តើ​លោក ហ៊ុន ម៉ានិត ជា​នរណា​?

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ានិត ជា​កូនប្រុស​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​ទាំង ៣ ដែលជា​កូន​របស់​សម្តេច​តេ​ជោ នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ លោក ហ៊ុន ម៉ា​នី​ត មាន​បងប្អូន ៥​នាក់ ( ប្រុស ៣ ស្រី ២ ) លោក ហ៊ុន ម៉ានិត ជា​កូន​ទី​៣ ក្នុង​គ្រួសារ​។​

​កើត​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៨១ លោក ហ៊ុន ម៉ានិត ជា​កូនប្រសារ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក​ឡង់ឌី​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ានិត មានកូន ៥​នាក់ និង​មាន​តំណែង​ជាច្រើន ក្នុងនោះ លោក​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ចាម និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ ជាដើម​។​

​ដោយសារតែ​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ានិត បាន​បួស ជា​ព្រះសង្ឃ គង់នៅ​វត្ត​មុនី​ប្រសិទ្ធិ​វង្ស តាមផ្លូវ​ចូល​ភ្នំ​ឧដុង្គ ដែលមាន​សម្តេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា ជា​ព្រះចៅអធិការ​វត្ត​។ ដូច្នេះ នៅពេលនេះ Swift News សូម​លើក​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់លោក ហ៊ុន ម៉ានិត ដោយ​ដកស្រង់​ចេញពី​សៀវភៅ “​បងប្អូន​ប្រុស​ទាំង​៣” និពន្ធ​ដោយ​លោក​សាស្ត្រាចារ្យ ឆាយ សុផល អ្នកកាសែត​ជើងចាស់​។​

​កើត​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៨១ នៅ​ភ្នំពេញ លោក ហ៊ុន ម៉ានិត ជា​កូន​ទី​៣ ក្នុង​គ្រួសារ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​

​បន្ទាប់ពី​រៀន​ចប់​សាលាបឋមសិក្សា​កុមារី ( បច្ចុប្បន្ន សាលា​ចតុមុខ ) នៅ​ឆ្នាំ​១៩៩២ លោក ហ៊ុន ម៉ានិត មាន​អាយុ ១១​ឆ្នាំ ត្រូវបាន​ឪពុកម្តាយ បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​មធ្យមសិក្សា ក្នុងស្រុក Soissons ខេត្ត Campiegne ប្រទេស​បារាំង ជាមួយនឹង​ប្អូនប្រុស គឺ​លោក ហ៊ុន ម៉ា​នី​។​

​នៅ​អាយុ ១៦​ឆ្នាំ លោក ហ៊ុន ម៉ានិត បន្ត​រៀន​ថ្នាក់​វិទ្យាល័យ នៅ​ប្រទេស​បារាំង ជាមួយនឹង​ប្អូនប្រុស គឺ​លោក ហ៊ុន ម៉ា​នី មុននឹង​ចូលរៀន​សាលា Lycée De Saint-Cyr ដែលជា​សាលា​កងទ័ព​។​

​នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៩៨-២០០១ លោក ហ៊ុន ម៉ានិត បាន​ទៅ​រៀន​នៅ​វិទ្យាល័យ Portledge សហរដ្ឋអាមេរិក គឺ​រៀន​ជាមួយ​ប្អូនប្រុស គឺ​លោក ហ៊ុន ម៉ា​នី​។​

​នៅ​ឆ្នាំ​២០០២-២០០៦ លោក ហ៊ុន ម៉ានិត ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Hofstra ក្នុង​រដ្ឋ New York សហរដ្ឋអាមេរិក​។ ម៉ានិត និង​ម៉ា​នី រៀន​នៅ​សាលា​ជាមួយគ្នា តែ​មុខវិជ្ជា​ខុសគ្នា​។​

២០០៦-២០០៨ លោក ហ៊ុន ម៉ានិត ទទួលបាន​អនុ​ប​ញ្ជិ​ត​ផ្នែក​ធុរកិច្ច អន្តរជាតិ នៅ​សាកលវិទ្យាល័យ Deakin ប្រទេស​អូស្ត្រាលី​។ ម៉ានិត និង​ម៉ា​នី រៀន​នៅ​ប្រទេស​អូស្ត្រាលី​ដូចគ្នា គ្រាន់តែ​សាកលវិទ្យាល័យ និង​មុខវិជ្ជា​ផ្សេងគ្នា​។​

​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០០២ លោក ហ៊ុន ម៉ា​នី​ត បាន​រៀបការ​ជាមួយ​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ ជា​កូនស្រី​ទី​២​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។ មកដល់​ខែធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ានិត មានកូន ៥​នាក់ រួមមាន​៖ កូនប្រុស​ទី​១ ឈ្មោះ ហ៊ុន ឌី​តារា​រិ​ទ្ធ កូនប្រុស​ទី​២ ឈ្មោះ ហ៊ុន ឌី​អាយុវឌ្ឍនៈ កូនប្រុស​ទី​៣ ឈ្មោះ ហ៊ុន ឌី​បញ្ញា​វ័​ន្ត កូនប្រុស​ទី​៤ ឈ្មោះ ហ៊ុន ឌី​វីរៈ​ស័​ក្ត​កដា និង​កូនស្រី​ទី​៥ ឈ្មោះ ហ៊ុន ឌី​មុនី​រក្សា​។​

​លោក ហ៊ុន ម៉ានិត បានលើកឡើង​ក្នុង​សៀវភៅ “​បងប្អូន​ប្រុស​ទាំង​៣” ថា បំណងប្រាថ្នា​របស់លោក កាលពី​អាយុ ១៦ ឆ្នាំ នៅពេល​លោក​រៀន​នៅ​ប្រទេស​បារាំង គឺ​លោក​ចង់​បើក​ក្រុមហ៊ុន​ឯកជន ហើយ​ធ្វើ​ខាង​វិស័យ​កសិកម្ម​។ តែ​ត្រូវបាន​ឪពុក​របស់លោក​ជំទាស់​។ ក្រោយមក ក៏​លោក​មិនមាន​បំណង​ចូលធ្វើការ​រាជការ​នោះទេ គឺ​លោក​នៅតែ​ចង់​បើក​ក្រុមហ៊ុន​ឯកជន ដែល​ទាក់ទង​នឹង​មុខវិជ្ជា​របស់លោក​បាន​សិក្សា ហើយ​លោក​ជា​អ្នករៀន​ពូកែ​ខាង​គណិតវិទ្យា​។

​ប៉ុន្តែ​ក្រោយ​មរណភាព​របស់​ឪពុកក្មេក​លោក គឺ​លោក ហុក​ឡង់ឌី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ធ្វើ​ឲ្យ​លោក ហ៊ុន ម៉ានិត ចាប់ផ្តើម​ផ្លាស់ប្តូរ​ចិត្ត ចំពោះ​ការងារ​នៅក្នុង​ជីវិត​។ ពោលគឺ​លោក​ចូលធ្វើ​ទាហាន ដើម្បី​កុំ​ឲ្យ​គេ​មើលងាយ​គ្រួសារ​របស់លោក​ហុក​ឡង់ឌី​។​

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ានិត មាន​តំណែង រួមមាន​៖
១-​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨៖ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ចាម​
២-​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧៖ នាយក​សាលា​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​ជំនាញ​ចារកម្ម ដែលជា​សាលា​បណ្តុះបណ្តាល និង​ហ្វឹក​ហ្វឺ​នំ​នា​ញ​ចារកម្ម​ដំបូង​គេ នៅ​កម្ពុជា​
៣-​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧៖ ព្រះរាជក្រឹត្យ ដំឡើង​ឋានៈ លោក ហ៊ុន ម៉ានិត ជា​ឧ​ត្ត​ម​សេនីយ៍​ឯក ផ្កាយ ៣
៣-​ខែតុលា ឆ្នាំ​២០១៧៖ អគ្គលេខាធិការរង​ទី​១ នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​
៤-​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួងការពារជាតិ​
៥-​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧៖ អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា​
៦-​ខែមករា ឆ្នាំ​២០១៧៖ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​
៧-​ឆ្នាំ​២០១៦៖ ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា និង​ជា​ប្រថាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​
៨-​ខែកញ្ញា ឆ្នាំ​២០១៥៖ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​ឡើង​តំណែង​ជានា​យក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
៩-​ខែឧសភា ឆ្នាំ​២០១៥៖ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ និង​ជា​នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
១០-​ខែមិថុនា ឆ្នាំ​២០១៣៖ ឧ​ត្ត​ម​សេនីយ៍​ត្រី ជា​នាយករង នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។​
១១-​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១២៖ ត្រូវបានតែងតាំង​ជា​ផ្លូវការ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល ស៊ីម៉ាក​
១២-​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២៖ ជា​វរសេនីយ៍ឯក ជា​នាយករង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គបញ្ជាការដ្ឋាន​កង​យោពល​ខេមរភូមិន្ទ​
១៣-​ឆ្នាំ​២០១០៖ ទទួល​តំណែង​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​

​យ៉ាងណាក៏ដោយ គេ​មិនដឹងថា តើ​លោក ហ៊ុន ម៉ានិត បួស​ជា​ព្រះសង្ឃ ដើម្បី​អ្វី​? ហើយ​បួស​ប៉ុន្មាន​ថ្ងៃ ហើយនឹង​សឹក លាចាក​សិក្ខាបទ​វិញ នៅពេលណា​នោះទេ​៕ (SN-​ពិសិដ្ឋ​)​

 

 

អត្ថបទដែលជាប់ទាក់ទង