ប្រធាន​បក្ស​ខ្មែរ​ក្រោក ព្រម​កែសម្រួល​ពាក្យពេចន៍​តាម​ហ្វេ​ស​ប៊ុ​ក តែ​ឌឺដង​ឲ្យ​សាលាក្រុង​!

(​ភ្នំពេញ​)៖ ភ្លាមៗ ក្រោយពី​សាលា​រាជធានី​ភ្នំពេញ បានចេញ​លិខិត​ឲ្យ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កែតម្រូវ​អត្ថបទ​នៃ​ការ​បង្ហោះ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស៊​បុក កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ រួចមក កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​ព្រម​កែសម្រួល​នូវ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដែល​លោក​ប្រធាន​ខ្មែរ​ក្រោក​នេះ បាន​ប្រដូច​ការប្រកាស​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទៅនឹង​សំឡេង​ឆ្កែ​ព្រុស ពាក់ព័ន្ធ​នឹង​ការហាមឃាត់​រថយន្ត​ធំៗ មិន​ឲ្យ​ចូល​ក្រុង មិនមាន​ប្រសិទ្ធភាព​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​លើកឡើងថា «​សម្រាប់​ខ្ញុំ សិទ្ធ​នៃ​ការ​ស្ដាប់​របស់ខ្ញុំ គឺ​ស្ដាប់ គី​គី​ព្រុស វា​ពិ​រោះ​ជាង​ ​ហើយ​ពុំមាន​ចេតនា​ណា​ហ៊ាន​ទៅ​ប្រមាថ​អស់លោក​ទេ នេះ​ជា​សេរីភាព​នៃ​ការ​ស្ដាប់​របស់ខ្ញុំ​»​។​

​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បន្ថែមថា «​តែ​ពាក្យ​មួយ​ឃ្លា ដែល​ងាយ​យល់​នេះ បើ​បង្ក​ជាការ​ភ័ន្តច្រឡំ ខ្ញុំ​ឯកភាព​ក្នុងការ​កែប្រែ​។ ដើម្បី​ចៀសវាង​នៃ​ការភ័ន្តច្រឡំ និង​កុំអោយ​រំខាន​ពេល​សាលាក្រុង​មកប្ដឹង​ខ្ញុំ ! ដើម្បីអោយ​សាលាក្រុង​យក​ពេលនោះ បំរើសេវា​សាធារណៈ ជាពិសេស​យក​ពេល​ចាត់វិធានការ​លើ​ឡានធំ​ចូល​ក្រុង​វិញ​»​។​

​សូមបញ្ជាក់ថា ក្នុង​លិខិត ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ សាលា​រាជធានី​ភ្នំពេញ បានចាត់ទុក​ការប្រដូច​ប្រសាសន៍​របស់លោក​ឃួ​ង​ស្រេង ទៅនឹង​ឆ្កែ​ព្រូស គឺជា​ពាក្យពេចន៍​អសីលធម៌ ក្នុង​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ ធ្វើ​ឲ្យ​មតិសាធារណៈ​មានការ​ភ័ន្ត​ច្រ​លំ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូ​របស់​អ្នករាជការ​សាធារណៈ និង​ស្ថាប័ន​សាលា​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​លិខិត​ជូន​លោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ថា «​ដើម្បី​រក្សា​តម្លៃ​តួនាទី ជា​ប្រធាន​គណបក្ស​មួយរូប ផ្តល់​តម្លៃ​ជូន​មន្ត្រីរាជការ​សាធារណៈ និង​ដើម្បី​ផ្តល់ជូន​ព័ត៌មាន​សុ​ក្រឹត្យ និង​ត្រឹមត្រូវ​ដល់​សាធារណជន រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​លោក​ប្រធាន​ពិនិត្យ​ខ្លឹមសារ កែតម្រូវ​អត្ថបទ​ឡើងវិញ ចៀសវាង​ការពិចារណា​នូវ​ចំណាត់ការ​តាមផ្លូវ​តុលាការ ក្នុង​បទ “​ការប្រមាថ និង​ការ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​»៕​

អត្ថបទដែលជាប់ទាក់ទង