ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ស្ដី​ពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ ជូន​ដល់​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ នៃ​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ និង​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ នៃ​ខេត្តកំពង់ធំ​

(​កំពង់ធំ)​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១០​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៩​ បេឡា​ជាតិ​របប​សន្ដិ​សង្គម​ (​ប​.​ស​.​ស​)​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ សហការ​ជាមួយ​សាលាខេត្ត​កំពង់ធំ​ បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ ជូន​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ នៃ​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ សុខ​ លូ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ នៃ​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ តំណាង​មន្ទីរ​ និង​អង្គភាព​ពាក់ព័ន្ធ​នានា​ សរុប​ប្រមាណ​ជាង​ ១៥០​នាក់​។​

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខាងលើ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ឱ្យ​សមាជិក​ ប​.​ស​.​ស​ ទាំងអស់​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ ស្ដី​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ប័ណ្ណសមាជិក​ ប​.​ស​.​ស​ និង​នីតិវិធី​នៃ​ការ​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប​.​ស​.​ស​ ដោយ​ឥត​បង់ថ្លៃ​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ ប​.​ស​.​ស​ បាន​ផ្ដល់​ជូន​។​

​ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ​ និង​វាយតម្លៃ​ខ្ពស់​ ព្រមទាំង​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ប​.​ស​.​ស​ ដែល​បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ​ និង​ការ​លំបាក​នានា​ រហូត​សម្រេច​បាន​សមិទ្ធិ​ផល​នានា​ជា​ច្រើន​នា​ពេល​កន្លង​មក​។​ នេះ​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​សម្រេច​ជោគជ័យ​នូវ​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​ឱកាស​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ប​.​ស​.​ស​ ក៏​បាន​ប្រគល់​ប័ណ្ណសមាជិក​របស់​ខ្លួន​ចំនួន​ សរុប​ចំនួន​ ២៣៥​ប័ណ្ណ​ ជូន​មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ ដែល​ក្នុង​នោះ​រួម​មាន​ មន្ត្រីរាជការ​ រដ្ឋបាល​ ក្រុង​/​ស្រុក​ និង​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​នានា​ នៃ​ខេត្តកំពង់ធំ​ ដើម្បី​ឱ្យ​ពួក​គាត់​ទាំងអស់​ទទួល​បាន​សេវា​ថែទាំ​សុខភាព​នៅ​គ្រប់​មន្ទីរពេទ្យ​ដែល​បា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប​.​ស​.​ស​ ដោយ​ឥត​គិតថ្លៃ​ រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត​ពី​ ប​.​ស​.​ស​ ៕​

អត្ថបទដែលជាប់ទាក់ទង