មន្ត្រីជំនាញ​អំពាវឲ្យប្រជាពលរដ្ឋ ​កុំបារម្ភចំពោះ​ការ​បរិភោគ​សាច់ជ្រូក​

(ភ្នំពេញ)៖ ថ្មីៗនេះ​ មានការរាត្បាតជំងឺលើសត្វជ្រូក​ ដែលហៅថាជំងឺប៉េស្តជ្រូកអាហ្វ្រិក​ នៅប្រទេសមួយចំនួនធំ ហើយបាននិង​កំពិងរីករាលដាលជិតដល់ប្រទេសកម្ពុជា។ ទោះបីជាមានការឆ្លងខ្លាំងលើសត្វជ្រូកដែលបណ្តាលឲ្យឈឺ និងងាប់​ច្រើន​ក្តី តែជំងឺនេះមិនបង្កឲ្យប៉ះពាល់ដល់សុខភាពមនុស្សឡើយ​។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី បទបញ្ញត្តិក្នុងការទប់ស្កាត់ភាពស៊ាំនឹងឱសថ​ប្រឆាំងមេរោគ នៅកម្ពុជា នា​ព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ឯកឧត្តម តាន់ ផាន់ណា​រ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព​សត្វ និង​ផលិត​កម្ម​សត្វនៃ​ក្រសួងកសិកម្ម បានឱ្យដឹងថា មួយរយៈកន្លងមក ក្រសួងសុខាភិបាលបានបង្ហោះព័ត៌មានពាក់ព័ន្ធនឹងជំងឺជ្រូក ហើយជំងឺនេះមិនប៉ះពាល់ដល់សុខភាពមនុស្សទេ។

ឯកឧត្តមបានថ្លែងថា៖ «ជំងឺនេះមិនឆ្លងមកមនុស្សទេ ដូច្នេះបើមានបញ្ហាអ្វីក៏ដោយសូមក្រសួងសុខាភិបាល មេត្តាកុំនិយាយ​ពីសុខភាពសត្វ គ្រោះថ្នាក់។ គ្រោះថ្នាក់មិនមែនតែក្រសួងកសិកម្មទេ តែអ្វីដែលគ្រោះថ្នាក់ខ្លាំង គឺអ្នកចិញ្ចឹមសត្វ ព្រោះគ្រាន់តែបង្ហោះពីបញ្ហានេះភ្លាម ប្រជាពលរដ្ឋលែងចង់បរិភោគសាច់ជ្រូកហើយ សូម្បីតែយើងមិនទាន់មានជំងឺជ្រូកផង»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ជម្ងឺប៉េស្តអាហ្រ្វិក(ASF) មិនឆ្លងមកមនុស្ស ឬសត្វផ្សេងខុសពីជ្រូកទេ ហើយការទទួលទានសាច់ជ្រូកគឺមានសុវត្ថិភាព 100%។ សមាគមអ្នកចិញ្ចឹមសត្វ បានព្រមានបញ្ឈប់ការចែករំលែកព័ត៌មានក្លែងក្លាយ ហើយអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ រួមគ្នាជួយគ្នាទៅវិញទៅមក ប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យមានការលួចនាំចូលជ្រូកខុសច្បាប់ សាច់ជ្រូក និងផលិតផលសាច់ជ្រូកពីគ្រប់ប្រទេសទាំងអស់ដែលកំពុងផ្ទុះជំងឺ ដើម្បី​ទប់ស្កាត់រាល់ហានិភ័យទាំងអស់។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ឈ្មួញនាំជ្រូករស់ សាច់ជ្រូកចូលខុសច្បាប់ពីប្រទេសហាមឃាត់ គឺមានបំណងបំភ្លិចបំផ្លាញអ្នកចិញ្ចឹមសត្វក្នុងស្រុក និងធ្វើឲ្យមានជំងឺផ្ទុះឡើង ធ្វើឲ្យកម្ពុជាប្រឈមកង្វះសាច់ជ្រូកក្នុងពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង