វ៉ាស៊ីនតោន៖ អាមេរិកនឹងបញ្ចុះបញ្ចូលមេដឹកនាំប្រទេសសម្ព័ន្ធមិត្តឲ្យបង្ក្រាបកូរ៉េខាងជើង ឫអាមេរិកអាចធ្វើអន្តរាគមន៍យោធាលើប្រទេសនេះ

អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ លោកស្រី Nikki Haley បានអោយដឹងថា លោកស្រីនឹងបញ្ចុះបញ្ចូលមេដឹកនាំរបស់ ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក អោយដាក់សម្ពាធ និងបង្ក្រាបលើកូរ៉េខាងជើង រហូតដល់ប្រទេសឯកោមួយនេះ យល់ព្រមបោះបង់ចោល កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទៅតាមពាក្យសន្យា ។

លោកស្រី Nikki Haley បានបន្ថែមថា ប្រសិនបើមេដឹកនាំរបស់ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមិនយល់ព្រមតាមអាមេរិកទេ អាមេរិកនឹងធ្វើអន្តរាគមន៍ យោធាលើកូរ៉េខាងជើង ដើម្បីបញ្ចប់មហិច្ឆិតាផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

នេះមិនមែនជាលើកដំបូងទេសម្រាប់មេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបានព្រមានធ្វើអន្តរាគមន៍យោធាលើកូរ៉េខាងជើង សូម្បីតែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់ព្រមានវាយប្រហារលើកូរ៉េខាងជើងដែរ ដោយលោកថែមទាំងបញ្ជូនក្រុមនាវាប្រយុទ្ធ និងនាវាដឹកយន្តហោះចម្បាំងទៅកាន់មហាសាគរប៉ាស៊ីហ្វិក ដើម្បីវាយប្រហារលើកូរ៉េខាងជើង ចាប់តាំងពីដើមឆ្នាំ២០១៧ ក្រោយពីលោក ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីប៉ុន្មានខែ ប៉ុន្តែអាមេរិកមិនហ៊ានវាយប្រហារលើកូរ៉េខាងជើងទេ គឺគ្រាន់តែព្រមានតែប៉ុណ្ណោះ​ ៕លីលី

អត្ថបទដែលជាប់ទាក់ទង