វិភាគៈ ភាពតានតឹងនៅឧបទ្វីបកូរ៉េ អាចជំរុញកូរ៉េខាងជើងឲ្យបាញ់សាកល្បងមីស៊ីលសារជាថ្មី

ក្រោយពីជំនួបចរចាជាលើកទីពីរ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម បានទទួលបរាជ័យ ភាពតានតឹងនៅឧបទ្វីកូរ៉េហាក់ដូចជាកើតឡើងវិញ ។

ប្រភពដែលនាំអោយមានភាពតានតឹងឡើងវិញនៅឧបទ្វីកូរ៉េ គឺដោយសារកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឡើងវិញនៅលើទឹកដីកូរ៉េខាងត្បូង ដែលជាប្រទេសជាប់ព្រំដែនជាមួយកូរ៉េខាងជើង ។

ថ្វីត្បិតតែសមយុទ្ធយោធារួមគ្នារវាងកងកម្លាំងយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនមែនជាសមយុទ្ធយោធាទ្រង់ទ្រាយធំដូចសព្វមួយដងក៏ដោយ ក៏សមយុទ្ធយោធានេះបានធ្វើអោយកូរ៉េខាងជើងក្តៅក្រហាយដែរ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសរួមគ្នាក្នុងការបើកធ្វើសមយុទ្ធយោធាប្រចាឆ្នាំរួមគ្នា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយតូច ឫអាចហៅថា ជាការហាត់សមយោធាប៉ុណ្ណោះ ។

ទាក់ទងនឹងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកនេះ កូរ៉េខាងជើងមិនបានឆ្លើយតបអ្វីទេ ប៉ុន្តែបើតាមការវិភាគលើរូបភាពដែលថតបានតាមផ្កាយរណបអាមេរិកបានបង្ហាញថា កូរ៉េខាងជើងទំនងជាកំពុងរៀបចំបាញ់សាកល្បងមីស៊ីលឡើងវិញ ។

អង្គភាពឃ្លាំមើលកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក ដែលឈ្មោះថា 38 North បានឲ្យដឹងថា កូរ៉េខាងជើងពិតជាកំពុងរៀបចំបាញ់សាកល្បងមីស៊ីលឡើងវិញ ដោយផ្អែកទៅលើរូបនៃការចល័តរថយន្តដឹកសម្ភារៈសម្រាប់ផលិតមីស៊ីល ។

អ្នកជំនាញខាងមីស៊ីលនៅអង្គភាពឃ្លាំមើលកូរ៉េខាងជើង 38 North បានលើកឡើងថា កូរ៉េខាងជើងកំពុងចាប់សកម្មភាពផលិតមីស៊ីលរបស់ខ្លួនឡើងវិញនៅតាមស្ថានីយ៍ផលិតមីស៊ីលជាច្រើន ដូចជាស្ថានីយ៍ផលិតមីស៊ីល សានូមដុង (Sanumdong) ជាដើម ។

សូមបញ្ជាក់ជូនថា សានូមដុង គឺជាស្ថានីយ៍មួយក្នុងចំណោមស្ថានីយ៍ជាច្រើនកន្លែងផ្សេងទៀត ដែលកូរ៉េខាងជើងសាងសង់សម្រាប់ផលិតគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM និងផលិតកាំជ្រួចសម្រាប់បញ្ជូនផ្កាយរណបទៅកាន់ទីអវកាសជាដើម ។

នៅពេលថ្មីៗនេះ ផ្កាយរណបចារកម្មរបស់អង្គភាពឃ្លាំមើលកូរ៉េខាងជើង 38 North បានបង្ហាញថា កងកម្លាំងយោធាកូរ៉េខាងជើងបានដាក់ឈរជើងរថយន្តពាសដែក និងយានយន្តសំខាន់ៗផ្សេងទៀតនៅស្ថានីយ៍ផលិតមីស៊ីល សានូមដុង ។

អ្នកជំនាញខាងមីស៊ីលនៅ 38 North បានបញ្ជាក់ថាយោងតាមសកម្មភាពទាំងអស់នេះ កូរ៉េខាងជើងពិតជានឹងបាញ់សាកល្បងមីស៊ីលនៅពេលខាងមុខនេះ ប៉ុន្តែគ្រាន់តែមិនដឹងច្បាស់ថា មីស៊ីលអ្វីដែលកូរ៉េខាងជើងអាចនឹងបាញ់សាកល្បង ។

ក្រោយពីជំនួបចរចាលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី ២៧ និង២៨ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលបរាជ័យទាំស្រុង ភាគីទាំងពីរបានដកថយមួយជំហានម្នាក់ក្នុងទំនាក់ទំនងការទូត ។

សហរដ្ឋអាមេរិក បានដកថយមួយជំហាន ដោយការបើកធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញជាមួយកូរ៉េខាងត្បូង នៅលើទឹកដីកូរ៉េខាងត្បូង ដែលជាការឆ្កឹះឆ្គៀលអោយដំបៅចាស់ឈឺរើឡើងវិញនៅឧបទ្វីបកូរ៉េ ។

កូរ៉េខាងជើងក៏បានដកថយមួយជំហានដែរ ដោយការសាងសង់ឡើងវិញនូវទីតាំងបាញ់មីស៊ីល និងបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការចម្រាញ់ឥន្ធនៈនុយក្លេអ៊ែរ និងការផលិតមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ៕លីលី

អត្ថបទដែលជាប់ទាក់ទង