វិភាគៈ កិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសសកលទៅមុខមិនរួច ដោយសារប្រទេសអ្នកមានខ្លាចខាតប្រយោជន៍

សន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុសកល ត្រូវបានរៀបចំឡើងចំនួន២៤លើកហើយ ប៉ុន្តែកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ហាក់ដូចជាមិនទាន់លេចចេញជារូបរាងនៅឡើយ ដោយសារតែប្រទេសអ្នកមានខ្លាចខាតប្រយោជន៍ ។

សន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៤ ត្រូវបានរៀបចំឡើងនៅប្រទេស ប៉ូឡូញ រយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃ អាទិត្យ ទី០២ ខែធ្នូ ចុងឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំដដែលនេះ ។

សន្និសីទអន្តរជាតិមួយនេះ ត្រូវបានរៀបចំឡើងដើម្បីតាក់តែងកិច្ចព្រមព្រៀងមួយ ក្នុងគោលដៅជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុសកល ដែលអាចធ្វើអោយប៉ះពាល់កាន់តែខ្លាំងដល់ការរស់នៅរបស់មនុស្សនៅលើភពផែនដី ។

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា កំដៅនៅលើភពផែនដី បានកើនឡើងក្នុងរង្វង់៣អង្សាសេរួចទៅហើយនៅពេលបច្ចុប្បន្ននេះ ហើយប្រសិនបើមនុស្សនៅលើភពផែនដីមិនមានវិធានការទប់ស្កាត់ទេ កំដៅនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ។

សន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៤នៅប្រទេស ប៉ូឡូញ លើកនេះ ទំនងជាមិនអាចសម្រេចបានលទ្ធផលជាផ្លែផ្កាទេ ដោយសារតែមេដឹកនាំរបស់ប្រទសអ្នកមានមួយចំនួន បានព្យាយាគេចវេសមិនចូលរួមព្រោះគិតពីប្រយោជន៍ផ្ទាល់ខ្លួន ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុរួចទៅហើយ កាលពីឆ្នាំ២០១៧កន្លងទៅ ដោយសារតែលោក ត្រាំ ខ្លាចខាតប្រយោជន៍ពីការផ្តល់ថវិកាក្នុងកិច្ចព្រមព្រៀងនេះ ។

ប្រទេសអ្នកមាន មានសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក គឺជាអ្នកបំផ្លាញអាកាសធាតុសកលរាប់ទសវត្សរ៍កន្លងមកហើយ ប៉ុន្តែប្រទេស
អ្នកមានទាំងនោះ បែរជាទំនាក់ការទទួលខុសត្រូវអោយប្រទេសអ្នកក្រទៅវិញ ។

តាមពង្រាងក្នុងកិច្ចព្រមព្រៀងស្តីពីបម្រែចម្រួលអាកាសធាតុសកល អង្គការសហប្រជាជាតិ ត្រូវការទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការងារក្នុងគោលដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុសកល ។

ទឹកប្រាក់ទាំង២០០ពាន់លានដុល្លារអាមេរិកនេះ នឹងត្រូវចំណាយរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ខាងមុខ ហើយការងារជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ មានការទប់ស្កាត់កើនឡើងកៅដៅលើភពផែនដីក្តី នឹងត្រូវចាប់ផ្តើមធ្វើ ។

តាមគម្រោង អង្គការសហប្រជាជាតិតម្រូវអោយប្រទេសនានាទាំងជិត២០០ប្រទេស នៅជុំវិញពិភពលោក ដែលជាសមាជិករបស់អង្គការនេះ ជួយចេញថវិកាទៅតាមលទ្ធភាព ប៉ុន្តែប្រទេសអ្នកមានត្រូវចេញថវិកាច្រើនជាងប្រទេសអ្នកក្រ ។

ក្រៅតែពីសហរដ្ឋអាមេរិក គេក៏សង្កេតឃើញមេដឹកនាំរបស់ប្រទេសមួយចំនួននៅក្នុងកិច្ចប្រជុំ G20 ដែលត្រូវបានរៀបចំឡើងនៅប្រទេសអាហ្សង់ទីន ហាក់មានជំហររារែកផងដែរ ក្នុងការចូលរួមជួយថវិកាដល់កិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុនេះ ។

មេដឹកនាំមកពីប្រទេសទាំង២០នៅជុំវិញពិភពលោក ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ G20 គឺត្រូវបានចាត់ទុកជាប្រទេសមានឧស្សាហកម្មជឿនលឿន និងមានជីវភាពធូរធាជាងគេ ប៉ុន្តែដឹកនាំនៃប្រទេសទាំងនោះ ហាក់ដូចជាមិនអើពើនឹងបញ្ហាបម្រែបម្រួលអាកាសធាតុទេ ។

អ្នកវិទ្យាសាស្ត្របានព្រមានថា នៅពេលអនាគត បម្រែបម្រួលអាកាសធាតុ នឹងបំផ្លាញជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំ ដោយសារគ្រោះមហន្តរាយធម្មជាតិ មានខ្យល់ព្យុះ រញ្ជួយដី និងរលកយក្សស៊ូណាមិ ជាដើម ៕លីលី

អត្ថបទដែលជាប់ទាក់ទង