បុគ្គលិក​ក្រុមហ៊ុន BHIP Global Hong Kong ធ្វើបាតុកម្ម ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន

(​ភ្នំពេញ​)៖ ក្រុម​បុគ្គលិក​ជាច្រើន​នាក់ របស់​ក្រុមហ៊ុន BHIP Global Hong Kong បានធ្វើ​បាតុកម្ម​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រុមបាតុករ អះអាងថា ក្រុមហ៊ុន BHIP Global Hong Kong បាន​រំលោភបំពាន​សិទ្ធិ និង​ការធ្វើសកម្មភាព ផ្ទុយ​ពី​គោលការណ៍​ច្បាប់​កម្ពុជា មកលើ​បុគ្គលិក​។​

​ក្រុមបាតុករ បាន​ស្នើសុំ​សម្តេច​តេ​ជោ ដោះស្រាយ ៣​ចំណុច រួមមាន​៖
១-​ត្រូវការ​ថ្នាក់ដឹកនាំ​កំពូល និង​ស្ថាបនិក​ទីផ្សារ BHIP Cambodia បង ច​ន ប្រុស មក​ដឹកនាំ​ទីផ្សារ​ជា​ដៃគូ​ស្មើភាព​ជាមួយនឹង​ក្រុមហ៊ុន​
២-​ដក​អ្នកស្រី ខេ​ស៊ី ចេញពី​តួនាទី​គ្រប់គ្រង​ទីផ្សារ​កម្ពុជា​
៣-​ធ្វើការ​ដឹកនាំ​ទីផ្សារ​ស្មើភាព​ជាមួយ​សុវត្ថិភាព​មុខ​ជំនួញ​ទៅ​ថ្ងៃ​ខាងមុខ​រវាង​ក្រុមហ៊ុន BHIP និង​ក្រុម​អ្នក​ចែកចាយ​

​ក្រុមបាតុករ លើកឡើងថា កន្លងមក ក្រុម​បុគ្គលិក​តវ៉ា បាន​ជូន​ព័ត៌មាន​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប៉ុន្តែ​ខាង​ក្រសួង ហាក់​មិន​អើពើ ជួយ​រក​ដំណោះស្រាយ​ឡើយ​។ ក្រោយមក អភិបាលខណ្ឌ​មានជ័យ ក៏បាន​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​នៅតែ​មិនអាច​ផ្តល់​យុត្តិធម៌ និង​ដោះស្រាយ​វិវាទ​នេះ​បានឡើយ​។​

​ក្នុងពេល​ក្រុមបាតុករ ជួបជុំ​លើក​បដា និង​ដើរ​ហែ​ក្បួន​តវ៉ា នៅលើ​សួនច្បារ​មុខ​វត្ត​បទុម ជិត​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ក៏មាន​វត្តមាន​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ជួប​តំណាង​ក្រុមបាតុករ និង​ទទួល​ញត្តិ​តវ៉ា ដើម្បី​ដាក់ជូន​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ​តាម​ការស្នើសុំ​របស់​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​នេះ​៕ (SN-​ស្រ៊ុន​ទិ​ត្យ​)

អត្ថបទដែលជាប់ទាក់ទង