ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ ខែមេសា ឆ្នាំ​២០១៨

១-​ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចម៉ែ យាង​និវត្ត​មកដល់​មាតុប្រទេស​វិញ​៖
​កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បាន​យាង​និវត្ត​មកដល់​មាតុប្រទេស​វិញ​ហើយ បន្ទាប់ពី​ព្រះអង្គ​ទាំង​ទ្វេ បាន​យាង​ទៅកាន់​សាធារណៈរដ្ឋ​ប្រជាមាណិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព កាលពី​ថ្ងៃទី​២២ ខែ កុម្ភៈ ឆ្នាំ​២០១៨​។

២-​សមត្ថកិច្ច បញ្ជូន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម លើ​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​ដូន​កែវ​៖
​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​០២ ខែមេសា ឆ្នាំ​២០១៨ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​ប៉ូលិស​នាំខ្លួន​ពី​ខេត្តតាកែវ មកកាន់​ក្រសួងមហាផ្ទៃ​។ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់ ដែលជា​ស្រី​កំណាន់​របស់ខ្លួន កាលពី​ខែមករា ឆ្នាំ​២០១៨ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ក្នុង​សំណុំ​រឿងនេះ ក្រៅពី​លោក​ឡាយ​វណ្ណៈ ក៏​នៅមាន​ជនសង្ស័យ ៥​នាក់​ទៀត ដែល​ក្នុងនោះ ម្នាក់ ជា​ឧ​ត្ត​ម​សេនីយ៍ និង​ជា​ស្នងការរង​នគរបាល​ខេត្តតាកែវ ដែលជា​បងប្រុស​បង្កើត​របស់លោក​ឡាយ​វណ្ណៈ​។

​ក្រោយ​ការសាកសួរ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក​ឡាយ​វណ្ណៈ និង​បងប្រុស គឺ​លោក ឡាយ ណា​រិ​ទ្ធ ពីបទ​ឃាតកម្ម ហើយ​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ រង់ចាំ​ការស៊ើបអង្កេត​បន្ត​។​

៣-​សម្តេច ហ៊ុន សែន ប្រកាស​បន្ថែម​រថយន្ត​ក្រុង និង​ផ្លូវ​រត់​ដឹក​ប្រជាពលរដ្ឋ មិន​យកប្រាក់ នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​៖
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​បន្ថែម​រថ​យន្ត​ក្រុង និង​ផ្លូវ​រត់​ដឹក​ប្រជាពលរដ្ឋ ដោយ​មិន​យកប្រាក់ នាឱកាស​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​។ រថយន្តក្រុង មិន​បង់ថ្លៃ ទាំង ៦០ គ្រឿង រត់​លើផ្លូវ​ជាតិ​លេខ​១, ផ្លូវជាតិ​លេខ​៣, ផ្លូវជាតិ​ល​៤, ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​។

៤-​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត​-​សិរីសោភ័ណ បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​៤​មេសា ដើម្បី​ដឹក​អ្នកដំណើរ​មិន​គិតថ្លៃ​៖
​ក្រោយ​អវត្តមាន​អស់​រយៈពេល ៤៥​ឆ្នាំ កំណាត់​ផ្លូវដែក​ពី​ប៉ោយប៉ែត ទៅ​សិរីសោភ័ណ ជាប់​ព្រំដែន​ថៃ ក្នុង​ខេត្តបន្ទាយ​មានជ័យ បាន​ដំណើរការ​ឡើងវិញ​ហើយ កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​។ រថភ្លើង​នេះ ដឹក​អ្នកដំណើរ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​០៤ ខែមេសា រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ តែ​ក្រោយមក ក៏បាន​ពន្យារពេល មិន​យកលុយ​រហូតដល់​បំណាច់​ឆ្នាំ​២០១៨​។

៥-​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣៖
​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចាក​ចេញពី​ភ្នំពេញ ទៅ​ខេត្តសៀមរាប ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ លើក​ទី​៣ នៅ​ថ្ងៃទី​០៤ និង​ថ្ងៃទី​០៥ ខែមេសា​។ កិច្ចប្រជុំ​កំពូល ដែលមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា វៀតណាម ឡាវ និង​នាយករដ្ឋមន្ត្រី​ថៃ រយៈពេល ២​ថ្ងៃនេះ ដើម្បី​ពិនិត្យ​សម្រេច និង​កំណត់​ជោគ​វេស​នា​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ អភិវឌ្ឍន៍​រួមគ្នា នៅ​អាង​ទន្លេមេគង្គ ដើម្បី​តម្កល់​ផលប្រយោជន៍​រួម​របស់​ប្រជាជន ស្របតាម​ទិស​ស្លោក ដែល​បាន​ដាក់ចេញ “​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ​”​។

៦-​លោក ហ៊ុន ម៉ា​នី ទទួល​គ្រឿងឥស្សរយស Padma Shri ពី​ប្រទេស​ឥណ្ឌា​៖
​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) និង​ជា​អ្នកតំណាងរាស្ត្រ​បាន​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌា​វិញ កាលពី​យប់​ថ្ងៃទី​០៣ ខែមេសា ដោយ​នាំមក​ជាមួយ​នូវ​គ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រទេស​ឥណ្ឌា​ផង​។ នេះ​ជា​ពានរង្វាន់​លំដាប់​ខ្ពស់បំផុត សម្រាប់​ផ្តល់ជូន​ដល់​ជន​ស៊ីវិល ដែល​ផ្តល់ជូន​សម្រាប់​អ្នកមាន​ស្នាដៃ​លេចធ្លោ ក្នុង​កិច្ចការ​សាធារណៈ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​។

៧-​តុលាការ ចេញ​ដីកា​កោះហៅ​លោក​សមរង្ស៊ី និង​ភរិយា ព្រមទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៤ នាក់ ចូល​បំភ្លឺ ពាក់ព័ន្ធ​ការបង្កើត​ចលនា​ខុសច្បាប់​៖
​កាលពី​ថ្ងៃទី​០៤ ខែមេសា លោក​សមរង្ស៊ី និង​ភរិយា គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ព្រមទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់​ទៀត ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ ក្នុងនាម​ជា​ជនសង្ស័យ ឲ្យ​ចូល​បំភ្លឺ​តុលាការ ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​។ អ្នកនយោបាយ​ទាំង ៦​នាក់ ដែល​ស្ថិតនៅ​ក្រៅប្រទេស ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​តុលាការ​ចាត់ទុក ជា​ចលនា​ខុសច្បាប់​។​

៨-​អ្នកទោស​ជាង ៣០០​នាក់ ត្រូវបាន​ស្នើសុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស នៅក្នុង​ឱកាស​ចូលឆ្នាំ​៖
​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ក្រសួងយុត្តិធម៌ បាន​បើក​កិច្ចប្រជុំ ពិនិត្យ​ការស្នើសុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស ដល់​ទណ្ឌិត ចំនួន ៣២១ នាក់ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។

៩-​កម្ពុជា ចង់ឃើញ​អាមេរិក​ដក​ការផ្អាក​ទិដ្ឋាការ ក្រោយពី​ទទួល​ពលរដ្ឋ ៤៣​នាក់​ទៀត​៖
​កាលពី​ថ្ងៃទី​០៥ ខែមេសា រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ពលរដ្ឋ​ចំនួន ៤៣ នាក់ ពី​រដ្ឋាភិបាល​អាមេរិក ទៅតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្លែងថា នេះ​ជាការ​បោះ​មួយ​ជំហាន​របស់​ភាគី​កម្ពុជា និង​ថា​អ្វីដែល​កម្ពុជា​ចង់ឃើញ​នោះ គឺ​ការដក​សេចក្ដីសម្រេច​ផ្អាក​ទិដ្ឋាការ​ពី​ភាគី​អាមេរិក​។

១០-​ព្រះមហាក្សត្រ យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ប្រទេស​ជប៉ុន​៖
​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៦ ខែមេសា​នេះ បាន​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ប្រទេស​ជប៉ុន​រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨​។ នៅ​ប្រទេស​ជប៉ុន ព្រះករុណា ព្រះមហាក្សត្រ នឹង​យាង​ចូលរួម​ពិធីបុណ្យ​រំលឹក​ខួប ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​។

១១-​កាណូត​ដឹក​អ្នកដំណើរ ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ចាប់ផ្តើម​ដំណើរការ ដោយ​ឥតគិតថ្លៃ​៖
​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា កាណូត​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ព្រែក​ព្នៅ​-​ភ្នំពេញ​-​ក្រុង​តាខ្មៅ បានដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​ហើយ​។ កាណូត​នេះ ដឹក​អ្នកដំណើរ ដោយ​មិន​គិតថ្លៃ ចាប់ពី​ថ្ងៃទី​០៦ ខែមេសា​នេះ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​។ តែ​ក្រោយមក ក៏បាន​ពន្យារពេល មិន​គិតថ្លៃ​ពី​អ្នកដំណើរ​ដូច​រថភ្លើង​ដែរ គឺ​រហូតដល់​បំណាច់​ឆ្នាំ​២០១៨​។

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងថា នេះ​ជា​លើកដំបូង និង​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​កម្ពុជា មាន​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​បែ​ប​នេះ ដែល​នឹង​រួមចំណែក​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផងដែរ​។​

១២-​កម្ពុជាប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៖

ដូចរៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដឹកនាំដោយលោក ហ៊ុន ម៉ានី បានរៀបចំព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅលើទឹកដីអង្គរ ដូចរៀងរាល់ឆ្នាំ។ ក្រៅពីមហាជន​ចូលរួម​យ៉ាងច្រើនកោះករ ក៏មានវត្ត​មានរបស់សម្តេចតេចោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប បានអញ្ជើញចូលរួម​កម្សាន្តសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ ផងដែរ។

១៣-អ្នកទេសចរ​ជាង ៥​លាន​នាក់ ដើរ​កម្សាន្ត នៅ​ទូទាំងប្រទេស ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​៖
​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល ៣​ថ្ងៃ បានបញ្ចប់ កាលពី​ថ្ងៃទី​១៦ ខែមេសា​។ ក្រសួងទេសចរណ៍ បានប្រកាសថា នៅ​ទូទាំងប្រទេស មាន​អ្នកទេសចរ​សរុប​ជាង ៥​លាន​នាក់​។ ក្នុងនោះ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប មាន​អ្នកទេសចរ​ច្រើនជាងគេ រហូតដល់​ជាង ១ លាន ៨ សែន​នាក់​។ ចំណែក​ចំណូល​បានមកពី​វិស័យ​ទេសចរណ៍ ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ មាន​ចំនួន​ជាង ៣០០ លាន​ដុល្លារ​។

១៣-​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ តែ​គ្រោះ​អគ្គិភ័យ កើនឡើង​៖
​ក្នុងអំឡុងពេល​ចូលឆ្នាំ រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បាន​ថយចុះ ៣០​លើក បើ​ធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​ករណី​គ្រោះ​អគ្គិភ័យ បាន​កើនឡើង ៤​លើក​។ ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៩១​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់​ចំនួន ៤៧​នាក់ និង​របួស ១៤៣​នាក់​។ រីឯ​គ្រោះ​អគ្គិភ័យ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ បាន​កើតឡើង​ចំនួន ១៤​លើក ដែល​ចំនួន​នេះ កើនឡើង ចំនួន ៤​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។​

១៥-​សម្ដេច​តេ​ជោ​៖ កម្ពុជា​កំពុង​ក្លាយជា​ទិសដៅ​ទេសចរណ៍​មួយ​នៅ​អាស៊ី​៖
​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ពោលគឺ​នៅ​ថ្ងៃទី​១៨ ខែមេសា សម្តេច​តេ​ជោ​ហ៊ុនសែន បាន​លើកឡើងថា កម្ពុជា​ពេលនេះ កំពុង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី​។ សម្តេច​លើកឡើង​ដូច្នេះ ដោយយោង​លើ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី កន្លងទៅនេះ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិនថាតែ​នៅ​សៀមរាប​អង្គរ​ទេ គឺ​នៅតាម​តំបន់​សមុទ្រ ក៏មាន​ភ្ញៀវទេសចរ​ច្រើន​ដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស ស្រប​ពេលដែល​សេវា​ដឹកជញ្ជូន​តាម​យន្តហោះ កំពុង​ប្រកួតប្រជែង និង​កើន ឡើងជា​បន្តបន្ទាប់​នៅ​កម្ពុជា​។​

១៦-​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​សមិទ្ធផល​រយៈពេល ៥​ឆ្នាំ​នៃ​ការគ្រប់គ្រង​ហិ​រញ្ញា​វត្ថុ​សាធារណៈ​៖
​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​សំខាន់​មួយ ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​រយៈពេល ៥​ឆ្នាំ នៃ​ការគ្រប់គ្រង​ហិ​រញ្ញា​វត្ថុ​សាធារណៈ និង​ផែនការ ដែល​ត្រូវ​អនុវត្តន៍​បន្ត ក្នុងន័យ​ធានា​អនុវត្តន៍​អោយមាន​ប្រសិទ្ធភាព​នូវ​កំណើនសេដ្ឋកិច្ច ដើម្បី​រួមចំណែក​បែក​ចែក​ចំណូល​ប្រកបដោយ​សមធម៌​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។ ​បើតាម​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ការគ្រប់គ្រង​ហិ​រញ្ញា​វត្ថុ​សាធារណៈ​បានល្អ​របស់​កម្ពុជា បានរួម​ចំណែក​ធ្វើអោយ​ប្រទេស​កម្ពុជា​រក្សា​កំ​ណើ​រ​សេដ្ឋកិច្ច​ល្អប្រសើរ ក្នុង​រង្វង់ ៧​ភាគរយ ការ​គ្រប់​បំណុល​ប្រកបដោយ​ប្រសិទ្ធភាព ស្ថិរភាព​មីក្រូ​ហិ​រញ្ញា​វត្ថុ និង​ការរក្សាបាន​ស្ថិរភាព​ល្អប្រសើរ​នៃ​អត្រា​ប្តូរប្រាក់ ជាដើម​។​

១៧-​គណបក្ស​ជិត ៤០ បាន​ចុះបញ្ជី​នៅ​មហាផ្ទៃ បក្ស​ខ្លះ ក៏​ផ្ដើម​ធ្វើការ​ជាមួយ គ​.​ជ​.​ប​៖
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា មាន​គណបក្សនយោបាយ​ជិត ៤០​ហើយ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ក្នុងនោះ មាន​គណបក្ស ៣៧ ត្រូវបាន​ក្រសួង ទទួលស្គាល់​ជា​បន្តបន្ទាប់​។ អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​អះអាង​ពី​ការត្រៀម​សម្រួលការ​ចុះបញ្ជី​ជូន​បក្សនយោបាយ​ថ្មីៗ​បន្ថែមទៀត ឲ្យ​បាន​លឿន ប្រសិនបើ​មាន​បុគ្គល ឬ​ក្រុម​ណាមួយ ចង់​បង្កើត​បក្ស ហើយ​មាន​ឯកសារ​គ្រប់គ្រាន់​។ ដោយឡែក គ​.​ជ​.​ប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មក​ពេលនេះ មាន​គណបក្ស​ជា​បន្តបន្ទាប់ បានចាប់ផ្ដើម​ទំនាក់ទំនង​ការងារ​ជាមួយ​ខ្លួន​។

១៨-​ព្រឹទ្ធសភា បើកប្រជុំ​លើកដំបូង ក្រោម​ព្រះរាជអធិបតី​ព្រះមហាក្សត្រ​៖
​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ បាន​បើក​សម័យប្រជុំ លើកដំបូង នីតិកាល​ទី​៤ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ បន្ទាប់ពី​បើក​កិច្ចប្រជុំ​លើកដំបូង និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រួចមក នៅពេល​រសៀល​ថ្ងៃទី​២៣​មេសា សមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំង ៦២ រូប បាន​យាង និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សច្ចាប្រណិធាន នៅមុខ​ព្រះ​ភក្តិ​ព្រះមហាក្សត្រ ក្នុង​ព្រះបរមរាជវាំង​។​

១៩-​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស​រឹបអូស​កោះ​ពី​ក្រុមហ៊ុន​ឯកជន​វិញ ក្នុងករណី​ពិនិត្យឃើញ​ភាពមិនប្រក្រតី​ក្នុងការ​វិនិយោគ​៖
​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​ផ្កាយ ៥ នៅ​កោះរុង ក្នុង​ខេត្ត​ព្រះសីហនុ​។ សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចាត់វិធានការ​ក្តៅ រឹបអូស​យក​កោះ​នានា មក​គ្រប់គ្រង​វិញ ក្នុងករណី​ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ ដែល​កើតចេញពី​ការវិនិយោគ​។ បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាងហោចណាស់ ក៏មាន​កោះ ៣០ ទីតាំង​ដែរ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល រឹបអូស​យកមក​គ្រប់គ្រង​វិញ ក្នុងនោះ មាន​កោះទន្សាយ​ក្នុង​ខេត្ត​កែប គឺជា​គោលដៅ​ទី​១ ដែល​រាជរដ្ឋាភិបាល និង​អនុវត្តន៍​មុនគេ​។

២០-​ព្រះមហាក្សត្រ យាង​បញ្ចុះ​ខណ្ឌសីមា​វត្ត​ធម្មយុត្តិ​មួយ នៅ​ខណ្ឌដង្កោ​៖
​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពី​ធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា វត្ត​ធម្មយុត្តិ​ថ្មី​មួយ ស្ថិតក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ វត្ត​នេះ បាន​បដិសន្ធិ​ឡើង​ក្រោម​ព្រះតម្រិះ​របស់​សម្ដេចព្រះសង្ឃរាជ បួរ គ្រី និង​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាតិ​សំខាន់ ពុទ្ធបរិស័ទ​ក្នុងប្រទេស និង​មកពី​ប្រទេស​ថៃ ព្រមទាំង​ប្រទេស​ឥណ្ឌូនេស៊ី​។​

២១-​កម្ពុជា សម្រេចបាន​ជោគជ័យ​ក្នុងការ​លុបបំបាត់​ជម្ងឺគ្រុនចាញ់ មុន​គោលដៅ​គ្រោងទុក​៖
​កាលពី​ថ្ងៃទី​២៥ ខែមេសា កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល​បាន​ប្រារព្ធ​ទិវា​ជាតិ និង​អន្តរជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​។ ក្នុង​ទិវា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា​ទទួលបាន​ជោគជ័យ​មុន​គោលដៅ​គ្រោងទុក​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់ ដែល​បានកំណត់ នៅ​ឆ្នាំ​២០១៩​។​

២២-​នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​សម្ពោធ​សាកលវិទ្យាល័យ​ក្រចេះ និង​ប្រកាស​ផែនការ​សាង​សងស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​៖
​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា សម្តេច​ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​សាកលវិទ្យាល័យ​ក្រចេះ ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១២​លាន​ដុល្លារ​។ សាកលវិទ្យាល័យ​នេះ ជា​សាកលវិទ្យាល័យ​រដ្ឋ​ដំបូង​គេ ក្នុង​ទឹកដី​ខេត្តក្រចេះ ដែល​ផ្តល់​ការបណ្តុះបណ្តាល​កម្រិត​ឧ​ត្ត​មសិ​ក្សា ផ្តោតជាសំខាន់​លើ​ជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា​។ ក្រៅពី​សម្ពោធ​សាកលវិទ្យាល័យ​ក្រចេះ​ហើយ​នោះ សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​ផែនការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ក្នុង​ទឹកដី​ខេត្តក្រចេះ​នេះ​ផងដែរ​។ ស្ពាន​នេះ អាច​នឹង​ដំណើរការ​សាងសង់ នា​ដើមឆ្នាំ​២០១៩ ខាងមុខនេះ​។

២៣-​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ជប៉ុន​៖
​លោក​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុនសែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ការយល់ដឹង​ពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​។ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា លោក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​លោក យ៉ា​ស៊ូ​ស៊ី អាកាស៊ី (Yasushi Akashi) អតីត​តំណាង​ពិសេស​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជា​ប្រធាន​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា UNTAC​។ នៅ​ថ្ងៃទី​២៦​មេសា លោក ហ៊ុន​ម៉ា​ណែ​ត ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ​។ លោក ស៊ីន​ហ្សូ អា​បេ បានបញ្ជាក់​ជាថ្មី​យ៉ាងច្បាស់​ថា ជប៉ុន​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ខែកក្កដា នៅក្នុង​ប្រទេស​កម្ពុជា​។

២៤-​កូនប្រុស​ពៅ​លោក គង់ គាំ ប្រកាស​បង្កើត​បក្ស​ថ្មី ព្រោះ​យល់ថា អតីត​បក្ស​សង្គ្រោះ​ជាតិ អស់​ផ្លូវ​ដើរ​៖
​កាលពី​ថ្ងៃទី​២៥ ខែមេសា កូនប្រុស​ពៅ​លោក គង់ គាំ អតីត​អ្នកនយោបាយ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​បង្កើត​គណ​បក្សនយោបាយ​ថ្មី​មួយ​ឈ្មោះ គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃទី​២៦​មេសា គណបក្ស​ថ្មី​នេះ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មុន​ចុះឈ្មោះ​នៅ​គជប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នា​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨​។

២៥-​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​សឹង្ហ​បុរី​៖
​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣២ នៅ​ប្រទេស​សឹង្ហ​បុរី​។ កិច្ចប្រជុំ​នេះ ដំណើរការ​រយៈពេល​ពី​រ​ថ្ងៃ រាប់​ចាប់តាំងពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​។​

២៦-​សម្តេចនាយក​រដ្ឋមន្ត្រី ពន្យល់​អំពី​អាស៊ាន ស្រប​ពេលដែល​កម្ពុជា​ប្រារព្ធ​ខួប ១៩​ឆ្នាំ នៃ​ការចូល​ជា​សមាជិក​អង្គការ​តំបន់​មួយ​នេះ​៖
​កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែមេសា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត ជ័យលាភី​ជិត ២​ពាន់​នាក់ នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ពន្យល់​អំពី​អាស៊ាន ពិសេស​មូលហេតុ ដែល​កម្ពុជា ចូល​ជា​សមាជិក​អាស៊ាន​។ ការលើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​ដូច្នេះ ស្រប​ពេលដែល​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​១៩​ឆ្នាំ នៃ​ការចូល​ជា​សមាជិក​អង្គការ​តំបន់​មួយ​នេះ​។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បាន​ប្រកាសថា ការ​រំពឹងថា បក្សប្រឆាំង​នឹង​រស់​ឡើងវិញ ក្រោយ​ការរំលាយ នឹងមិន​អាចទៅរួច​បា​ន​ទេ​។ មិនអាច​ទៅរួច ត្បិត​សម្តេច ហ៊ុន សែន ចាត់ទុក​បក្ស​សង្គ្រោះ​ជាតិ ដូច​សាកសព ដែល​តម្កល់​ក្នុង​មឈូស ត្រូវបាន​គេ​យកទៅ​កប់ ឬ​បូជា​រួចទៅហើយ​៕​

( សូមមិត្តអ្នកអាន រង់ចាំតាមដានព្រឹត្តិការណ៍ជាតិសំខាន់ៗ ប្រចាំខែឧសភា ឆ្នាំ២០១៨ )

អត្ថបទដែលជាប់ទាក់ទង