ឡានស៊ីទែនសាំងក្រុមហ៊ុនតេលា​ បើកបុកបុរសវ័យចំណាស់ពេញមួយទំហឹងស្លាប់​ នៅស្រុកត្រាំកក់

(តាកែវ)៖ នៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសទិសគ្នា)។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាមុន​ពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាគុបមូល C50 ពណ៌បៃតង គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ណៃ គឹមហាច ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនគរបាល នៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្លងថ្នល់ទៅទិសខាងត្បូងរួចក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកអាំងទែ (រថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6739 មានសណ្តោងស៊ីទែន ពាក់ស្លាកកលេខ ភ្នំពេញ 4A-4197 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកឯសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

អត្ថបទដែលជាប់ទាក់ទង