សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា កូរ៉េ បន្ត​ផ្តល់​ឥណទាន​សម្បទា​នស​រុ​ប​ចំនួន ៧០០ លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា និង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ហើយ​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នៅ​វិមាន​សន្តិភាព​។ វេទិកា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​​ទាំងពីរ​ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ និង​អ្នកវិនិយោគ​ជាច្រើន​ទៀត​នៃ​ប្រទេស​ទាំងពីរ​។​

​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​រួចហើយនោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​គន្លឹះ​សំខាន់ៗ ដោយ​សម្តេច​សូម​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​វត្តមាន ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម និង​គណៈប្រតិភូ​ធុរជន និង​អ្នកវិនិយោគ​កូរ៉េ ដែល​បានធ្វើ​ការសិក្សា​ស្វែងយល់​ដោយផ្ទាល់​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេលនេះ​។​

​សម្តេច​តេ​ជោ បន្តថា កម្ពុជា និង​កូរ៉េ មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ជា​យូរណាស់​មកហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា តែ​ទំនាក់ទំនង​ការទូត​នេះ ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៩៩៧ បន្ទាប់ពី​សម្តេច​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ នា​ខែកក្កដា ឆ្នាំ​១៩៩៦ និង​បានសម្រេច​ឲ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំងពីរ ជា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សាធ​រណ​រដ្ឋ​កូរ៉េ ដែល​តែងតែ​ចូលរួម​ក្នុង​ការស្ដារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​ហិរញ្ញប្បទាន សហប្រតិបត្តិការ និង​ការវិនិយោគ​ដោយផ្ទាល់​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន និង​កិច្ចសហប្រតិបត្តិការ​។

សម្តេច​តេ​ជោ ប្រកាសថា គិតពី​ឆ្នាំ​១៩៩៦ មកដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ប្រទេស​កូរ៉េ បានផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ ៦៣២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​ឥត​សំណង មាន​ប្រមាណ​ជា ៣០០ លាន​ដុល្លារ​អាមេរិក​។ ជាងនេះទៅ​ទៀត សម្រាប់​ឆ្នាំ​២០១៩ ដល់​២០២៣ សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​ផ្តល់​ឥណទាន​សម្បទា​នស​រុ​ប​ចំនួន ៧០០ លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​ទាំងពីរ ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ក្របខណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន​នៃ​មូលនិធិ​សហ​ប្រតិ​ប​ត្ដិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ផ្ដោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ធនធានទឹក និង​សុខមាលភាព​សាធារណៈ វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​វិស័យ​អភិវឌ្ឍន៍ជនបទ មាន​ជាអាទិ៍ គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អាកាសចរ​ស៊ីវិល គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ជាមួយនឹង​ទំហំ​នៃ​ការ​វិភាគទាន​ដ៏​ច្រើន​របស់​រដ្ឋាភិបាល និង​ប្រជាជន​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជួយ​ដល់​ការស្ដារ និង​កសាង​និង​អភិវឌ្ឍន៍​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សូមអោយ​វិស័យ​ឯកជន និង​អ្នកវិនិយោគ​កូរ៉េ ដែល​មិនទាន់​បានមក​កម្ពុជា សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​អំពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា នឹង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​។

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​ស៊ីជម្រៅ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​នៃ​ថ្លៃ​ប្រតិបត្តិការ​ធុរកិច្ច រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ដល់​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។

ក្នុងន័យនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា យើង​បាន​បង្កើត​យន្តការ​សន្ទនា​មួយ ហៅថា វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ស្ថាប័ន អភិបាល​គ្រប់​រាជធានី​ខេត្ត តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ​ប្រមាណ​ជា ៣០០​នាក់ ព្រមទាំង​ដៃគូ​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួនទៀត​ផងដែរ ដែល​យន្តការ​នេះ ផ្ដល់ឱកាស​ឱ្យ​ផ្នែក​ឯកជន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល ពិនិត្យ និង​លើក​វិធានការ​សមស្រប ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។​

​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ សម្តេច​តេ​ជោ នឹង​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​១៨ ហើយ​សម្តេច​នឹងដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច​មួយចំនួន សំដៅ​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា​ពី​ការ​លំអ និង​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ប្រកប​
​ដោយ​គុណភាព​ដល់​ពលករ​កម្ពុ​ជា​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ធានា​ដល់​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិយាកាស​វិនិយោគ ប្រកបដោយ​ភាពអំណោយ​ផល​ជាពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។​

​សម្តេច​តេ​ជោ ក៏​សូម​ជូនពរ​ដល់​ធុរជន​ទាំងអស់ សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍​ទទួលបាន​នូវ​ភាពជោគជ័យ​គ្រប់​ភារកិច្ច​៕​

  

អត្ថបទដែលជាប់ទាក់ទង