ព្រះរាជអាជ្ញារង ទទួលបន្ទុកកិច្ចការក្នុងពន្ធនាគារ ចេញលិខិតឲ្យមេគុក ស្រង់ទិន្នន័យពាក់ព័ន្ធជនជាប់ឃុំ

(ភ្នំពេញ)៖ បន្ទាប់ពីទទួលការតែងតាំងជាផ្លូវការឲ្យទទួលបន្ទុកកិច្ចការងារក្នុងពន្ធនាគារ លោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ចេញលិខិតឲ្យប្រធានគុក ទូទាំងរាជធានីភ្នំពេញ ស្រង់ទិន្នន័យបន្ទាន់ពាក់ព័ន្ធនឹងជនជាប់ឃុំ ដែលត្រូវបានឃុំខ្លួនហួសកាលកំណត់ រយៈពេលពី៣ខែ រហូតដល់១២ខែ។

ក្នុងលិខិតចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់លោកព្រះរាជអាជ្ញារង សាយ ណូរ៉ា បានស្នើឲ្យប្រធានពន្ធនាគារ ព្រៃស (ម១) (ម២) និងពន្ធនាគារ PJ ក្នុងរាជធានីភ្នំពេញស្រង់ទិន្នន័យបន្ទាន់ពាក់ព័ន្ធនឹងជនត្រូវចោទ និងជនជាប់ចោទ ដែលត្រូវឃុំខ្លួនហួសថិរវេលាពី ៣ខែ ៦ខែ និង១២ខែ, ស្រង់ទិន្នន័យបន្ទាន់ពាក់ព័ន្ធនឹងពិរុទ្ធជន និងទណ្ឌិត ដែលមានតែសម្រង់សាលក្រម, ស្រង់ទិន្នន័យបន្ទាន់ពាក់ព័ន្ធ នឹងពិរុទ្ធជន និងទណ្ឌិត ដែលមានសាលក្រម ឬសាលដីកា មិនទាន់ចូលជាស្ថាពរ និងស្រង់ទិន្នន័យបន្ទាន់ពាក់ព័ន្ធនឹងជនជាប់ឃុំ ៤ប្រភេទ ដែលគ្មានឯកសារបញ្ជាក់ច្បាស់លាស់។

ការចេញលិខិតស្នើខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើអធិការកិច្ច នៅតាមមណ្ឌលអប់រំកែប្រែ (ម១) (ម២) និងពន្ធនាគាររាជធានីភ្នំពេញ (PJ)រួចរាល់ នាពេលថ្មីៗកន្លងមកនេះ។

យោងតាមលិខិតស្នើនេះ គឺធ្វើឡើងដើម្បីអនុវត្តឲ្យបានសម្រេចដាច់ខាតតាមផែនការរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ព្រមទាំងលុបបំបាត់ឲ្យបានទាំងស្រុងនូវការឃុំខ្លួនហួសថិរវេលា, លុបឲ្យបានទាំងស្រុងនូវការចេញសម្រង់សាលក្រម ដែលក្រមនីតិវិធីព្រហ្មទណ្ឌបានចូលជាធរមាន និងប្រកាសឲ្យប្រើតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។

ក្រោយការប្រកាសសាលក្រមរួច ច្បាប់បានកំណត់ថា ត្រូវចេញសាលក្រមក្នុងរយៈពេលយ៉ាងយូរ៨ថ្ងៃ ឲ្យមកពន្ធនាគារដើម្បីអនុវត្តជាប្រយោជន៍ទូទៅដល់ទណ្ឌិតក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស តាមច្បាប់ស្តីពីពន្ធនាគារ និងដើម្បីដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជារក្សាបាននូវសន្តិសុខ សុវត្ថិភាព សុខុមាលភាព ជនជាប់ឃុំ ជាពិសេស ដើម្បីអនុវត្តស្របតាមបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ព្រមទាំងបញ្ជៀសឲ្យបានទាំងស្រុង នូវភាពចង្អៀតណែនក្នុងពន្ធនាគាររបស់ជនជាប់ឃុំទាំង៤ប្រភេទស្ទើរគ្រប់ពន្ធនាគារទូទាំងប្រទេស៕ (SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង