ថោង សារ៉ាត់ ដូរពីពេទ្យលោកសង្ឃ ទៅពេទ្យរុស្ស៊ី ដើម្បីរងចាំសាលក្រមសរឿងសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកក្នុងបន្ទប់ប្រស៊ីនត្រជាក់ VIP នៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យព្រះសង្ឃ) អស់រយៈពេលជិត២ឆ្នាំក្រោមហេតុផលមានជំងឺ ដែលវេជ្ជបណ្ឌិតថាមិនឃើញឈឺសោះ ឥឡូវនេះទណ្ឌិតឈ្មោះ ថោង សារ៉ាត់ បានប្តូរទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)វិញ ដើម្បីដេកសរងចាំតុលាការប្រកាសសាលក្រមសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោកជាមេក្លោង។ 

ឯកឧត្តម វេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសមៈ បានប្រាប់ Swift News តាមទូរស័ព្ទដោយក្តីសប្បាយរីករាយនៅថ្ងៃនេះថា ទណ្ឌិត ដែលធ្លាប់មានងារជាឧកញ៉ា ឈ្មោះ ថោង សារ៉ាត់ បានចាកចេញពីមន្ទីរពេទ្យរបស់លោកហើយកាលពីពីរថ្ងៃមុន។ 

ឯកឧត្តម វេជ្ជបណ្ឌិតបានបន្ថែម មុនដំបូងខាងពន្ធនាគារសម្រេចនាំខ្លួនទណ្ឌិតអតីតឧកញ៉ា ថោង សារ៉ាត់ ចេញពីបន្ទប់ VIP ដែលទណ្ឌិតម្នាក់រូបនេះខំចំណាយលុយជាច្រើនជួសជុលយ៉ាងផាសុកភាពទៅពន្ធនាគារព្រៃសវិញ ប៉ុន្តែចុងក្រោយលោកឮដំណឹងថា ទណ្ឌិត ថោង សារ៉ាត់ ត្រូវនាំខ្លួនយកទៅសម្រាកនៅបន្ទប់ VIP នៅមន្ទីរពេទ្យរុស្ស៊ី ដែលជាកន្លែងដែលលោកធ្លាប់សម្រាកជំនួសគុកកាលពីពេលមុនដើម្បីមើលគម្រោងខុនដូ៩៩៩ នៅក្បែររបងមន្ទីរពេទ្យ និងបន្ទប់របស់លោក។ 

ប្រភពពីមន្ត្រីពន្ធនាគារព្រៃស បានបង្ហើបថា បន្ទប់ VIP របស់ទណ្ឌិតអតីតឧកញ៉ា ថោង សារ៉ាត់ នៅមន្ទីរពេទ្យរុស្ស៊ីមានបំពាក់ម៉ាស៊ីនត្រជាក់ ប្រដាប់ដោយបរិក្ខាប្រើប្រាស់ទំនើបៗ មិនចាញ់បន្ទាប់សណ្ឋាគារលំដាប់ផ្កាយ៥នោះទេ។ ជាងនេះទៅទៀត នៅជុំវិញបន្ទប់របស់លោកទណ្ឌិត VIP រូបនេះមានបំពាក់កាមេរ៉ាសុវត្ថិភាពជាច្រើនគ្រាប់ដើម្បីចាប់រូបភាពនៅក្រៅ និងក្នុងបន្ទប់។ 

ប្រភពបន្ដថា ដើម្បីផ្តល់សុវត្ថិភាពជូនអតីតឧកញ៉ាទណ្ឌិត ថោង សារ៉ាត់ ប្រធានពន្ធនាគារព្រៃសបានដាក់កម្លាំងមន្ត្រីយាមកាមយ៉ាងយកចិត្តទុកដាក់ និងអនុញ្ញាតឲ្យទណ្ឌិតរូបនេះប្រើប្រាស់កងអង្គរក្សផ្ទាល់ខ្លួនជាច្រើននាក់មកការពារផងដែរ។ បន្ថែមលើនេះ ក៏មានក្រុមអ្នកបម្រើស្រីៗជាច្រើននាក់មករៀបចំបន្ទប់ និងដឹកម្ហូបអាហារជូនលោកអតីតឧកញ៉ា ដែលកំពុងតែទោសព្រោះរឿងសម្លាប់មនុស្ស។ 

សូមជម្រាបជូនថា លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកំណត់ពេលប្រកាសសាលក្រមសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានទណ្ឌិត ថោង សារ៉ាត់ ជាមេក្លោងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ខាងមុខ។

សំណុំរឿង ឃាតកម្ម មួយនេះមានជនជាប់ចោទចំនួន ៤នាក់រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្សឈ្មោះ សៀង វាសនា ,ឈ្មោះ កូយ ចាន់ថុល ,ឈ្មោះ មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ដែលត្រូវតុលាការចោទថា ក្រុមឃាតករសម្លាប់ជនរងគ្រោះ។ 

សូមបញ្ជាក់ជូនថា នៅគ្រប់សវនាការសរុបជិត ៥០លើកកន្លងមក ជនជាប់ចោទជាកងអង្គរក្សរបស់ទណ្ឌិត ថោង សារ៉ាត់។និងសាក្សីដោះបន្ទុក សុទ្ធតែអះអាងថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។ ចំណែកទណ្ឌិត ថោង សារ៉ាត់ មិនដែលចូលឆ្លើយចំពោះមុខតុលាការក្នុងសវនាការសាធារណៈសូម្បីតែម្តង។

គួររំលឹកថា ជនរងគ្រោះលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ​ ឡោតិចសេង​ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីបើកការស្រាវជ្រាវ និងស៊ើបអង្កេត សមត្ថកិច្ចបានឃាត់ខ្លួនទណ្ឌិត ថោង សារ៉ាត់ និងអង្គរក្សចំនួន ៥នាក់ បញ្ជូនទៅតុលាការ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែលនគរបាលអះអាងថា ជាជនដៃដល់ បានស្លាប់នៅក្នុងពន្ធនាគារ៕(SN-ឡុក សំរិត)

 

អត្ថបទដែលជាប់ទាក់ទង