ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំ កម្ពុជាចុះកិច្ចព្រមព្រៀងចំនួន៦​​​ ជាមួយប្រទេសវៀតណាម

(ហាណូយ-វៀតណាម)៖ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក បានអញ្ជើញប្រជុំពិភាក្សាចង្អៀតមួយទល់មួយ​ និងកិច្ចប្រជុំកំពូលទ្វេភាគី ចំណាយពេលជាង២ម៉ោង ដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។

នៅក្នុងនោះ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ដូចខាងក្រោម៖

១) អនុស្សរណៈ​ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំពីឆ្នាំ២០១៨-២០២៥។

២) វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨)

៣)វិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩)

៤)កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀតណាម

៥)កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក

៦)កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។

នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រធានសមាគមកម្ពុជា-វៀតណាម នៅសណ្ឋាគារមាលា ទីក្រុងហាណូយ។

សមាគមកម្ពុជាវៀតណាម គឺមានសមាជិកភាគច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជាឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀតណាម ដែលធ្លាប់បានចូលរួមចំណែកជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សមាគមនេះ ក៏មានសមាជិកដែលធ្លាប់ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ជំនួបថ្ងៃនេះគឺក្នុងគោលដៅបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សមាគមក៏ធ្លាប់បានជួបជាមួយ សម្តេចតេជោ កាលពីមុនរួចមកហើយ។ នៅពេលនេះគឺ សម្តេចតេជោ បានបើកឱ្យសមាជិកនៃសមាគមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។

សមាគម នេះបានដើរតួនាទីយ៉ាងច្រើន ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។

សម្តេចតេជោ ក៏ជម្រាបជូន ប្រតិភូសមាគម កម្ពុជា វៀតណាម ពីការរីកចម្រើន របស់សមាគម និងបានសុំឱ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រទេសវៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ កាលពីដើមខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋ ក្នុងទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក។

ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស ការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមកឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

ចំណែកនៅល្ងាច​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​ បន្ទាប់ពី​បាន​អញ្ជើញ​មកដល់​ប្រទេស​វៀតណាម​ភ្លាម សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា ដែល​ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មានការ​អញ្ជើញ​ចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុក និង​ពាណិជ្ជករ អ្នក​ធុរកិច្ច​វៀតណាម​ជាច្រើន រួមជាមួយ​នឹង​សភាពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម​ជាច្រើនរូប​ផងដែរ​។ ចំពោះមុខ​អ្នកវិនិយោគ​វៀតណាម និង​កម្ពុជា នៅក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា នៅ​ទីក្រុង​ហាណូយ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​អ្នកវិនិយោគ​វៀតណាម បន្ត​មក​វិនិយោគ​នៅ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សុន្ទរ​ថា​គន្លឹះ​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជានា​ពេលបច្ចុប្បន្ន ព្រមទាំង​កាលានុវត្តភាព និង​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា វៀតណាម និង​កម្ពុជា បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មកហើយ ដែល​ឆ្នាំ​២០១៨ នេះ​ជា​ខួប​លើក​ទី​៥១ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំងពីរ​ផងដែរ​។ ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​សរុបរ​វា​ង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន​ចំនួន​ប្រមាណ២,១៣ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ៣០ភាគរយ ធៀប​នឹង​ឆ្នាំ២០១៦ ។ ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀត​នៅមាន​ទំហំ​តូច​នៅឡើយ​។

ជាក់ស្តែង ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ប្រទេស​វៀតណាម​ក្នុង​ ឆ្នាំ២០១៧ មាន​ចំនួន៣៤២លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ការនាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម ក្នុង​ឆ្នាំ២០១៧ មាន​ចំនួន​ប្រមាណ១,៨ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​វៀតណាម រហូតដល់​ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន៧៥គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ២,៤ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​។​

​សម្តេច​តេជោបានបន្តថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​ក្នុង​អត្រា៧,៣ភាគរយ ហើយ​សម្រាប់​រយៈពេល​ម​ធ្យ​ម​ខាងមុខ កម្ពុជា​អាច​រក្សាបាន​អត្រាកំណើន​ប្រមាណ៧ភាគរយ ក្នុង​មួយឆ្នាំ​។ កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ បានធ្វើឱ្យ​កម្ពុជាសម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប នៅ​ឆ្នាំ​២០១៥ និង​ស្ថិតនៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន​នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ខាងលើ និង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤, រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ និង​កំពុង​អនុវត្ត «គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥» សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម ផ្អែកលើ​ជំនាញ​នៅ​រង្វង់​ឆ្នាំ​២០២៥​។

គោលនយោបាយ​នេះ​ជា «​យុទ្ធសាស្ត្រ​កំណើន​ថ្មី​» និង​បានកំណត់​ឧស្សាហកម្ម​ចំនួន ៥ ជា​អាទិភាព រួមមាន​៖
(១) ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មីៗ​ដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​
(២) សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​គ្រប់​វិស័យ​
(៣) ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក​
(៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែចង្វាក់​តម្លៃ​សកល​
(៥) ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

​បន្ថែម​ពីលើ​វិធានការ​មុត​ស្រួច និង​ជាក់ស្តែង ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នោះ សម្តេច​ក៏បាន​ជម្រាបជូន​ធុរជន និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្ដានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា ដូចតទៅ​៖
​ទី​១៖ ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។​
​ទី​២៖​ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា «​រោងចក្រ​នៃ​អាស៊ី​» ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច និង​ការតភ្ជាប់​ខ្ពស់​ជាងគេ​។​
​ទី​៣៖​ កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​ និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​ត្រឹម៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ៧២ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន ដែលមាន​ចំណូល​មធ្យម និង​ជាវ​ណ្ណៈ​កណ្តាល នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា​។​
​ទី​៤៖​ កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​នោះទេ​។​
​ទី​៥៖ ​ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់ផ្គង់​សម្រាប់តែ​ទីផ្សារ​នៅ​កម្ពុជា ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង១៥​លាន​នាក់​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ​ ដែលមាន​អតិថិជន​ប្រមាណ២៥០​លាន​នាក់​, ទីផ្សារ​អាស៊ាន​ដែលមាន​អតិថិជន​ប្រមាណ៦៣០​លាន​នាក់​ និង​ទីផ្សារ​នៅក្នុង​តំបន់ ​នៃកិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ដែលមាន​អតិថិជន​ប្រមាណ៣​ប៊ី​លាន​នាក់ ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក​។​
​ទី៦៖ កម្ពុជា និង​វៀតណាម​​​​ បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​ និង​ពន្ធ​លើ​ប្រាក់ចំណូល នៅ​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ។​

សម្តេច​តេ​ជោ នៅតែ​បន្ត​អំពាវនាវ​ដល់​អ្នកវិនិយោគ​វៀតណាម​ដែល​មិនទាន់​បានមក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា​។​

​សម្តេច​ក៏​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកបដោយ​ភាពអំណោយ​ផល ជាពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​៕​

អត្ថបទដែលជាប់ទាក់ទង