ករណី​សិស្សសាលា​ដួលសន្លប់ នៅ​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង ដោយសារតែ​ខ្វះ​កាល់ស្យូម​…

(​បាត់ដំបង​)៖ នាយក​សាលា និង​ប្រធានការិយាល័យ​អប់រំ​ស្រុក​ថ្មគោល បានប្រកាសថា ករណី​សិស្សសាលា​ជាង ៦០​នាក់ បាន​ដួលសន្លប់ នៅ​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ គឺ​បណ្តាលមកពី​សិស្ស​ទាំងនោះ ភាគច្រើន ខ្វះ​ជាតិ​កាល់ស្យូម អត់ងងុយ ហូប​មិន​គ្រប់គ្រាន់ ជាដើម​។​

​កាលពី​ថ្ងៃទី​០៦ និង​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ សិស្ស​វិទ្យាល័យ​ថ្មគោល ស្ថិតក្នុង​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​កើត​អាកា​រៈ វិលមុខ ដួលសន្លប់​ជា​បន្តបន្ទាប់​គ្នា សរុប ៦៦​នាក់ ក្នុងនោះ មាន​ស្ត្រី ៦៥​នាក់​។ ពោលគឺ​កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​សន្លប់ ២​នាក់ និង​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ សន្លប់ ៦៤​នាក់​។​

​លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ នាយក​វិទ្យាល័យ​ថ្មគោល បាន​សរសេរ​ក្នុង​លិខិត​ជូន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់​ដំបង កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ ថា “​បន្ទាប់ពី​កើតហេតុ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សហការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី បាន​ដឹកជញ្ជូន​សិស្ស ទៅកាន់​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​ថ្មគោល ទាន់ពេលវេលា​។ តាម​ការស្រាវជ្រាវ​ជាបឋម របស់លោក​គ្រូពេទ្យ បាន​បញ្ជាក់ថា បណ្តាលមកពី​ខ្វះ​ជាតិ​កាល់ស្យូម អត់ងងុយ ហូប​មិន​គ្រប់គ្រាន់​…​។​ល​។​”

​ដោយឡែក លោក អួន ប៊ុន​ជៀន ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា បាន​សរសេរ​ក្នុង​របាយការណ៍ ស្តីពី​ឧបទ្ទវហេតុ​កើតឡើង នៅ​វិទ្យាល័យ​ថ្មគោល ជូន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់ដំបង ថា បន្ទាប់ពី​កើត​ឧបទ្ទវហេតុ​សិស្ស​សាលា​សន្លប់ នៅ​វិទ្យាល័យ​ថ្មគោល តាម​ការស្រាវជ្រាវ​បឋម របស់​គ្រូពេទ្យ បាន​បញ្ជាក់ថា ភាគច្រើន បណ្តាលមកពី​ខ្វះ​កាល់ស្យូម​…៕​

អត្ថបទដែលជាប់ទាក់ទង