ហាណូយ៖យន្តហោះដឹកសម្ភារៈប្រជុំរបស់ លោក ត្រាំ ទៅដល់វៀតណាមហើយ

ប្រភពពី VN Express ឲ្យដឹងថា យន្តហោះ Boeing C-17 របស់សហរដ្ឋអាមេរិក ដែលជាយន្តហោះដឹកសម្ភារៈពាក់ព័ន្ធនឹងជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានទៅដល់អាកាសយានដ្ឋាន Noi Bai ទីក្រុង ហាណូយ ហើយនៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

យន្តហោះ Boeing C-17 បានហោះហើរចេញពីមូលដ្ឋានកងទ័ពអាមេរិកប្រចាំនៅប្រទេសជប៉ុន Yokota airbase ដោយនាំយកសម្ភារៈពាក់ព័ន្ធនឹងកិច្ចប្រជុំទាំងអស់ទៅរៀបចំទុកជាមុននៅប្រទេសវៀតណាម ។

អាមេរិកក៏បានបញ្ជូនកងកម្លាំងជំនាញតាមយន្តហោះ Boeing C-17 ទៅកាន់វៀតណាមដែរ ដើម្បីពិនិត្យមើលពីស្ថានភាពសន្តិសុខ នៅជុំវិញទីតាំងជំនួប និងកន្លែងស្នាក់នៅរបស់លោក ត្រាំ ដែលនឹងជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុននៅប្រទេសវៀតណាម នៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ខាងមុខនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង