វិភាគៈ បារាំងហាក់ដូចជាចង់ហួសពេលហើយ ក្នុងការដណ្តើមប្រទេសជីប៊ូទីពីចិនមកវិញ

ក្រុមអ្នកជំនាញជាច្រើនខាងកិច្ចការនយោបាយអន្តរជាតិ បានលើកឡើងថា មេដឹកនាំរបស់ប្រទេសបារាំង ហាក់ដូចជាចង់ហួសពេលទៅហើយ ក្នុងការដណ្តើមប្រទេសជីប៊ូទី ពីដៃរបស់ប្រទេសចិន ក្រោយពីបារាំងបានបំភ្លេចប្រទេសនេះចោលមួយរយៈ ។

លោក ម៉ាត់ ស៊ីអឺល័រ (Matt Zierler) អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាមួយក្នុងរដ្ឋ មីឈីគែន (Michigan State University) សហរដ្ឋអាមេរិក បានលើកឡើងថា ទំរាំងតែដឹងខ្លួន បារាំងចង់ហួសពេលទៅហើយក្នុងការទាញប្រទេសជីប៊ូទីអោយនៅជិតខ្លួន ។

បារាំងចង់ហួសពេលនៅត្រង់ថា ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ មេដឹកនាំរបស់ប្រទេសបារាំង មិនដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជីប៊ូទី ទេ ដែលនេះជាការបង្ហាញអោយឃើញពីទំនាក់ទំនងរវាងបារាំង និងជីប៊ូទី កាន់តែឃ្លាតឆ្ងាយពីគ្នា ។

កាលពីថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩នេះ ប្រធានាធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើដំណើរទៅកាន់ប្រទេសជីប៊ូទី រយៈពេលពីរថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃពុធ នៅសប្តាហ៍នេះ ។

ដំណើរទស្សនកិច្ចរបស់លោក អេម៉ានូអែល ម៉ាក្រុង ទៅកាន់ជីប៊ូទី គឺត្រូវបានធ្វើឡើងក្នុងបំណងរឹតចំណងមិត្តភាពឡើងវិញរវាងបារាំង និងជីប៊ូទី ដើម្បីកាត់បន្ថយឥទ្ធិពលយោធារបស់ប្រទេសចិន ដែលចេះតែកើនឡើងជាលំដាប់នៅក្នុងប្រទេសនេះ និងក្នុងតំបន់ ។

នេះជាលើកដំបូងហើយសម្រាប់រយៈពេល៩ឆ្នាំ ដែលប្រធានាធិបតីបារាំង បានជាន់ដីនៃប្រទេសជីប៊ូទី ដែលកាលពី៩ឆ្នាំមុន អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ជីប៊ូទីម្តង ។

ជីប៊ូទី គឺជាប្រទេសស្ថិតនៅក្រោយមអាណានិគមរបស់បារាំង ដែលទើបនឹងទទួលបានឯករាជ្យកាលពីឆ្នាំ១៩៧៧កន្លងទៅនេះទេ ប៉ុន្តែអ្វីដែលនាំអោយជីប៊ូទីឃ្លាតឆ្ងាយពីបារាំង គឺដោយសារបារាំងបានទុកប្រទេសជាអតីតកូនចៅរបស់ខ្លួនអោយនៅរងាម្នាក់ឯង ។

ខណៈដែលឃើញជីប៊ូទីនៅកំព្រាម្នាក់ឯង ក្រោយពីបារាំងលែងគិតគូរ ប្រទេសចិនបានចូលទៅមើលការខុសត្រូវជីប៊ូទីជំនួសបារាំងវិញ ដោយចិនបានប្រើទឹកលុយជះទៅលើជីប៊ូទីរហូតដល់ចិនបានក្លាយទៅជាម្ចាស់បំណុលធំជាងគេរបស់ជីប៊ូទី ។

ជីប៊ូទីមានផ្ទៃដីជាង២៣០០០គីឡូម៉ែត្រក្រឡា និងមានប្រជាជនប្រមាណជាង៩៥ម៉ឺននាក់ប៉ុណ្ណោះ គឺមិនដល់មួយលាននាក់ផង ហើយប្រទេសនេះ ពឹងផ្អែកលើការជួយជ្រោមជ្រែងពីប្រទេសដ៏ទៃទៀត ទាំងស្បៀងអាហារ និងសន្តិសុខជាដើម ។

ហេតុនេះហើយ បានជាជីប៊ូទីត្រូវការលុយពីចិនជាបន្តបន្ទាប់ ដូចជាប្រាក់កម្ចី ដែលមានការប្រាក់ទាប និងជំនួយឥតសំណងជាដើម ដែលរហូតដល់ឆ្នាំ២០១៩នេះ ប្រាក់បំណុល របស់ចិន ស្មើនឹង២ភាគ៣នៃប្រាក់បំណុលសរុបរបស់ប្រទេសនេះ ។

មូលហេតុដែលចិនឆក់យកជីប៊ូទីពីបារាំង គឺដោយសារតែប្រទេសនេះមានលក្ខណៈទីតាំងភូមិសាស្ត្រល្អជាងគេនៅតំបន់ញកអាហ្វ្រិក (Horn of Africa) និងជាទីតាំងយុទ្ធសាស្ត្រល្អជាងគេផងដែរនៅតំបន់អាហ្វ្រិក ។

ក្នុងនាមជាប្រទេសអតីតអាណានិគម បារាំងបានបន្តរក្សាមូលដ្ឋានយោធារបស់ខ្លួននៅជីប៊ូទីកាលពីឆ្នាំ២០១១, អាមេរិកបើកមូលដ្ឋានទ័ពនៅប្រទេសនេះដែរនៅឆ្នាំ២០០២, ជប៉ុននៅឆ្នាំ២០១១, អារ៉ាប៊ី សាអូឌីតនៅឆ្នាំ២០១៧ និងមានមូលដ្ឋានទ័ពរបស់ប្រទេសអេស្បាញ អ៊ីតាលី និងមូលដ្ឋានទ័ពរបស់ប្រទេសអាល្លឺម៉ង់ជាដើម ។

ចំណែកខាងប្រទេសចិនវិញ ក៏បានបើកមូលដ្ឋានយោធារបស់ខ្លួនធំជាងគេនៅប្រទេសជីប៊ូទី ដែរ កាលពីឆ្នាំ២០១៧កន្លងទៅ ដែលដាក់ឈរជើងកងកម្លាំងយោធាបានរហូតដល់ជាងមួយម៉ឺននាក់ និងគ្រឿងយុទ្ធោបករណ៍ទំនើបៗផ្សេងទៀត ៕លីលី

អត្ថបទដែលជាប់ទាក់ទង