សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រលប់​ថ្ងៃទី​១៦​មីនា​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិ​ធិ​បើក​ផ្លូវការ​នៃ​ពិធីបុណ្យ​ទន្លេ លើក​ទី​៥ ដែលជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ នៅព្រលប់​ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩​​។ ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង បាន​ប្រារព្ធ​ឡើង រយៈពេល ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​ពិធី​រត់​កម្សាន្ត ៣​គីឡូម៉ែត្រ និង ៥​គីឡូម៉ែត្រ ដែលមាន​ចំណុច​ចាប់ផ្តើម នៅ​ទីតាំង​រូបសំណាក​រិ​ទ្ធិ​សែន នាង​ក​ង្រី ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ឆ្នាំង​។

​ព្រឹត្តិការណ៍​នេះ មាន​អ្នកចូលរួម​រត់​កម្សាន្ត ប្រមាណ ២០០០​នាក់ ដែល​ភាគច្រើន ជា​សិស្សានុសិស្ស​មកពី​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង​។ ចុងបញ្ចប់​នៃ​ពិធី ក៏មាន​ការប្រគល់​រង្វាន់​ដល់​ជ័យលាភី​លេខ​១ លេខ​២ លេខ​៣ នៃ​ប្រភេទ​រត់​ចំងាយ​ទាំងពីរ​នេះ​ផងដែរ​។​

​សូម​រម្លឹកថា ពិធីបុណ្យ​ទន្លេ លើក​ទី​១ បានធ្វើ​ឡើង កាលពី​ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៣-១៥ ខែមីនា​។ លើក​ទី​២ នៅ​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦​។ បុណ្យ​ទន្លេ លើក​ទី​៣ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​។ បុណ្យ​ទន្លេ លើក​ទី​៤ ធ្វើឡើង នៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​០៩-១១ ខែមីនា ឆ្នាំ​២០១៨​។​

​ពិធីបុណ្យ​ទន្លេ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណ​ទន្លេ ដែល​បានផ្តល់​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផង និង​ដើម្បី​ស្រោចស្រព​ផលដំណាំ​ផង​។ ក្រៅពីនេះ ពិធីបុណ្យ​ទន្លេ ដែល​បាន​ធ្វើឡើង​តាម​ខេត្ត​ជាប់​ដង​ទន្លេ ក៏​ដើម្បី​បង្ហាញ​នូវ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​សក្តានុពល​របស់​ខេត្ត​នីមួយៗ ផ្នែក​វិស័យ​ទេសចរណ៍ ដែលមាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​។​

​ក្នុង​ពិធីបុណ្យ​ទន្លេ​រៀងរាល់ឆ្នាំ តែងតែមាន​ទស្សនីយភាព​សិល្បៈ ការប្រគំ​តន្ត្រី ពិព័រណ៍​កសិផល សិប្បកម្ម ប្រពៃណី ការតាំងពិព័រណ៍​ម្ហូបអាហារ រួមទាំង​សកម្មភាព​កីឡា​ជាច្រើន​ផងដែរ​៕ ( SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង