វិភាគៈ ជប៉ុនអបអរសាទរចំពោះបរាជ័យនៃជំនួប លោក ត្រាំ និងលោក គីម នៅវៀតណាម

ក្រុមអ្នកអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានលើកឡើងថា ជប៉ុនជាប្រទេសមួយនៅលើពិភពលោក ដែលសប្បាយរីករាយជាងគេបំផុតចំពោះបរាជ័យនៃជំនួបចរចាលើកទីពីរ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម ។

មូលហេតុដែលជប៉ុនសប្បាយចិត្តចំពោះបរាជ័យក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺដោយសារជប៉ុនយល់ថា បរាជ័យក្នុងជំនួបចរចា វាប្រសើរជាងសម្រេចបានកិច្ចព្រមព្រៀងមិនល្អ ។

អ្នកនយោបាយរបស់ប្រទេសជប៉ុនយល់ឃើញថា លោក ដូណាល់ ត្រាំ មិនបានយកក្តីកង្វល់របស់ជប៉ុនទៅទុកក្នុងចិត្តទេ ក្នុងជំនួបចរចាលើកទីពីរជាមួយលោក គីម ជុងអ៊ុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

លទ្ធផលនៃការស្ទង់មតិ ដែលត្រូវបានធ្វើឡើងលើអ្នកនយោបាយ និងពលរដ្ឋជប៉ុន ក្រោយជំនួបលោក ត្រាំ និងលោក គីម បានបង្ហាញ ជនជាតិជប៉ុនជាង៣០% មិនជឿជាក់លើលោក ត្រាំ ដែលអាចយកក្តីកង្វល់របស់ជប៉ុនទៅដោះស្រាយជាមួយកូរ៉េខាងជើងនោះទេ ។

ក្តីកង្វល់របស់ជប៉ុនពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើងមានពីរសំខាន់ គឺមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង និងជនជាតិជប៉ុនដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រត់កាលពីអតីតជាង៤ទសវត្សរ៍កន្លងទៅ ។

អ្នកអង្កេតការណ៍ជប៉ុនលើសំណុំរឿងកូរ៉េខាងជើង បានបង្ហើបថា លោក ត្រាំ មិនបានលើកឡើងពីមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមរបស់កូរ៉េខាងជើងទេ ក្នុងជំនួបលើកទីពីរជាមួយលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម គឺលោក ត្រាំ បានលើកឡើងតែមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដែលគម្រាមកំហែងលើទឹកដីអាមេរិក ។

សំណុំរឿងជនជាតិជប៉ុន ដែលកូរ៉េខាងជើងបានចាប់ពង្រត់កាលពីជាង៤០ឆ្នាំកន្លងទៅ ក៏លោក ត្រាំ មិនបានយកទៅដាក់លើតុដើម្បីដោះស្រាយជាមួយលោក គីម ជុងអ៊ុន ដែរ ដែលនេះគឺជាមូលហេតុនាំអោយជប៉ុនសប្បាយចិត្តចំពោះបរាជ័យនៃជំនួបនោះ ។

សូមបញ្ជាក់ជូនថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ ចង់បានកិច្ចព្រមព្រៀងរវាងអាមេរិក និងកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងអោយបានឆាប់នៅពេលខាងមុខ ។

ប៉ុន្តែកិច្ចព្រមព្រៀងរវាងអាមេរិក និងកូរ៉េខាងជើង ដែលអាចនឹងសម្រេចបាន គឺត្រូវតែជាកិច្ចព្រមព្រៀងដែលបូករួមបញ្ចូលទាំងក្តីកង្វល់របស់ជប៉ុនផងដែរ ដោយមិនមែនជាពង្រាងនៃកិច្ចព្រមព្រៀង ដែលបរាជ័យនៅវៀតណាមនោះទេ ។

អ្នកអង្កេតការណ៍ជប៉ុនលើសំណុំរឿងកូរ៉េខាងជើង បានលើកឡើងថា បរាជ័យនៃជំនួបចរចាលើកទីពីររវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន គឺជាការផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់អាមេរិក និងជប៉ុន ក្នុងការរៀបចំអោយមានពង្រាងនៃកិច្ចព្រមព្រៀងល្អមួយ ជាមួយកូរ៉េខាងជើងនៅពេលខាងមុខ ។

លោក ស្តេហ្វិន បេហ្គិន (Stephen Biegun) គណៈកម្មការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក និងជាអ្នកតំណាងពិសេសរបស់លោក ដូណាល់ ត្រាំ សម្រាប់កូរ៉េខាងជើង បានអោយដឹងថា អាចនឹងចាប់ផ្តើមចរចាជាថ្មីជាមួយកូរ៉េខាងជើង ។

លោក ស្តេហ្វិន បេហ្គិន បានបន្ថែមថា កិច្ចចរចាសារជាថ្មីរវាងអាមេរិក និងកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង នឹងចាប់ផ្តើមពីមន្ត្រីថ្នាក់ទាបរហូតដល់ខ្ពស់ ។

ទាក់ទិននឹងការលើកឡើងរបស់លោក ស្តេហ្វិន បេហ្គិន ក្រុមអ្នកតាមដាននយោបាយកូរ៉េខាងជើងបានលើកឡើងថា អាមេរិកកំពុងរុញថយក្រោយវិញ នូវដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយការចាប់ផ្តើមចរចាសារថ្មីឡើងវិញ ៕លីលី

អត្ថបទដែលជាប់ទាក់ទង