គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ចំនួន ៧ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ គ​.​ជ​.​ប បានប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើក​ទី​៣​។ នោះ​គឺ​គណបក្សនយោបាយ​ចំនួន ៧ បាន​ចុះបញ្ជី ដាក់​បេក្ខជន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នា​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។​

​គណបក្ស​ទាំង ៧​នោះ រួមមាន​៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៣-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៤-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ៥-​គណបក្ស​យុវជន​កម្ពុជា ៦-​គណបក្ស​ឆន្ទៈ​ខ្មែរ និង​៧-​គណបក្ស​សញ្ជាតិ​កម្ពុជា​។​

​ក្នុងចំណោម​គណបក្ស​ទាំង ៧​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​ប៉ុណ្ណោះ ដែល​បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​ទូទាំង ២៥​រាជធានី​ខេត្ត​។ ដោយឡែក នៅ​ក្រុមប្រឹក្សា​ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយ​ប៉ុណ្ណោះ ដែល​បានដាក់​បេក្ខជន​ឈរឈ្មោះ ទូទាំង ២០៣ ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស​។​

​យ៉ាងណាក៏ដោយ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ជាការ​បោះឆ្នោត​អសកល ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​។

​ក្នុងនោះ លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១៧ បង្ហាញថា មាន​គណបក្ស ចំនួន ៧ បាន​ជាប់ឆ្នោត ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​សរុប ១១៥៧២​នាក់ ( ស្រី ១៩៣៩ នាក់ )​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៥០៣​នាក់​។ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥០០៧ នាក់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២៨​នាក់​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៤​នាក់​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ២៤​នាក់​។ គណបក្ស​សំបុក​ឃ្មុំ ១​នាក់ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៥​នាក់​។​

​យ៉ាងណាក៏ដោយ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយចោល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺ​អាសនៈ​ឃុំ​សង្កាត់​ទាំង ៥០០៧ នាក់ ត្រូវបាន​បែងចែក​ទៅ​គណបក្ស​ផ្សេង ហើយ​ក្នុងនោះ ស្ទើរតែ​ទាំងអស់ បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ដូច្នេះ​បើតាម​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គឺ​ស្ទើរតែ​ទាំងអស់ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៕ (SN-​ពិសិដ្ឋ​)​

 

អត្ថបទដែលជាប់ទាក់ទង