អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​សហជីព ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​ពុំ​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ទេ​

(​ភ្នំពេញ​)៖ តាមរយៈ​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​សហជីព​កម្មករ រៀបចំ​ពិធី​ជួបជុំ អបអរសាទរ​ទិវា​សិទ្ធិមនុស្ស ថ្ងៃ​១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌឫស្សីកែវ ដោយ​ពុំ​មានការ​ដង្ហែ​ក្បួន​ឡើយ​។ ក៏ប៉ុន្តែ​តំណាង​អង្គការ​សមាគម និង​សហជីព​កម្មករ នៅតែ​ទទូច​ធ្វើការ​ជួបជុំ នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ដោយមាន​អ្នកចូលរួម​ប្រមាណ ១០០០ នាក់ រួច​ដង្ហែ​ក្បួន ទៅ​ទីលាន​ប្រជាធិបតេយ្យ​។​

​កំណត់ហេតុ​ប្រជុំ ពិភាក្សា ស្តីពី ការ​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ឆ្នាំ​២០១៨ របស់​តំណាង​សមាគម បណ្តាញ សហព័ន្ធ​សហជីព និង​អង្គការក្រៅរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ បង្ហាញថា ក្រោយពី​ពិភាក្សាគ្នា​រួចមក អង្គប្រជុំ បានសម្រេច អនុញ្ញាត​ឲ្យ​សមាគម បណ្តាញ សហព័ន្ធ​សហជីព និង​អង្គការក្រៅរដ្ឋាភិបាល ធ្វើការ​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក្រោម​ប្រធានបទ “​រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រជាធិបតេយ្យ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ០៧:០០ នាទី ដល់​ម៉ោង ១២:០០ នាទី នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិនមាន​ការជួបជុំ នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC និង​ដង្ហែ​ក្បួន​ឡើយ​។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា នឹង​ស្នើសុំ​គោលការណ៍​សម្រេច​ពី​ក្រសួងមហាផ្ទៃ ចំពោះ​ការទទូច​ចង់​ជួបជុំ ហែ​ក្បួន​របស់​ក្រុម​អង្គការ សមាគម និង​សហជីព​កម្មករ នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ មុននឹង​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ​៕ (SN-​ស្រ៊ុន ទិ​ត្យ​)​

អត្ថបទដែលជាប់ទាក់ទង