វិភាគ៖ អាមេរិកដែលជាអ្នកផលិតយន្តហោះ Boeing 737 ក៏ប្រកាសផ្អាកការប្រើប្រាស់យន្តហោះប្រភេទនេះដែរ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 ក្រោយពីមានឧទ្ទវហេតុធ្លាក់យន្តហោះប្រភេទនេះ នៅប្រទេសអេត្យូពី ។

ហេតុផលសំខាន់ ដែលនាំអោយលោក ដូណាល់ ត្រាំ ប្រកាសផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 គឺដោយសារតែមានការត្អូញត្អែពីអតិថិជន ដែលហាក់មិនហ៊ានទទួលយកសេវាកម្មដឹកជញ្ជូនដោយប្រើយន្តហោះប្រភេទនេះ ។

សេចក្តីប្រកាសរបស់លោក ត្រាំ ក៏ត្រូវបានធ្វើឡើងផងដែរក្នុង រយៈពេលត្រឹមតែមួយថ្ងៃ ក្រោយពីប្រធានទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក បានប្រកាសថា គ្មានហេតុផលអ្វីដែលត្រូវផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទនេះនោះទេ ។

សេចក្តីប្រកាសនេះធ្វើអោយគេមើលឃើញថា សូម្បីតែសហរដ្ឋអាមេរិក ដែលជាអ្នកផលិតយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 នេះផ្ទាល់ ក៏ប្រកាសផ្អាកការប្រើប្រាស់យន្តហោះនេះដែរ ចុះទម្រាំប្រទេសដែលមិនមែនជាអ្នកផលិត គិតយ៉ាណា ។

សូមរំលឹកជូនថា កាលពីថ្ងអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ យន្តហោះ Boeing 737 Max 8 បានធ្លាក់នៅនៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី បណ្តាលអោយមនុស្សចំនួន១៥៧នាក់បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ ។

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា យន្តហោះដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ នោះ គឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអេត្យូពី Ethiopian Airline ។

មន្ត្រីអាកាសចរណ៍ស៊ីវិលអេត្យូពីបានអោយដឹងថា យន្តហោះ Boeing 737 Max 8 បានដឹកអ្នកដំណើរចំនួន១៤៩នាក់ និងបុគ្គលិកយន្តហោះចំនួន៨នាក់ និងបានធ្លាក់បុកដីយ៉ាងពេញទំហឹងទំហឹង បណ្តាលអោយមនុស្សទាំង១៥៧នាក់នៅលើយន្តហោះនោះបាត់បង់ជីវិតទាំងអស់ មិនមានរស់រានមានជីវិតសូម្បីតែម្នាក់ ។

មន្ត្រីអាកាសចរណ៍ដដែលបានបន្តថា យន្តហោះនេះ បានធ្លាក់ចុះ ក្រោយពីបានហោះឡើងរយៈពេល៦នាទី ខណៈដែលអាកាសយាននិកបាននិយាយសុំហោះត្រឡប់ទៅកាន់អាកាសយានដ្ឋានវិញ ប៉ុន្តែមិនទៅដល់អាកាសយានដ្ឋានដើម្បីចុះចត ។

ក្នុងចំណោមមនុស្សស្លាប់ទាំង១៥៧នាក់នៅលើយន្តហោះនោះ គឺមាន៣៥សញ្ជាតិ មានជនជាតិ កេនយ៉ា អេត្យូពី អាមេរិក កាណាដា បារាំង ចិន អេហ្ស៊ីប ស៊ុយអែត អង់គ្លេស ឥណ្ឌា និងជនជាតិហូឡង់ជាដើម ។

ប្រធានភ្នាក់ងារជួយសង្គ្រោះអេត្យូពី បានអោយដឹងថា ជនជាតិដែលបានស្លាប់ច្រើនជាងគេក្នុងឧបទ្ទវហេតុនេះ គឺជនជាតិកេនយ៉ា ដែលមានចំនួនរហូតដល់៣២នាក់ និងបន្ទាប់មកទៀត គឺជនជាតិកាណាដា ដែលមានចំនួន១៨នាក់ ។

រហូតមកដល់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ប្រទេសជិត២០ប្រទេសនៅជុំវិញពិភពលោក បានប្រកាសផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ Boeing 737 Max 8 របស់អាមេរិក ក្រោយហេតុផលមិនមានសុវត្ថិភាពដល់អ្នកដំណើរ ។

ប្រទេសដែលប្រកាសផ្អាកការប្រើប្រាស់យន្តហោះ Boeing 737 Max 8 គឺមានប្រទេសចិន ឥណ្ឌូនេស៊ី អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី អេហ្ស៊ីប ប៊ែលហ៊្សិក ប៊ុលហ្ការី ក្រូអាត ក្រិក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី ហុងគ្រី អ៊ីតាលី និងប្រទេសច្រើនទៀត ។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះ អ្នកជំនាញរបស់ប្រទេសបារាំង បានទទួលយកប្រអប់ខ្មៅទាំងពីររបស់យន្តហោះ Boeing 737 Max 8 ដែលបានធ្លាក់នៅប្រទេសអេត្យូពី ទៅធ្វើការអង្កេតហើយ ដើម្បីអោយដឹងច្បាស់ថាតើការធ្លាក់យន្តហោះនេះបណ្តាលមកពីអ្វី ៕លីលី

អត្ថបទដែលជាប់ទាក់ទង