កម្ពុជា បញ្ជាក់​ជាថ្មី​ម្តងទៀត អំពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់ និង​រូបភាព​ទាំងអស់​

(​ភ្នំពេញ​)៖ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ចូលរួម​រំ​លែ​ក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ជនរងគ្រោះ ក្នុង​ហេតុការណ៍​បាញ់សម្លាប់ នៅ​វិហារ​អ៊ីស្លាម ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​បញ្ជាក់​ជាថ្មី​ម្តងទៀត អំពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់ និង​រូបភាព​ទាំងអស់​។​

​សេចក្តីថ្លែងការណ៍ លើកឡើងថា «​កម្ពុជា មានការ​តក់ស្លុត និង​សោគសង្រេង​ជាខ្លាំង ចំពោះ​ហេតុការណ៍​បាញ់សម្លាប់​នៅ​វិហារ​ឥស្លាម Al Noor និង​Linwood នៅក្នុង​ទីក្រុង Christchurch ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែមីនា ឆ្នាំ​២០១៩​។ យើងខ្ញុំ សូម​សម្តែង​នូវ​សមានចិត្ត​អាណិតអាសូរ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ជនរងគ្រោះ និង​អ្នកជា​ទីស្រឡាញ់​របស់​ពួកគេ​។ យើង​សូម​រួម​សាមគ្គី​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន ណូ​វែ​ល​ហ្សេ​ឡង់ ក្នុងអំឡុងពេល​ដ៏​សោកនាដកម្ម​នេះ ដើម្បី​ផ្តល់នូវ​ការធានា​អះអាង​ខ្ពស់បំផុត​ចំពោះ​សុវត្ថិភាព​ជូន​ជនស្លូតត្រង់ ទាំង​ពលរដ្ឋ​ណូ​វែ​ល​ហ្សេ​ឡង់ និង​សមាជិក​សហគមន៍​កម្ពុ​ជា​នៅ​ទូទាំងប្រទេស​
​ណូ​វែ​ល​ហ្សេ​ឡង់​»​។​

​ក្រសួងការបរទេស បញ្ជាក់ថា «​យើងខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្តងទៀត អំពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​យើង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​គ្រប់​ទម្រង់ និង​រូបភាព​ទាំងអស់​»​។​

​សូម​រម្លឹកថា មនុស្ស​យ៉ាងតិច ៤០​នាក់ បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​បែប​ភេរវកម្ម នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ជនប្រដាប់អាវុធ​មួយក្រុម បាន​បាញ់ប្រហារ នៅក្នុង​វិហារ​សាសនា​ឥស្លាម ២​កន្លែង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​បន្តបន្ទាប់​។ អាជ្ញាធរ​នូ​វែ​ល​ហ្សេ​ឡង់ ចាត់ទុក​ករណីនេះ ជា​អំពើ​ភេរវកម្ម​៕​

អត្ថបទដែលជាប់ទាក់ទង