វិភាគៈ ចិនក្តៅស្លឹកត្រចៀកកាន់តែខ្លាំងចំពោះអាមេរិក ដែលចាប់ខ្លួនមន្ត្រីក្រុមហ៊ុន ហួវៃ

អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំង ចំពោះមេដឹកនាំរបស់សហរដ្ឋអាមេរិក និងកាណាដា ដែលបានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ។

លោកស្រី ម៉េង វ៉ាន់ចូវ ឫហៅឈ្មោះមួយទៀតថា លោកស្រី សាព្រីណា ម៉េង គឺជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកធំជាងគេរបស់ប្រទេសចិន គឺក្រុមហ៊ុន ហួវៃ (Huawei) ។

លោកស្រី វ៉ាន់ចូវ មិនត្រឹមតែជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ទេ លោកស្រី វ៉ាន់ចូវ ក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីបង្កើតរបស់សហស្ថាបនិករបស់ក្រុមហ៊ុននេះដែរ ។

ការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានធ្វើឡើងនៅប្រទេសកាណាដា ទៅតាមការទាមទាររបស់សហរដ្ឋអាមេរិក កាលពីពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ប៉ុន្តែប៉ូលីសកាណដា ទើបតែចេញសេចក្តីប្រកាសពីការចាប់ខ្លួននេះ ។

ក្រោយពីទទួលបានដំណឹងពីការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ លោកស្រី ហួ ជុនយីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានទាមទារអោយកាណាដា និងសហរដ្ឋអាមេរិក បង្ហាញភស្តុតាងអោយបានច្បាស់លាស់ទាក់ទិនបទល្មើសរបស់លោកស្រី វ៉ាន់ចូវ ។

ជាការឆ្លើយតប មន្ត្រីរបស់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក មិនបានបង្ហាញភស្តុតាង ឫហេតុផលអោយប្រាកដនោះទេ ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសចិន ។

លោក គ្រីស្តូវើ បាល់ឌីង (Christopher Balding) អ្នកជំនាញខាងកិច្ចការនយោបាយចិន បានអោយដឹងថា ការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ អាចពាក់ព័ន្ធនឹងករណីបំពាន់ទណ្ឌកម្មអាមេរិក ដែលបានដាក់លើកូរ៉េខាងជើង និងអ៊ីរ៉ង់ ។

គេនៅចាំបានថា កាលពីខែមេសា ឆ្នាំ២០១៨នេះ ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិក បានចុះផ្សាយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់សហរដ្ឋអាមេរិក ដែលកំពុងតាមដានពីសកម្មភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ។

ការតាមដានសកម្មភាពក្រុមហ៊ុន Huawei ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់អាមេរិក គឺត្រូវបានធ្វើឡើងដោយសង្ស័យក្រុមហ៊ុននេះ លក់ប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួនដោយសម្ងាត់ទៅអោយកូរ៉េខាងជើង និងអ៊ីរ៉ង់ ដោយបំពានលើទណ្ឌកម្មរបស់អាមេរិក ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ ទាំងប៉ូលីសកាណាដា និងប៉ូលីសអាមេរិកនៅមិនទាន់បង្ហាញពីមូលហេតុនៃការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ នេះទេ ហើយកាណាដា ក៏មិនទាន់ដោះលែងជនសង្ស័យម្នាក់នេះដែរ ។

ការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ នេះ គឺជាករណីបន្ថែមភាពតានតឹងមួយផ្សេងទៀតរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ខណៈសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ នៅមិនទាន់បានដោះស្រាយរួចផងនោះ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទុកពេលអោយក្រុមការងារចិន និងអាមេរិកត្រឹមតែ៩០ថ្ងៃ ដើម្បីស្វែងរកដំណោះស្រាយក្នុងការបន្ធូរបន្ថយភាពតានតឹងលើផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ដំណោះណោះស្រាយក្នុងការបន្ធូរបន្ថយកំដៅនៃសង្គ្រាមពាណិជ្ជកម្ម មិនទាន់រកច្រកចេញបានផង ករណីចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei បានចូលមកមួយទៀត បន្ថែមពីលើភាពតានតឹងដែលមានស្រាប់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង