រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសអភិបាលរងខេត្តថ្មី២រូប និងនាយករដ្ឋបាលសាលាខេត្តតាកែវ១រូប

(តាកែវ)៖ ឯកឧត្ដម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ រួមជាមួយ ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសជាផ្លូវការនូវ អភិបាលរងខេត្តតាកែវថ្មី២រូប ដាក់ជំនួសអភិបាលរងខេត្ត០៣រូប ដែលត្រូវបានចូលនិវត្តន៍ ក្នុងនោះលោក ម៉ឹង វុធី អតីតនាយករដ្ឋបាលខេត្ត តែងតាំងជាអភិបាលរងខេត្តតាកែវថ្មី និងលោក មូល វិចិត្រ អតីតអភិបាលក្រុងដូនកែវ តែងតាំងជាអភិបាលរងខេត្តតាកែវថ្មី ដោយយោងតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្រ្តីរាជការ លេខ១០០៣ អនក្រ.តត ចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ និងលោក មាស អ៊ុយ អភិបាលស្រុកកោះអណ្ដែត តែងតាំងជានាយករដ្ឋបាលសាលាខេត្តថ្មី។

លោក ម៉ឹង វុធី អភិបាលរង​ខេត្ត​ទើប​ចូល​កាន់​តំណែង ចាប់អារម្មណ៍ និង​ប្តេជ្ញា​ចិត្ត​ថា ទី​១- គោរព ការពារ​ដាច់ខាត​នូវ​បាវចនា​ជាតិ​សាសនា ព្រះមហាក្សត្រ​អស់​មួយ​ជីវិត ទី​២- គោរព ការពារ​ដាច់ខាត​រដ្ឋធម្មនុញ្ញ

នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​៣- គោរព និង​ដើរ​តាម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ជា​ប្រមុខ ទី​៤- ខិតខំ​បំពេញភារៈកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ស្រប​តាម​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។

ឯកឧត្ដម លេង វី លោករដ្ឋលេខាធិការ ក្នុងនាមលោកក្រឡាហោម ក៏បានថ្លែង នូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្ត និងលោក អភិបាលស្រុក ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការ អភិវឌ្ឍន៍ខេត្ត ស្រុកឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការទប់ស្កាត់ បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ 

សូមបញ្ជាក់ដែរថា រចនាសម្ព័ន្ធមួយចំនួនក្នុងជួររដ្ឋបាលខេត្ត ក្រុងស្រុក ត្រូវបានធ្វើការផ្លាស់ប្ដូរ ក្នុងនោះ មានលោកលោក ម៉ឹង វុធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ អតីតនាយករដ្ឋបាលសាលាខេត្តតាកែវ តែងតាំងជា អភិបាលរងខេត្តតាកែវ មានលោក មូល វិចិត្រ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ អតីតអភិបាលក្រុងដូនកែវ តែងតាំងជាអភិបាលរងខេត្តតាកែវ, លោក មាស អ៊ុយ អតីតអភិបាលស្រុកកោះអណ្ដែត តែងតាំងជានាយករដ្ឋបាលសាលាខេត្ត ជំនួសលោក ម៉ឹង វុទ្ធី ដែលត្រូវទទួភារកិច្ចថ្មី នងលោក កង អាណាន់ អភិបាលរងក្រុងដូនកែវ តែងតាំងជា អភិបាលក្រុងដូនកែវ ជំនួសលោក មូល វិចិត្រ ដែលត្រូវទទួភារកិច្ចថ្មី និងលោក គិន ភក្ដី អភិបាលរងក្រុងដូនកែវ តែងតាំងជា អភិបាលស្រុកកោះអណ្ដែត ជំនួសលោក មាស អ៊ុយ ដែលត្រូវទទួភារកិច្ចថ្មី៕ (SN-ស្នា)

 

 

អត្ថបទដែលជាប់ទាក់ទង