Breaking News៖ កូនប្រុស​ទី​២ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត បួស​ជា​ព្រះសង្ឃ​

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ានិត ជា​កូនប្រុស​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​ទាំង ៣ ដែលជាកូនរបស់​សម្តេច​តេ​ជោ នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បួស ជា​ព្រះសង្ឃ​។ លោក ហ៊ុន ម៉ានិត បាន​បួស​ជា​ព្រះសង្ឃ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​គង់នៅ​វត្ត​មុនី​ប្រសិទ្ធិ​វង្ស តាមផ្លូវ​ចូល​ភ្នំ​ឧដុង្គ ដែលមាន​សម្តេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា ជា​ព្រះចៅអធិការ​វត្ត​។​ យ៉ាងណា​ក៏​ដោយ គេ​មិន​ដឹង​ថា តើលោក ហ៊ុន ម៉ានិត បួសប៉ុន្មានថ្ងៃ ហើយ​នឹង​សឹក លាចាកសិក្ខាបទ​​វិញ នៅ​ពេល​ណា​នោះទេ។​

កើត​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៨១ លោក ហ៊ុន ម៉ានិត ជាកូនប្រសាររបស់លោកនាយឧត្តមសេនីយ៍ ហុកឡង់ឌី។ គិត​ត្រឹមខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានិត មានកូន ៥នាក់ និងមានតំណែងជាច្រើន ក្នុងនោះ លោកជាឧត្តមសេនីយ៍ឯក ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ចាម និង​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួង​ការពារជាតិ ជាដើម។

​ដំណឹង​នៃ​ការ​សាង​ផ្នួស​របស់លោក ហ៊ុន ម៉ានិត នាពេលនេះ កើតឡើង​ចំពេល​ដែល​សៀវភៅ “​បងប្អូន​ប្រុស​ទាំង​៣-​ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​” ត្រូវបាន​លោក ឆាយ សុផល អ្នកកាសែត​ជើងចាស់ តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​សៀវភៅ ចាប់ពី​ថ្ងៃទី​០៧-០៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​បណ្ណាល័យ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ សៀវភៅ​នេះ បានបង្ហាញ​ពី​ប្រ​វត្តិ​ពិត ពី​អារម្មណ៍ និង​ទស្សនៈ​មួយចំនួន​របស់​បងប្អូន​ប្រុស​ទាំង​៣ ដែលជា​កូនប្រុស​សម្តេចនាយករ​ដ្ឋ​មន្ត្រី គឺ​លោក​ហ៊ុន​ម៉ា​ណែ​ត លោក​ហ៊ុន​ម៉ានិត និង​លោក​ហ៊ុន​ម៉ា​នី ស្តីពី បញ្ហា​សង្គម និង​ជាតិ​មាតុភូមិ ក្នុងនាម​ខ្លួន​ជា​កូនប្រុស​របស់​ឥស្សរជន​ដឹកនាំ​កំពូល​របស់​ប្រទេស​។​

​សៀវភៅ​ថ្មី​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ការគិត និង​ការវិភាគ​របស់​បងប្អូន​ប្រុស​ទាំង​៣ ជុំវិញ​ស្ថានភាព​ក្នុងប្រទេស ក៏ដូចជា​ក្នុង​តំបន់ និង​សកលលោក ដែល​ខ្លួន​បានចាប់ផ្តើម​អាជីព​នយោបាយ ដែលជា​ផ្លូវ​ដើរ​របស់​ឪពុក គឺ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ពិសេស​ជាងនេះទៅទៀត បងប្អូន​ប្រុស​ទាំង​៣ ក៏បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន ដោយ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកនិពន្ធ លោក​ឆាយ​សុផល ថា​តើ​បងប្អូន​ប្រុស​ទាំង​៣ ចង់​ស្នង​តំណែង​របស់​ពុក ជា​នាយករដ្ឋមន្ត្រី ដែរ ឬទេ​?

​ក្រៅពីនោះ សៀវភៅ “​បងប្អូន​ប្រុស​ទាំង​៣-​ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​” ក៏បាន​បង្ហាញ​លម្អិត​ពី​ក្រុមគ្រួសារ​របស់​បងប្អូន​ប្រុស​ទាំង​៣ ដែលជា​កូនប្រុស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត លោក​ហ៊ុន​ម៉ានិត និង​លោក​ហ៊ុន​ម៉ា​នី​។​

​លោក​ឆាយ​សុផល បានបង្ហាញ​មួយ​ជំពូក​ម្តងៗ ពី​បងប្អូន​ប្រុស​ទាំង​៣ ម្នាក់​ម្តងៗ អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន ចំណង់​ចំណូលចិត្ត អំពី​គ្រួសារ ការសិក្សា អារម្មណ៍​នៅពេល​គេ​ប្រមាថ​ពុក​ម៉ែ បណ្តាំ​ពុក​ម៉ែ និង​តំណែង​នាយករដ្ឋមន្ត្រី កិច្ចការ​សង្គម កិច្ចការ​កម្លាំងប្រដាប់អាវុធ កិច្ចការ​នយោបាយ តំណែង​ទទួល​បានគិត​ត្រឹម​ឆ្នាំ​២០១៨ និង​ពានរង្វាន់​។

​តាម​សៀវភៅ ដែល​ទើប​បោះពុម្ពផ្សាយ​នេះ បងប្អូន​ប្រុស​ទាំង​៣ ឆ្លើយតប​នឹង​សំណួរ​របស់លោក ឆាយ សុផល ផ្សេងៗ​គ្នា ថា​តើ​ចង់​ស្នង​តំណែង​របស់​ពុក ជា​នាយករដ្ឋមន្ត្រី ដែរ ឬទេ​?

១-​លោក ហ៊ុន ម៉ា​ណែ​ត​៖
​លោក ហ៊ុន ម៉ា​ណែ​ត មិន​ឆ្លើយ​ដោយ​ត្រង់​នឹង​សំណួរ​របស់លោក​ឆាយ​សុផល ថា​តើ​លោក​ចង់​ស្នង​តំណែង​របស់​ឪពុក​លោក ជា​នាយករដ្ឋមន្ត្រី ដែរ ឬទេ​?​។ ប៉ុន្តែ​ត្រង់ចំណុច “​បណ្តាំ​ពុក​ម៉ែ និង​តំណែង​នាយករដ្ឋមន្ត្រី​” ចាប់ពី​ទំព័រ ៦២ លោក​ឆាយ​សុផល បានសរសេរថា លោក​ហ៊ុន​ម៉ា​ណែ​ត ដែលជា​កូនច្បង​ទី​១ របស់​សម្តេច​ហ៊ុនសែន មិនទាន់បាន​គិតពី​រឿងនេះ​ទេ ហើយ​ថា ប្រសិនបើ​ប្អូនប្រុស​ណា​ម្នាក់​របស់លោក ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី គឺជា​រឿង​របស់​ពួកគេ ព្រោះថា កម្ពុជា​ជា​ប្រទេស មាន​ប្រជាធិបតេយ្យ ដោយមាន​ការជ្រើសរើស​តាមរយៈ​ការបោះឆ្នោត ហើយ​បើ​នរណាម្នាក់ ជាប់​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​មិន​ជំទាស់​ដែរ​។​

២-​លោក ហ៊ុន ម៉ានិត​៖
​លោក ហ៊ុន ម៉ានិត បាន​ឆ្លើយតប​នឹង​សំណួរ​របស់លោក ឆាយ សុផល ដោយ​ញឹមៗ និង​សម្លឹង​មើលមុខ​លោក​ឆាយ​សុផល មួយសន្ទុះ ហើយ​ពោល​មួយៗ​ថា “…​សម្រាប់​ខ្ញុំ ខ្ញុំ​គ្មាន​បំណង​ធ្វើជា​នាយករដ្ឋមន្ត្រី​ទេ ចំណែក​បងប្អូន​ប្រុសៗ​របស់ខ្ញុំ នោះ​ជា​រឿង​របស់​ពួកគេ​ទេ​។ បង​ម៉ា​ណែ​ត និង​ប្អូន​ម៉ា​នី គឺជា​អ្នកនយោបាយ ពួកគេ​ក៏​អាចមាន​ម​ហិ​ច្ឆិ​តា​ដែរ​។​…”

៣-​លោក ហ៊ុន ម៉ា​នី​៖
​លោក ហ៊ុន ម៉ា​នី មិនបាន​ឆ្លើយតប​ដោយ​ចំ​នឹង​សំណួរ​របស់លោក​ឆាយ​សុផល ថា​តើ​លោក ហ៊ុន ម៉ា​នី ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​ទេ​? ក៏ប៉ុន្តែ​លោក​ហ៊ុន​ម៉ា​នី បានចាត់ទុក​ភារកិច្ច​របស់​នាយករ​ដ្ឋ​មន្ត្រី​ធំធេង​ណាស់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​ប្រទេសជាតិ​។ ក្នុងនោះ លោក​ហ៊ុន​ម៉ា​នី បាន​បញ្ជាក់ថា តំណែង​ជា​នាយករដ្ឋមន្ត្រី មិនមែនជា​របស់​គ្រួសារ​ត្រកូល​ហ៊ុន​នោះទេ តែ​ជា​របស់​បក្ស ជា​របស់​ប្រទេស ពិសេស​ការទុកចិត្ត​ពី​មហាជន មកលើ​បក្ស​តាមរយៈ​ការបោះឆ្នោត​។​

​យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ា​នី ក៏បាន​លើកឡើង​ពីបទ​ពិសោធន៍​របស់លោក ដែល​បាន​ធ្វើជា​ជំនួយការ​ឪពុក​របស់លោក ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​។ លោក​ជា​អ្នក​កាន់​ឯកសារ និង​រៀបចំ​ទុកដាក់​ជូន​គាត់ នៅពេល​សម្តេច ហ៊ុន សែន ចេញទៅ​ប្រជុំ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។​

​លោក ហ៊ុន ម៉ា​នី ក៏បាន​ប្រា​ប់លោក​ឆាយ​សុផល​ថា លោក​បាន​សិក្សា និង​ស្វែងយល់​ច្រើន​ពី​ឪពុក​របស់លោក ( សម្តេច ហ៊ុន សែន ) ចំពោះ​ការងារ​ទាំងពួង ដើម្បី​បាន​យល់​សាច់​ការ និង​ធ្វើ​ការងារ​ឲ្យ​បាន​រលូន មាន​ប្រសិទ្ធភាព​។ នេះ​ជា​ចំណុច​ពិសេស ដែល​លោក​ហ៊ុន​ម៉ា​នី បាន​រៀន​ពី​ឪពុក​លោក ហើយ​លោក​អះអាងថា លោក​អាច​ធ្វើបាន​។​

​លោក ហ៊ុន ម៉ា​នី បញ្ជាក់ថា “​ខ្ញុំ​បានទទួល​បទពិសោធន៍​ពី​ថ្នាក់ដឹកនាំ​មួយចំនួន​។ ហើយ​ខ្ញុំ​អាច​និយាយ​តាម​ត្រង់​បាន​ថា ខ្ញុំ​បានទទួល​ឥទ្ធិពល​នៃ​ភាពជា​អ្នកដឹកនាំ​ពី​ឪពុក​ខ្ញុំ​ច្រើន​។ មិនមែន​ក្នុងនាម​គាត់ ជា​ឪពុក​ទេ តែ​ក្នុងនាម​គាត់​ជា​អ្នកដឹកនាំ​មួយ​”។

.ជីវប្រវត្តិសង្ខេបរបស់លោក ហ៊ុន ម៉ានិត៖

កើត​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៨១ នៅ​ភ្នំពេញ លោក ហ៊ុន ម៉ានិត ជា​កូន​ទី​៣ ក្នុង​គ្រួសារ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​

​បន្ទាប់ពី​រៀន​ចប់​សាលាបឋមសិក្សា​កុមារី ( បច្ចុប្បន្ន សាលា​ចតុមុខ ) នៅ​ឆ្នាំ​១៩៩២ លោក ហ៊ុន ម៉ានិត មាន​អាយុ ១១​ឆ្នាំ ត្រូវបាន​ឪពុកម្តាយ បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​មធ្យមសិក្សា ក្នុងស្រុក Soissons ខេត្ត Campiegne ប្រទេស​បារាំង ជាមួយនឹង​ប្អូនប្រុស គឺ​លោក ហ៊ុន ម៉ា​នី​។​

​នៅ​អាយុ ១៦​ឆ្នាំ លោក ហ៊ុន ម៉ានិត បន្ត​រៀន​ថ្នាក់​វិទ្យាល័យ នៅ​ប្រទេស​បារាំង ជាមួយនឹង​ប្អូនប្រុស គឺ​លោក ហ៊ុន ម៉ា​នី មុននឹង​ចូលរៀន​សាលា Lycée De Saint-Cyr ដែលជា​សាលា​កងទ័ព​។​

​នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៩៨-២០០១ លោក ហ៊ុន ម៉ានិត បាន​ទៅ​រៀន​នៅ​វិទ្យាល័យ Portledge សហរដ្ឋអាមេរិក គឺ​រៀន​ជាមួយ​ប្អូនប្រុស គឺ​លោក ហ៊ុន ម៉ា​នី​។​

​នៅ​ឆ្នាំ​២០០២-២០០៦ លោក ហ៊ុន ម៉ានិត ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Hofstra ក្នុង​រដ្ឋ New York សហរដ្ឋអាមេរិក​។ ម៉ានិត និង​ម៉ា​នី រៀន​នៅ​សាលា​ជាមួយគ្នា តែ​មុខវិជ្ជា​ខុសគ្នា​។​

២០០៦-២០០៨ លោក ហ៊ុន ម៉ានិត ទទួលបាន​អនុ​ប​ញ្ជិ​ត​ផ្នែក​ធុរកិច្ច អន្តរជាតិ នៅ​សាកលវិទ្យាល័យ Deakin ប្រទេស​អូស្ត្រាលី​។ ម៉ានិត និង​ម៉ា​នី រៀន​នៅ​ប្រទេស​អូស្ត្រាលី​ដូចគ្នា គ្រាន់តែ​សាកលវិទ្យាល័យ និង​មុខវិជ្ជា​ផ្សេងគ្នា​។​

​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០០២ លោក ហ៊ុន ម៉ា​នី​ត បាន​រៀបការ​ជាមួយ​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ ជា​កូនស្រី​ទី​២​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។ មកដល់​ខែធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ានិត មានកូន ៥​នាក់ រួមមាន​៖ កូនប្រុស​ទី​១ ឈ្មោះ ហ៊ុន ឌី​តារា​រិ​ទ្ធ កូនប្រុស​ទី​២ ឈ្មោះ ហ៊ុន ឌី​អាយុវឌ្ឍនៈ កូនប្រុស​ទី​៣ ឈ្មោះ ហ៊ុន ឌី​បញ្ញា​វ័​ន្ត កូនប្រុស​ទី​៤ ឈ្មោះ ហ៊ុន ឌី​វីរៈ​ស័​ក្ត​កដា និង​កូនស្រី​ទី​៥ ឈ្មោះ ហ៊ុន ឌី​មុនី​រក្សា​។​

​លោក ហ៊ុន ម៉ានិត បានលើកឡើង​ក្នុង​សៀវភៅ “​បងប្អូន​ប្រុស​ទាំង​៣” ថា បំណងប្រាថ្នា​របស់លោក កាលពី​អាយុ ១៦ ឆ្នាំ នៅពេល​លោក​រៀន​នៅ​ប្រទេស​បារាំង គឺ​លោក​ចង់​បើក​ក្រុមហ៊ុន​ឯកជន ហើយ​ធ្វើ​ខាង​វិស័យ​កសិកម្ម​។ តែ​ត្រូវបាន​ឪពុក​របស់លោក​ជំទាស់​។ ក្រោយមក ក៏​លោក​មិនមាន​បំណង​ចូលធ្វើការ​រាជការ​នោះទេ គឺ​លោក​នៅតែ​ចង់​បើក​ក្រុមហ៊ុន​ឯកជន ដែល​ទាក់ទង​នឹង​មុខវិជ្ជា​របស់លោក​បាន​សិក្សា ហើយ​លោក​ជា​អ្នករៀន​ពូកែ​ខាង​គណិតវិទ្យា​។

​ប៉ុន្តែ​ក្រោយ​មរណភាព​របស់​ឪពុកក្មេក​លោក គឺ​លោក ហុក​ឡង់ឌី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ធ្វើ​ឲ្យ​លោក ហ៊ុន ម៉ានិត ចាប់ផ្តើម​ផ្លាស់ប្តូរ​ចិត្ត ចំពោះ​ការងារ​នៅក្នុង​ជីវិត​។ ពោលគឺ​លោក​ចូលធ្វើ​ទាហាន ដើម្បី​កុំ​ឲ្យ​គេ​មើលងាយ​គ្រួសារ​របស់លោក​ហុក​ឡង់ឌី​។​

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ានិត មាន​តំណែង រួមមាន​៖
១-​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨៖ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ចាម​
២-​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧៖ នាយក​សាលា​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​ជំនាញ​ចារកម្ម ដែលជា​សាលា​បណ្តុះបណ្តាល និង​ហ្វឹក​ហ្វឺ​នំ​នា​ញ​ចារកម្ម​ដំបូង​គេ នៅ​កម្ពុជា​
៣-​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧៖ ព្រះរាជក្រឹត្យ ដំឡើង​ឋានៈ លោក ហ៊ុន ម៉ានិត ជា​ឧ​ត្ត​ម​សេនីយ៍​ឯក ផ្កាយ ៣
៣-​ខែតុលា ឆ្នាំ​២០១៧៖ អគ្គលេខាធិការរង​ទី​១ នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​
៤-​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួងការពារជាតិ​
៥-​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧៖ អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា​
៦-​ខែមករា ឆ្នាំ​២០១៧៖ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​
៧-​ឆ្នាំ​២០១៦៖ ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា និង​ជា​ប្រថាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​
៨-​ខែកញ្ញា ឆ្នាំ​២០១៥៖ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​ឡើង​តំណែង​ជានា​យក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
៩-​ខែឧសភា ឆ្នាំ​២០១៥៖ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ និង​ជា​នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
១០-​ខែមិថុនា ឆ្នាំ​២០១៣៖ ឧ​ត្ត​ម​សេនីយ៍​ត្រី ជា​នាយករង នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។​
១១-​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១២៖ ត្រូវបានតែងតាំង​ជា​ផ្លូវការ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល ស៊ីម៉ាក​
១២-​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២៖ ជា​វរសេនីយ៍ឯក ជា​នាយករង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គបញ្ជាការដ្ឋាន​កង​យោពល​ខេមរភូមិន្ទ​
១៣-​ឆ្នាំ​២០១០៖ ទទួល​តំណែង​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង