្នាង នរោត្តម រតនាទេវី ( ប្រសូត្រ​ថ្ងៃទី​១៨​មិថុនា ឆ្នាំ​១៩៧៤ )​។​

​នៅ​ចុងឆ្នាំ​២០០៦ អ្នក​ម្នាង អេង ម៉ា​រី ( កើត​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​១៩៤៧ ) បាន​ប្តឹង​លែងលះ ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេល​ព្រះអង្គ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ម្នាង អ៊ុក ផល្លា​។ ប៉ុន្តែ​ការលែង​លះ​ដាច់​ស្រលះ​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អេង ម៉ា​រី រហូតដល់​ខែមិថុនា ឆ្នាំ​២០១០​។​

​ចំណែក​ជីវិត​រួមរស់​រវាង​អ្នក​ម្នាង អ៊ុក ផល្លា និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បុត្រា ២​អង្គ​៖ គឺ នរោត្តម សុធា​ឫទ្ធិ ( ២០០៣ ) និង នរោត្តម រណ​វង្ស ( ២០១១ )​។​

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ អ្នក​ម្នាង អ៊ុក ផល្លា បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤​។ រីឯ​សម្តេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ រងរបួស​ធ្ងន់ ហើយ​ត្រូវ​បា​បន​បញ្ជូនទៅ​ព្យាបាល នៅ​ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ មិនទាន់មាន​ដំណឹង​ពី​ការវិលត្រឡប់​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មក​កម្ពុជា​វិញ​នៅឡើយ​ទេ​៕ (SN-​ពិសិដ្ឋ​)​

( រូបភាពពីហ្វេសប៊ុក Vong Sopheap )

អត្ថបទដែលជាប់ទាក់ទង