អាមេរិកសម្រេចចិត្តមិនឲ្យហោះហើរយន្តហោះ Boeing 737 Max 8 និង 9 ​ដើម្បីសុវត្ថិភាព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ​ថា សហរដ្ឋអាមេរិក បានហាមឃាត់មិនឲ្យធ្វើការហោះហើរយន្តហោះ Boeing 737 Max 8 និង 9 ទាំងអស់ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសសំខាន់ចុងក្រោយគេបង្អស់ បន្ទាប់ពីកាណាដា ក្រោយ​ហេតុការណ៍ធ្លាក់យន្ដហោះចំនួន២ករណី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

​លោក ត្រាំ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា «យន្តហោះទាំងអស់ ត្រូវហាមមិនឲ្យធ្វើការហោះហើរ គឺត្រូវមានប្រសិទ្ធភាពភ្លាមៗ» ដោយសំដៅ លើការប្រែប្រួលរបស់ Boeing 737 Max។

គាត់បាននិយាយថា «សុវត្ថិភាពពលរដ្ឋអាមេរិក, មនុស្សទាំងអស់គឺជាកង្វល់របស់យើង»។

គួរ​រំឭកថាយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlinesដែលធ្វើដំណើរពីទីក្រុង Addis Ababa ទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា បានធ្លាក់កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់។ ហើយយន្តហោះ Boeing 737 Max 8 ក៏បានធ្លាក់ផងដែរ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី ដោយសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ នៅលើយន្តហោះនោះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង