លោក​ប្រធានាធិបតី​កូរ៉េ និង​ភរិយា ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក កាលពី​ម៉ោង ៩ ព្រឹក ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ លោក​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន និង​ភរិយា បាន​អញ្ជើញ​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជវាំង​។ ពិធីត្រួតពល បដិសណ្ឋារកិច្ច​លោក​ប្រធានាធិបតី​កូរ៉េ ត្រូវបាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ប្រទាន​ដល់​លោក​ប្រធានាធិបតី និង​ភរិយា មុននឹង​ព្រះអង្គ ទទួល​ជួប​សវនាការ​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​។​

​លោក​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន និង​ភរិយា បាន​អញ្ជើញ​មកដល់​ភ្នំពេញ តាម​យន្តហោះ​ពិសេស កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច ៣​ថ្ងៃ នៅ​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា បន្ទាប់ពី​ចូលគាល់​ព្រះមហាក្សត្រ លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ នៅ​វិមានឯករាជ្យ និង​នៅ​ព្រះ​បរម​រូប​សម្តេចព្រះ​នរោត្តម សីហនុ មុនពេល​លោក​ប្រធានាធិបតី ជួបពិភាក្សា​ការងារ ចរចា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ចូលរួម​វេទិកា​ធុរកិច្ច​កូរ៉េ​-​កម្ពុជា​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក នៅ​ព្រលប់​ថ្ងៃទី​១៥ ខែមីនា​នេះ ព្រះករុណា ព្រះមហាក្សត្រ សម្រេច​ព្រះបរមនាថ នរោត្តម សីហនុ នឹង​ជួប​លោក​ប្រធានាធិបតី និង​ភរិយា ជាថ្មីទៀត ក្នុង​ពិធី​លៀង​សាយភោជន៍ នៅក្នុង​ព្រះបរមរាជវាំង​។​

​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​ភរិយា រួមទាំង​គណៈប្រតិភូ នឹង​អញ្ជើញ​ទៅលេង​ប្រាសាទអង្គរវត្ត​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ មុនពេល​លោក​ចាក​ចេញពី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៦ ខែមីនា​៕​

អត្ថបទដែលជាប់ទាក់ទង