រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ក្នុងគោលដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងជំរុញការវិនិយោគលើវិស័យទេសចរណ៍ ក្នុងកិច្ចរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

អនុក្រឹត្យនេះ មានគោលដៅកំណត់វិធាន និងយន្តការក្នុងការបង្កើត និងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ ​ហើយតំបន់ទេសចរណ៍ពិសិដ្ឋ ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតឡើងនៅលើទឹកដីនៃកម្ពុជា នៅតាមតំបន់សក្តានុពលទេសចរណ៍សមស្រប ប្រកបដោយយុទ្ធសាស្ត្រ ស្របតាមច្បាប់ជាធរមាន និងស្របតាមការសម្រេចនៃរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យ។

បើ​យោងតាម​អនុក្រឹត្យ​ចុះថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ ​ចុះហត្ថលេខា​ដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា «តំបន់​ទេសចរណ៍​ពិសិដ្ឋ គឺ​សំដៅ​ដល់​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលត្រូវបាន​កំណត់​ដោយ​រាជរដ្ឋាភិបាល។

«តំបន់​ទេសចរណ៍​ពិសិដ្ឋ​នីមួយៗ​ប្រមូលផ្តុំ​ដោយ​សម្បទា និង​សេវាកម្ម​ទេសចរណ៍​សំខាន់ៗ រួមមាន៖ សេវាកម្ម​ស្នាក់នៅ​ និវេសនដ្ឋាន​ទេសចរណ៍ សួន ឧទ្យាន មណ្ឌល​ផ្តល់​សេវា​ថែទាំ​សុខភាព​ទេសចរណ៍ មណ្ឌល​ឬសេវាកម្ម​ទេសចរណ៍​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

«ម្ចាស់​តំបន់​ទេសចរណ៍​ពិសិដ្ឋ ឬ​ហៅថា ម្ចាស់​តំបន់ សំដៅ​ដល់​បុគ្គល​មាន​សញ្ជាតិ​ខ្មែរ ឬបរទេស​ដែលបាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ឲ្យ​បង្កើត​ អភិវឌ្ឍន៍ និង​គ្រប់គ្រង​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ណាមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

«ដៃគូ​តំបន់​ទេសចរណ៍​ពិសិដ្ឋ ឬ​ហៅថា​ដៃគូ​តំបន់​សំដៅ​ដល់​បុគ្គល​សញ្ជាតិខ្មែរ ឬបរទេស​ដែល​ចូលរួម​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ពិសិដ្ឋ ក្នុងនោះ​ រួមមាន​ទេសចរណ៍​ពិសេស​ផង។

«ទេសចរណ៍​ពិសេស សំដៅ​ដល់​ទេសចរ​អន្តរជាតិ​ ដែល​ទទួលបាន​ការ​អនុញ្ញាត​ ចូលចេញ និង​ស្នាក់នៅក្នុង​តំបន់​ទេសចរណ៍​ពិសិដ្ឋ ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ បុគ្គល​សំដៅ​ដល់​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល។

«តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ត្រូវបាន​អនុញ្ញាតឱ្យ​បង្កើតឡើង​នៅលើ​ទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា​ នៅតាម​តំបន់​សក្តានុពល​ទេសចរណ៍​សមស្របប្រកប​ដោយ​យុទ្ធសាស្ត្រ​ស្រប​តាមច្បាប់​ជាធរមាន និង​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អនុក្រឹត្យ។

«តំបន់​ទេសចរណ៍​ពិសិដ្ឋ អាច​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​រដ្ឋ ឬឯកជន ឬរដ្ឋ​ចម្រុះ​ឯកជន​ ការ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ត្រូវ​អនុលោម​ទៅតាម​លក្ខខណ្ឌ​ដូច​តទៅ៖

១ – ត្រូវមាន​ទំហំ​ដី​ចាប់ពី ១០០ហិកតា​ឡើងទៅ​ដោយ​ត្រូវមាន​ទីតាំង​ព្រំប្រទល់​ភូមិសាស្រ្ត និងនិយាមការ​ច្បាស់លាស់។

២ – ត្រូវមាន​ផែនការ​មេ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ពិសិដ្ឋ។

៣ – ត្រូវមាន​សម្បទា​សេវាកម្ម​ទេសចរណ៍​ដូចជា​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ និវេសនដ្ឋាន​ទេសចរណ៍ សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ សេវាកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍។

៤ – មណ្ឌល​សម្រាក​លំហែ​កម្សាន្ត​ទេសចរណ៍ មណ្ឌល​កីឡា​ទេសចរណ៍ មណ្ឌល​ពាណិជ្ជកម្ម​មណ្ឌល​ផ្តល់​សេវា​ថែទាំ​សុខភាព​ទេសចរណ៍ មណ្ឌល​សេវាកម្ម​ទេសចរណ៍​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជាដើម។

៥ – ត្រូវមាន​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នានា​ដូចជា ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី​បណ្ដាញ​ប្រៃសណីយ៍ ទូរគមនាគមន៍ ប្រព័ន្ធ​ប្រតិកម្ម​សម្អាត​សំណល់រាវ និង​ការ​គ្រប់គ្រង​សំណល់​រឹង​ត្រឹមត្រូវ មាន​វិធានការ​ការពារ​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​ជាដើម។

៦ – ត្រូវមាន​ម្ចាស់​តំបន់ និង​ដៃគូ​តំបន់​ចូលរួម​ការអភិវឌ្ឍ​ក្នុង​តំបន់​ទេសចរណ៍​ពិសិដ្ឋ​បុគ្គល​ទាំងឡាយ ដែលមាន​បំណង​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ នៅក្នុង​តំបន់​សក្តានុពល​ទេសចរណ៍​ណាមួយ។

៧ – ត្រូវធ្វើ​សំណើ​សុំ​គោលការណ៍​អនុញ្ញាត​ឲ្យបង្កើត និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ពី​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មការ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ ដែលជា​សេនាធិការ​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍ មាន​ភារកិច្ច​ធ្វើការ​សិក្សា​វាយតម្លៃ និង​សន្និដ្ឋាន​លើ​សំណើ​សុំ ហើយ​លើក​យោបល់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច៕ (Swift News)

សូមអានខ្លឹមសារ និងន័យទាំងស្រុងតាមរយៈអនុក្រឹត្យ ស្ដីពី ការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ទាំងស្រុងដូចខាងក្រោម៖

 

សូមអានខ្លឹមសារ និងន័យទាំងស្រុងតាមរយៈអនុក្រឹត្យ ស្ដីពី ការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ទាំងស្រុងដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង