និស្សិត​កម្ពុជា​ចំនួន​១០​រូប​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២៦​ ខែមីនា​

(​ភ្នំពេញ)​៖​ តាម​រយៈ​ការ​អញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន​ និស្សិត​កម្ពុជា​ចំនួន​១០​រូប​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ រួម​ជាមួយនឹង​និស្សិត​នៃ​ បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ទី​ម័​រ​ខាងកើត​ ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់​ប្តូរ​សិស្ស​ និស្សិត​ និង​យុវជន​រវាង​ប្រទេស​ជប៉ុន​ និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា​JENESYS​ 2018​។​

​និស្សិត​ប្រតិភូ​ទាំងអស់​ នឹង​ត្រូវ​បែងចែក​ជា​៤​ក្រុម​ ដោយ​យោង​តាម​ប្រធានបទ​នីមួយៗ​ ដូច​ជា​ ទេសចរណ៍​ចំណីអាហារ​ ការ​ការពារ​គ្រោះ​មហន្តរាយ​ ប្រវត្តិសាស្ត្រ​និង​បរិស្ថាន​នៃ​ចង្វាក់​ផលិតកម្ម​ ព្រមទាំង​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ និង​ចូលរួម​ស្តាប់​បទ​បង្ហាញ​ដោយ​អ្នកជំនាញ​នៃ​ប្រធានបទ​នីមួយៗ​ ព្រមទាំង​ទៅ​ទស្សនា​នៅ​តំបន់​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ប្រធានបទ​។​ ពួក​គាត់​ ក៏​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ជាមួយ​និស្សិត​ជប៉ុន​ ព្រមទាំង​សាកល្បង​ស្វែង​យល់​ពី​វប្បធម៌​ជប៉ុន​។​ សូម​មើល​តារាង​ព័ត៌មាន​លម្អិត​ស្តី​ពី​កាលបរិច្ឆេទ​ដែល​មាន​ភ្ជាប់​។​

​កម្មវិធី​ JENESYS​ មាន​គោលបំណង​ជម្រុញ​ការ​យល់​ដឹង​ និង​ការ​បង្កើត​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន​ និង​បណ្តា​ប្រទេស​ចូលរួម​ និង​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ចំណងមិត្តភាព​នា​ពេល​អនាគត​។​ តាម​រយៈ​កម្មវិធី​នេះ​ ក្រសួងការបរទេស​ជប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២០០០​នាក់​ហើយ​ តាំងពី​ឆ្នាំ​២០០៧​មក ៕


អត្ថបទដែលជាប់ទាក់ទង