សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបចរចា​ទ្វេភាគី ជាមួយ​ប្រធានាធិបតី​កូរ៉េ នៅ​វិមាន​សន្តិភាព​

(​ភ្នំពេញ​)៖ នៅ​ម៉ោង ១១​ព្រឹក ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួបចរចា​ទ្វេភាគី ជាមួយ​ប្រធានាធិបតី​កូរ៉េ នៅ​វិមាន​សន្តិភាព​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានទទួល​សា្វគ​មន៍ ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ភរិយា និង​ទទួលទាន​អាហារ​ពេល​ល្ងាច ជា​លក្ខណៈ​គ្រួសារ នៅ​សណ្ឋាគារ The Great Duke (InterCon) ក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​ជួបចរចា​ទ្វេភាគី សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​កូរ៉េ នឹង​អញ្ជើញ​ជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​។ នៅ​រសៀល​ម៉ោង ១២ និង ៣០ នាទី ថ្ងៃទី​១៥ ខែមីនា លោក មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ចូលរួម​វេទិកា​ធុរៈកិច្ច​កម្ពុជា​-​កូរ៉េ ផងដែរ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៥​មីនា​នេះ លោក​ប្រធានាធិបតី MOON JAE-IN និង​លោកជំទាវ បាន​អញ្ជើញ​ទៅកាន់​ព្រះបរមរាជវាំង ដើម្បី​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹមនឹងនោះ គណៈប្រតិភូ​ជាន់ខ្ពស់ ក៏បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​នៅ​វិមានឯករាជ្យ វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ បន្ទាប់មក​នៅវេលា​ម៉ោង​១១​ថ្ងៃ​ព្រឹក​ថ្ងៃទី​១៥​មីនា​នេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង អញ្ជើញ​ជួបចរចា ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ( កូរ៉េខាងត្បូង ) និង​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កូរ៉េ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ តាម​យន្តហោះ​ពិសេស កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​។​

​តាម​កម្មវិធី ដែល​បាន​គម្រោង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ លោក​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត មុនពេល​លោក​ចាក​ចេញពី​ភ្នំពេញ នៅពេល​រសៀល​។​

​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣​ថ្ងៃ របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន នៅ​កម្ពុជា នាពេលនេះ បានធ្វើ​ឡើង តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច លើក​ទី​៣ របស់​ប្រធានាធិបតី​កូរ៉េ មកកាន់​ប្រទេស​កម្ពុជា ដោយ​លើក​ទី​១ កាលពី​ឆ្នាំ​២០០៦ គឺ​លោក រូ មូ​យុន ( Roh Moo-hyun ) ហើយ​លើក​ទី​២ នៅ​ឆ្នាំ​២០០៩ លោក លី ម្យុ​ង​បាក់ (Lee Myung-Bak) ក៏បាន​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង