“​សៀវភៅ ក្រម​ង៉ុ​យ​” “​បណ្ឌិត អ៊ូ ចុង​” “​ស្រី​ហិ​តោ​បទេស ភាគ​១” និង “​ស្រី​ហិ​តោ​បទេស ភាគ​២” ចែកជូនមហាជនដោយឥតគិតថ្លៃ ក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា នៅបណ្ណាល័យជាតិ ពីថ្ងៃទី០៧-០៩ ធ្នូ

(​ភ្នំពេញ​)៖ សៀវភៅ ទាំង ៤ ចំណងជើង​នេះ កំពុង​ចែកជូន​ដល់​មហាជន ​ដោយ​ឥតគិតថ្លៃ ក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា លើក​ទី​៧ ចាប់ពី​ថ្ងៃទី​០៧-០៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​បណ្ណាល័យ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ សៀវភៅ​ចែក​ដោយ​ឥតគិតថ្លៃ​នេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានប្រកាសថា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ទ្វេ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ និង​ជំរុញ​វិស័យ​អំ​ណាន​ឲ្យ​កាន់តែ​មាន​ភាព​ផុសផុល ព្រោះថា​ការអាន បង្កើត​នូវ​វិជ្ជា ដែលជា​ទ្រព្យ​មិនចេះ​បាត់បង់ និង​រីងស្ងួត​។ ដូច​សព្វមួយដង សម្តេច​ទាំង​ទ្វេ តែង​ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ ​មានចំណេះដឹង​កាន់តែ​ទូលំទូលាយ និង​ជ្រៅជ្រះ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។​

​គួរ​បញ្ជាក់ថា សៀវភៅ​ចំនួន​បួន​ប្រភេទ ដែល​ចែកជូន​មហាជន​ដោយ​ឥតគិតថ្លៃ​នេះ រួមមាន​៖ សៀវភៅ​ក្រម​ង៉ុ​យ សៀវភៅ​បណ្ឌិត​អ៊ូ​ចុង និង​សៀវភៅ​ស្រី​ហិ​តោ​បទេស​ភាគ​១ ភាគ​២។ សៀវភៅទាំង៤ប្រភេទនេះ ​សុទ្ធតែជា​សៀវភៅ​បែប​អប់រំ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ទូន្មាន ប្រៀនប្រដៅ ជំនួយ​ដល់​ការអប់រំ​ផ្នែក​សីលធម៌ និង​ផ្តុំ​ដោយ​ទស្សនៈ​ល្អៗ។

​ពិព័រណ៍​សៀវភៅ​កម្ពុជា គឺជា​កម្មវិធី​ថ្នាក់ជាតិ ដែល​ប្រព្រឹត្ត​ឡើងជា​រៀងរាល់ឆ្នាំ ក្រោម​ការរៀបចំ​ឡើង​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ចូលរួម​សហការ​រៀបចំ​ដោយ​បណ្ណាល័យ​ជាតិ​កម្ពុជា អង្គការ​ស៊ី​ប៉ា អង្គការ​រូ​មធូ​រីដ អង្គការ SVA វិទ្យាស្ថាន​ភាសា​បារាំង សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ អង្គការ​យូណេស្កូ សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ អង្គការ Save the Children និង​សាលា ប៊ែ​ល​ធី​អន្តរជាតិ ជាដើម​។​

​ស្តង់​សៀវភៅ​ជាច្រើន ត្រូវបាន​ដាក់តាំង​បង្ហាញ និង​លក់​សៀវភៅ ដែលជា​ស្នាដៃ​របស់​អ្នកនិពន្ធ​ជាច្រើន ក្នុងនោះ ក៏មាន​អ្នកកាសែត​ជើងចាស់ ដូចជា លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ តាន់ លោក ពុ​យ គា និង​លោក​ឆាយ​សុផល ជាដើម បាន​តាំង​បង្ហាញ​សៀវភៅ ដែលជា​ស្នាដៃ​ក្នុង​អាជីព​អ្នកកាសែត ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង