ស្ត្រីកំសត់ម្នាក់ ដែលប្តីកំណាចដណ្តើមយកទ្រព្យអស់ពីខ្លួន និងឲ្យតុលាការចាប់ដាក់គុកផ្អើលមហាជន ពេលនេះកំពុងរងចាំយុត្តិធម៌ ពីតុលាការកំពូល

(ភ្នំពេញ)៖ មហាជននៅចាំមិនទាន់ភ្លេចទេ ករណីថៅកែផ្សារអារ៉ូណា ជាប្តីប្តឹងប្រពន្ធខ្លួនឯង និងបុគ្គលិកស្រីម្នាក់ ដោយចោទថាបានសហការគ្នាលួចលុយក្រុមហ៊ុនអស់រាប់លានដុល្លារ រហូតតុលាការចេញដីកាតាមចាប់ពួកគេយកទៅដាក់គុក។

ដើមបណ្តឹងដែលជាប្តីមានឈ្មោះ ពេជ្រ ច័ន្ទធី ភេទប្រុស អាយុ៥៦ឆ្នាំ ជាថៅកែផ្សារអារ៉ូណា ដោយបើករួមគ្នាជាមួយប្រពន្ធ ទីលំនៅផ្ទះលេខ៧៧០ ផ្លូវ១២៨ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ចំណែកជនជាប់ចោទមានឈ្មោះ ទេស សុវណ្ណារី ភេទស្រី អាយុ៤៤ឆ្នាំ ជាប្រពន្ធរបស់ដើមបណ្តឹង និងឈ្មោះ ភាង សុជាតា ភេទស្រី អាយុ២៣ឆ្នាំ អតីតបុគ្គលិកផ្សារអារ៉ូណា។

សំណុំរឿងប្តីប្តឹងប្រពន្ធ និងបុគ្គលិកដោយចោទថា លួចលុយក្រុមហ៊ុន ត្រូវបានតុលាការកំពូលលើកយកមកជំនុំជម្រះជាសាធារណៈ កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដើម្បីរកយុត្តិធម៌ជូនគូភាគី បន្ទាប់ពីជនជាប់ចោទឈ្មោះ ទេស សុវណ្ណារី ជាប្រពន្ធរបស់ដើមបណ្តឹង បានប្តឹងសារទុក្ខប្រឆាំងសេចក្តីសម្រេចរបស់តុលាការសាលាឧទ្ធរណ៍។

នៅក្នុងសវនាការលោកស្រី ទេស សុវណ្ណារី បាននិយាយទាំងតក់ស្លុត​​​ ស្រក់ទឹកភ្នែក រលីងរលោង ចំពោះមុខក្រុមប្រឹក្សាចៅក្រម និងមហាជនថា គាត់ និងដើមបណ្តឹង បានរៀបការជាមួយគ្នាស្របច្បាប់ នៅអំឡុងឆ្នាំ២០០១។ ក្រោយពីរៀបការរួចលោកស្រីបានលក់ដី ២កន្លែង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកធ្វើដើមទុនរកស៊ី គឺបើកផ្សារ អារ៉ូណា។

នៅក្នុងសវនាការនេះ លោកស្រី ទេស សុវណ្ណារី យំបណ្តើរ និយាយរំឭកប្រវត្តិប្តីបណ្តើរ ប្រាប់តុលាការថា «ដោយសារចង់លើកកិត្តិយសប្តី ខ្ញុំសុខចិត្តយកទ្រព្យខ្ញុំ ទៅបើកកន្លែងរកស៊ី ដោយដាក់ឈ្មោះប្តីជាម្ចាស់ភាគហ៊ុន៥០ភាគរយ។ តែតាមពិតប្តីខ្ញុំ [លោក ពេជ្រ ច័ន្ទធី] មកការជាមួយខ្ញុំ គ្មានលុយមួយរៀលទេ»។

ជនជាប់ចោទ ទេស សុវណ្ណារី បានរៀបរាប់ទៀតថា ខ្លួនមានឯកសារគ្រប់គ្រាន់ថា ដើមទុនបង្កើតផ្សារអារ៉ូណា គឺជាលុយរបស់ខ្លួនទាំងអស់ ចំណែកឈ្មោះ ពេជ្រ ច័ន្ទធី ជាដើមបណ្តឹង និងជាប្តី គឺគ្មានលុយទេ។

លោកស្រីបានអះអាងថា «លុយបើកផ្សារអារ៉ូណា ជាលុយខ្ញុំទាំងអស់។ គាត់ [ពេជ្រ ច័ន្ទធី] គ្មានលុយសូម្បីតែមួយរៀល។ ទីបំផុតគាត់មកប្តឹងខ្ញុំថា ខ្ញុំលួចលុយក្រុមហ៊ុនរបស់ខ្លួនឯង ថែមទាំងឲ្យតុលាការចាប់ខ្ញុំដាក់គុកទៀត។ ខ្ញុំត្រូវរត់រកកន្លែងជ្រកកោន និងលាក់ខ្លួនគ្រប់ទិសទីទាំងអយុត្តិធម៌»។

លោកស្រី ទេស សុវណ្ណារី បានបញ្ជាក់ជូនសវនាការថា បើទោះបីជាតុលាការបានសម្រេចប្រគល់ផ្ទះ និងទ្រព្យមួយចំនួន ព្រមទាំងប្រាក់ចំណេញរបស់ផ្សារអារ៉ូណា ចំនួន៥០០ដុល្លារ ឲ្យលោកស្រីក៏ដោយ ក៏ប្តីលោកស្រី មិនគោរពតាមសេចក្តីសម្រេចរបស់តុលាការដែរ។ សព្វថ្ងៃលោកស្រី ដើរសុំផ្ទះបងប្អូនស្នាក់អាស្រ័យ លុយក៏គ្មានចាយ និងរស់នៅក្នុងភាពភ័យខ្លាចអំណាចដីកាចាប់ខ្លួនរបស់តុលាការ។

ក្នុងនាមជាតំណាងរបស់ដើមបណ្តឹង លោកមេធាវី ឡាំង គឹមសេង បានធ្វើសេចក្តីថ្លែងការណ៍ជូនអង្គសវនាការថា កូនក្តីរបស់លោក សូមស្នើឲ្យតុលាការកំពូលសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល។

សូមបញ្ជាក់ថា លោក សេង លាង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារលោកស្រី ទេស សុវណ្ណារី រយៈពេល២ឆ្នាំ និងកញ្ញា ភាង សុជាតា រយៈពេល៦ខែ។

សាលក្រមដដែលនេះ បានបង្គាប់ឲ្យជនជាប់ចោទឈ្មោះ ទេស សុវណ្ណារី សងប្រាក់ខូចខាតចំនួន១,៧៥០,០០០ដុល្លារ ទៅដើមបណ្តឹង និងបង្គាប់ឲ្យជនជាប់ចោទទាំង២នាក់ រួមគ្នាសងប្រាក់ជំងឺចិត្តចំនួន៧៥០,០០០ដុល្លារ ទៅឲ្យដើមបណ្តឹងឈ្មោះ ពេជ្រ ច័ន្ទធី ក្រោមបទចោទ រំលោភលើទុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត និងបទលួច ប្រព្រឹត្តកាលពីអំឡុងខែឧសភា ឆ្នាំ២០១៥ នៅក្នុងផ្សារអារ៉ូណា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយមកនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ តុលាការសាលាឧទ្ធរណ៍ បានសម្រេចផ្តន្ទាទោសលើកទី១ ដោយកែប្រែទណ្ឌកម្ម ដាក់ពន្ធនាគារលោកស្រី ទេស សុវណ្ណារី និងកញ្ញា ភាង សុជាតា ក្នុងម្នាក់ៗ កំណត់រយៈពេល៣ឆ្នាំ។

សាលដីកានេះ ក៏បានបង្គាប់ឲ្យជនជាប់ចោទឈ្មោះ ទេស សុវណ្ណារី សងប្រាក់ខូចខាតបន្ថែម ចំនួន២,៤៥៤,១៧២,៧៩ដុល្លារ ទៅដើមបណ្តឹង និងបង្គាប់ឲ្យជនជាប់ចោទទាំង២នាក់រួមគ្នាសងប្រាក់ជំងឺចិត្តចំនួន៨០០,០០០ដុល្លារ ទៅឲ្យដើមបណ្តឹងឈ្មោះ ពេជ្រ ច័ន្ទធី។ ជាពិសេស តុលាការសាលាឧទ្ធរណ៍ ថែមទាំងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទយកទៅដាក់គុក ពីបទរំលោភលើទុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត និងបទលួច ប្រព្រឹត្តកាលពីអំឡុងខែឧសភា ឆ្នាំ២០១៥ នៅក្នុងផ្សារ អារ៉ូណាស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ សម្រេចលើកទី១ ជនជាប់ចោទបាននាំគ្នារត់ទៅរកក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ឲ្យមហាជនបានដឹង ព្រោះពួកគេយល់ឃើញថា សេចក្តីសម្រេចនោះ អយុត្តិធម៌ពេក។ ក្រោយមក សំណុំរឿងនេះក៏ត្រូវតុលាការសាលាឧទ្ធរណ៍បើកសវនាការ និងសម្រេចសារជាថ្មីម្តងទៀត។

នៅក្នុងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ តុលាការសាលាឧទ្ធរណ៍ ចេញសាលដីកាសម្រេចលើកទី២ ដោយព្យួរទោសជនជាប់ចោទ ឈ្មោះ ភាង សុជាតា និងបញ្ឈប់ដីកាតាមចាប់ខ្លួននាង។ សាលដីកាថ្មី ក៏បានកំណត់ឲ្យឈ្មោះ ភាង សុជាតា រួចផុតពីសំណងជំងឺចិត្តទៅដើមបណ្តឹង។

ដោយឡែកចំពោះជនជាប់ចោទឈ្មោះ ទេស សុវណ្ណារី ជាប្រពន្ធរបស់ដើមបណ្តឹងឈ្មោះ ពេជ្រ ច័ន្ទធី ត្រូវតុលាការសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលដីកាចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ទុកជាបានការដដែល។

ទោះជាយ៉ាងណា ក្រោយពីសាកសួរដេញដោលអស់ជាច្រើនម៉ោងរួចមក ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះតុលាការកំពូល បានលើកពេលទៅប្រកាសសាលដីកា នៃសំណុំរឿងនេះ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕ (SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង