ឯកឧត្តម មិត្ត ការ៉េន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩ ព្រមទាំងបានប្រគល់ពានរង្វាន់ដល់កីឡាករដែលទទួលជ័យលាភី

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុលើកទី២ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្លឹបរដ្ឋសភាសែនជ័យនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

តាមរយៈការប្រកួតរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ សង្កេតឃើញថា កីឡាករទាំងអស់បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យនិងបច្ចេកទេសរៀងៗខ្លួន ក្នុងការប្រកួតប្រជែងដើម្បីដណ្ដើមយកពានរង្វាន់ ប្រកបដោយការទទួលខុសត្រូវ គោរពវិន័យតាមក្រឹត្យក្រមនៃកីឡា។

ក្នុងឱកាសបិទការប្រកួតនេះ ឯកឧត្តម មិត្ត ការ៉េន បានលេីកឡេីងថា ការលេងកីឡាគឺដេីម្បីសុខភាព មិត្តភាព និងរក្សាសេចក្តីថ្លៃថ្នូរ កីឡាគឺជាមធ្យោបាយជំរុះសង្រ្គាមនាំមកនូវសុខសន្តិភាព។ ឯកឧត្តម បានផ្តាំផ្ញេីដល់កីឡាករទាំងអស់ ប្រឹងប្រែងបន្ថែមទៀត ដោយនៅពេលនេះ សង្កេតឃេីញថា កីឡាករយេីងលេងបានល្អ តែនៅខ្វះបច្ចេកទេសនៅឡេីយ ចំណែករូបមន្តនៃការលេងនៅមានកម្រិត ដូច្នេះសូមកីឡាករទាំងអស់ ប្រឹងប្រែងហាត់បន្ថែមទៀត ដេីម្បីអាចមានឱកាសចូលប្រកួតជាមួយស្ថាប័នដ៏ទៃ ឬក៏ចូលរួមប្រកួតថ្នាក់ជាតិផងដែរ។

គួររំលឹកដែរថា ពិធីបេីកការប្រកួតកាលពីរសៀលម្សិលមិញ មានការចូលរួមពី ឯកឧត្តម ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាតំណាងរបស់ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្លឹបរដ្ឋសភាសែនជ័យ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ កីឡាករដែលចូលរួមប្រកួតជាមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចំនួន ៤៦នាក់ បានចូលរួមប្រកួត។ ហើយការប្រកួតនេះមាន ២វិញ្ញាសា គឺ ទី១ វិញ្ញាសាវាយគូបុរស និងទី២ វិញ្ញាសាឯកត្តជនបុរស។

ចំពោះលទ្ធផលនៃការប្រកួតនារសៀលថ្ងៃនេះ វិញ្ញាសាវាយគូបុរស លេខ១ បានទៅលោក ទេព វាសនា និងលោក ដេ រដ្ឋា លេខ២ បានទៅលោក ងី វិចិត្រ និងលោក ឆន ឆាយ ចំណែកវិញ្ញាសាឯកត្តជនបុរស លេខ១ បានទៅលោក អ៊ុំ កាមិន និងលេខ២ បានទៅលោក ប៉ែន ប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង