ផ្ទុះករណីសត្វជ្រូកឈឺ​នៅព្រំប្រទល់រវាងខេត្តក្រចេះ​និង​ខេត្តរតនគិរី​

(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព​សត្វ និង​ផលិតកម្ម​សត្វនៃ​ក្រសួងកសិកម្ម ឯកឧត្តម តាន់ ផាន់ណា​រ៉ា បានឲ្យដឹងថា ថ្មីនេះៗ នៅកណ្តាលខេត្តជាប់ទល់ដែនប្រទេសកម្ពុជា ដែលជាប់នឹងខេត្តក្រចេះ និងខេត្តរតនគិរី មានករណីសត្វជ្រូក​ឈឺកើតឡើង។ ឯកឧត្តមបញ្ជាក់ថា ករណីនេះកើតឡើងស្របពេលដែលក្រសួងកសិកម្ម កំពុងព្រួយបារម្ភជាខ្លាំងចំពោះការរាត្បាត​ជំងឺប៉េស្តជ្រូកអាហ្វ្រិក​ ដែលខិតជិតមកដល់ប្រទេសកម្ពុជា។

ការលើកឡើងរបស់មន្ត្រីក្រសួងកសិកម្មខាងលើ ធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី បទបញ្ញត្តិក្នុងការទប់ស្កាត់ភាពស៊ាំនឹងឱសថ​ប្រឆាំងមេរោគ នៅកម្ពុជា នា​ព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម តាន់ ផាន់ណា​រ៉ា បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ថា បើសិនមានសត្វឈឺក្នុងករណីណាមួយក៏ដោយ ត្រូវមានការប្រយ័ត្ន។ ប្រុងប្រយ័ត្នជាពិសេសទៅលើការផ្សព្វផ្សាយពីករណីសត្វជ្រូកឈឺ ដែលជាបញ្ហារសើប និងធ្វើឲ្យប៉ះពាល់ទៅដល់អ្នកចិញ្ចឹមសត្វ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ​ មានការរាត្បាតជំងឺថ្មីមួយ​ ដែលមានការឆ្លងខ្លាំងទាំងនៅលើសត្វជ្រូកស្រុក​ និងជ្រូកព្រៃ​ ដែលហៅថាជំងឺប៉េស្តជ្រូកអាហ្វ្រិក​ នៅប្រទេសមួយចំនួនធំនៅប្រទេសអាហ្រ្វិក​ និងបានចំលងមកប្រទេសចិន​ និងមកប្រទេស​វៀតណាម​ផ្នែកខាងជើង​។ ហើយឥលូវ ជំងឺនេះបានរីករាលដាល​ដល់ភាគកណ្ដាលប្រទេសវៀតណាមហើយ។

ជុំវិញបញ្ហានេះ ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ​ក៏​ដូច​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ បាន​ចាត់វិធានការ​ម៉ឺងម៉ាត់​​ដោយ​លែង​ឲ្យ​អ្នករកស៊ី​នាំ​ជ្រូក​​ពី ​វៀតណាមចូលមកកម្ពុជាទៀតឡើយ។ ហើយអាជ្ញាធរខេត្តពាក់ព័ន្ធជាប់ព្រំប្រទល់​វៀតណាម បាននិងកំពុងត្រួតពិនិត្យបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ដឹងសត្វជ្រូកតាមរថយន្តខុសច្បាប់ ចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង