បើគ្មានការអន្តរាគន៍ទេ អ្នកស្លាប់ដោយសារភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ​នឹងកើនដល់​១០លាននាក់​ក្នុងមួយឆ្នាំ ​

(ភ្នំពេញ)៖ ប្រសិនបើមិនមានអន្តរាគមន៍ណាមួយទេនោះ អត្រាមរណៈរបស់មនុស្សដោយសារភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ១០លាននាក់ក្នុងមួយឆ្នាំ នាឆ្នាំ២០៥០ ហើយអត្រាមរណៈរបស់មនុស្សនៅតំបន់អាស៊ី ត្រូវបានគេរំពឹងថា នឹងមានចំនួនពាក់កណ្តាល នៃអត្រាមរណៈទូទាំងពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងដៃគូកម្ពុជា ដែលផ្សព្វផ្សាយក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី បទបញ្ញត្តិក្នុងការទប់ស្កាត់ភាពស៊ាំនឹងឱសថ​ប្រឆាំងមេរោគ នៅកម្ពុជា នា​ព្រឹកថ្ងៃទី១៥ ខែមីនានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ កើតមានឡើងនៅពេលដែលមេរោគ មានភាពស៊ាំទៅនឹងឱសថប្រឆាំងនឹងវា ហើយធ្វើឲ្យជំងឺមានការពិបាកក្នុងការព្យាបាល។ ការប្រើប្រាស់ឱសថប្រឆាំងមេរោគច្រើនហួសប្រមាណ និងមិនបានត្រឹមត្រូវ នាំឲ្យថយចុះប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺឲ្យជាសះស្បើយ។ ជាពិសេស បង្កផលលំបាកក្នុងការព្យាបាលជំងឺឆ្លងធម្មតាមួយចំនួនដូចជា ជំងឺរលាកសួត ជំងឺរបេង និងជំងឺរាគ ដែលនាំឲ្យអត្រាមរណៈមនុស្ស និងសត្វកើនឡើង។

ជារៀងរាល់ឆ្នាំ ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ត្រូវបានគេប៉ាន់ប្រមាណថា នឹងសម្លាប់មនុស្សជាង ៧សែននាក់ទាំងពិភព​លោក​៕

 

អត្ថបទដែលជាប់ទាក់ទង