ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសផ្តល់ប្រាក់ខែគ្រូបាល់ទាត់ ២លានរៀលចាប់ពីឆ្នាំក្រោយ

(ព្រះវិហារ)៖ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅរសៀលថ្ងៃនេះក្នុងពិធីបើកការប្រកួត កីឡាបាល់ទាត់ជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ ១៧ឆ្នាំ និងបាល់ទាត់នារី ក្នុងសាលាតម្រង់ទិសសាលាបាល់ទាត់វិទ្យាល័យជាស៊ីម ត្បែងមានជ័យថា ចាប់ពីឆ្នាំ២០១៩ទៅ សហព័ពន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្តល់ប្រាក់ខែជួនគ្រូបង្វឹកបាល់ទាត់ ២លានរៀល ក្នុងមួយខែ បន្ថែមលើប្រាក់ខែរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំយុវជន និងកីឡា។

ឯកឧត្តមប្រធានសហព័ន្ធបន្តលើកឡើងថា ការផ្តល់ប្រាក់ខែនេះផ្អែកទៅលើសមត្ថភាព គុណភាព និងការងាររបស់គ្រូនីមួយៗ។ ហើយការបើកប្រាក់ខែទៀតសោតធ្វើឡើងតាមប្រព័ន្ធធនាគារ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានគ្រូបង្វឹកចំនួន១០០នាក់ទូទាំងប្រទេស ដែលក្នុងមួយខេត្តមានគ្រូ៤នាក់ទទួលខុសត្រូវបណ្តុះបណ្តាលកីឡាករចំនួនពីរក្រុមដែលមាន២៥នាក់ក្នុងមួយក្រុម។

ជាមួយគ្នានេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបន្ទុកឧបត្ថម្ភប្រាក់បៀរវត្សប្រចាំខែ សម្ភារៈហ្វឹកហាត់ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់គ្រូទាំង១០០នាក់ជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង