ឯកឧត្តម ជា សុផារ៉ា អំពាវនាវឲ្យប្រជាពលរដ្ឋ​នៅព្រះសីហនុ​ កុំលក់ដី ​ទុកជួលវិញ ​បានចំណេញជាង

(ភ្នំពេញ)៖ «ខ្ញុំក៏មានការអំពាវនាវឲ្យអ្នកនៅមន្ទីដើរប្រាប់ កុំឲ្យលក់ដី ឲ្យជួលវិញ។ ជួលរយៈពេលតែ២០ឆ្នាំ ហើយអ្នកដែលគេយកទៅធ្វើអាជីវកម្ម ១៥ឆ្នាំ គេប្រគល់ឲ្យយើងហើយ។ យើងបានទាំងសំណង់ ហើយសំណង់នេះ នឹងតដល់ត្រកូលយើង បើលក់វាចប់​»​។ នេះជាប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រង់ដោយគេហទំព័រព័ត៌មាន​សំណង់ និងអចលនទ្រព្យ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ។

ការលើកឡើងរបស់ឯកឧត្តមបែបនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុខាតប្រយោជន៍នាពេលអនាគត ដោយសារការលក់ដីធ្លី ខណៈដែលតម្លៃដីធ្លីក្នុងខេត្តព្រះសីហនុ​​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការហក់ឡើងយ៉ាងខ្លាំង។

រដ្ឋមន្ត្រីក្រសួងដែនដី បានឲ្យដឹងទៀតថា តម្លៃដីក្នុងខេត្តព្រះសីហនុកាលពីជាង ១ឆ្នាំមុន ក្នុង ១ម៉ែត្រការ៉េ គឺត្រឹមតែ ២៧​ដុល្លារ​អាមេរិកប៉ុណ្ណោះ តែ​បច្ចុប្បន្​ន ដីនៅកន្លែងដដែល បានកើនដល់ ៤៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េឯណោះ៕

អត្ថបទដែលជាប់ទាក់ទង