កម្មវិធីថែទាំផ្លូវ ROAD CARE app​ គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនដំណាច់ឆ្នាំ២០១៨ខាងមុខនេះ

(ភ្នំពេញ)៖​ នៅថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីកនៅទីស្ដីការក្រសួង​ និងដឹកជញ្ជូន ឯកឧត្ដម យិត បុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី ការពិនិត្យបច្ចេកទេសលើ កម្មវិធីថែទាំផ្លូវ (ROAD CARE app) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ ព្រមទាំងមន្ត្រីជំនាញថា្នក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យបច្ចេកទេសលើកម្មវិធីថែទាំផ្លូវ (ROAD CARE app) ដោយមានការសួរដេញដោល និងចូលរូមផ្ដល់យោបល់យ៉ាងសកម្ម ដើម្បីឱ្យភាពត្រឹមត្រូវផ្នែកបច្ចេកទេសកាន់តែមានសុក្រិតភាព និងងាយស្រួលប្រើប្រាស់សម្រាប់សាធារណជន។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កម្មវិធីនេះនឹងជួយជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសជំរុញឱ្យមន្ត្រីទទួលបន្ទុកមានសកម្មភាពកាន់តែខ្លាំង ក្នុងការងារជួសជុលថែទាំផ្លូវ តាមរយៈការជូនដំណឹង ក៏ដូចជារាយការណ៍អំពីផ្លូវជង្ហុកសំបុកមាន់របស់ប្រជាពលរដ្ឋ សំដៅពន្លឿនការជួសជុលឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជៀសវាងការខូចរាលដាលកាន់តែធំ ដែលនាំឱ្យខាតបង់ថវិកាជាតិកាន់តែច្រើន។

សូមបញ្ជាក់ថា៖ កម្មវិធីនេះ នឹងត្រូវបានគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនដំណាច់ឆ្នាំ២០១៨ខាងមុខនេះ ស្របតាមការគ្រោងទុកក្នុងផែនការ១០០ថ្ងៃរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលបានអភិវឌ្ឍកម្មវិធីនេះឡើង ព្រមទាំងស្នើឱ្យថ្នាក់ដឹកនាំនាយកដ្ឋាន ប្រធានមន្ទីរ និងមន្ត្រីជំនាញទាំងអស់សហការយ៉ាងស្អិតរមួតជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងចូលរួមអនុវត្តកម្មវិធីនេះឱ្យទទួលបានប្រសិទ្ធផលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង